បក្ស​ប្រឆាំង​​ព្រមាន​​ធ្វើ​​មហាបាតុកម្ម​អហិង្សា​បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា

ដោយ យាង សុជាមេត្តា និង​អ៊ុង សេរីវុទ្ធ
2016.05.27
ទីស្នាក់ការ សង្គ្រោះជាតិ  ៨៥៥ ទិដ្ឋភាព​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

គណបក្ស​សង្គ្រោះជាតិ​សម្រេច​នៅ​ថ្ងៃ​ទី​២៧ ឧសភា ថា ខ្លួន​នឹង​ប្រើប្រាស់​សិទ្ធិ​ធ្វើ​មហា​បាតុកម្ម​អហិង្សា ក្នុង​ករណី​មាន​ការ​ចាប់​ខ្លួន​ប្រធាន​ស្ដីទី លោក កឹម សុខា។

ការ​សម្រេច​បែប​នេះ​របស់​បក្ស​ប្រឆាំង ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​បន្ទាន់​របស់​ខ្លួន​នៅ​ព្រឹក​នេះ ក្រោយ​តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន លោក កឹម សុខា ដោយ​ចោទ​ប្រកាន់​ពី​បទល្មើស​ជាក់ស្ដែង នៃ​ការ​មិន​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ ក្នុង​នាម​ជា សាក្សី ក្នុង​រឿង​សញ្ចារកម្ម ពាក់ព័ន្ធ​នឹង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

សេចក្ដី​សម្រេចរបស់​គណ​បក្ស​នេះ​បន្ថែម​ទៀត​គឺ ឲ្យ​ថ្នាក់​ដឹកនាំ​បក្ស​របស់​ខ្លួន​នៅ​មូលដ្ឋាន​គ្រប់​រាជធានី​-ខេត្ត ដង្ហែ​ញត្តិ​មក​រាជធានី​ភ្នំពេញ ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ ឲ្យ​តំណាងរាស្ត្រ​របស់​ខ្លួន​ផ្អាក​ចូល​បំពេញ​ការងារ​នៅ​រដ្ឋសភា​មួយ​រយៈ និង​បន្ត​ប្រើប្រាស់​វប្បធម៌​សន្ទនា ដើម្បី​ស្ដារ​ស្ថានភាព​នយោបាយ​មក​វិញ និង​ធានា​ឲ្យ​ការ​បោះឆ្នោត​ខាង​២០១៧ ២០១៨ ប្រព្រឹត្ត​ទៅ​ដោយ សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

កាល​យប់​ថ្ងៃ​ទី​២៦ ឧសភា អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ និង​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌ ស្វែងរក​ចាប់​ខ្លួន​លោក កឹម សុខា មក​ចំពោះ​មុខ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស៊ើប​អង្កេត​បទល្មើស​ជាក់ស្ដែង ស្រប​តាម​ខ្លឹមសារ​មាត្រា​៨៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​ចែង​អំពី​និយមន័យ​បទឧក្រិដ្ឋ ឬ​មជ្ឈិម​ជាក់ស្ដែង។

កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ប្រមាណ​២០នាក់ បាន​សម្រុក​ចូល​ទីស្នាក់ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ ដោយ​​មិន​​បញ្ជាក់​ពី​មូលហេតុ​អ្វី​ឡើយ ប៉ុន្តែ​ភ្លាមៗ​ក្រុម​សមត្ថកិច្ច​ប្រដាប់​អាវុធ​នេះ បាន​ត្រឡប់​ចេញ​វិញ ក្រោយ​មាន​ការ​សួរ​នាំ​រក​ដីកា​ចូល​ផ្ទះ​របស់​ពលរដ្ឋ។ មុន​ហេតុការណ៍​នោះ រថយន្ត​របស់​លោក កឹម សុខា ដែល​ប្រពន្ធ​របស់​លោក​កំពុង​ធ្វើ​​ដំណើរពី​គណបក្ស​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​មួយ​ក្រុម​ស្ទាក់​​ឃាត់​តាម​ផ្លូវ​នរោត្តម ក្បែរ​សាលា​ពញាហុក តែ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ ក្រោយ​ពិនិត្យ​មើល​ក្នុង​រថយន្ត​មិន​ឃើញ​លោក កឹម សុខា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម​របស់​លោក យាង សុជាមេត្តា ដែល​តាម​ដាន​ព្រឹត្តិការណ៍​នេះ ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។