បក្ស​សង្គ្រោះជាតិ​សម្រេច​ទិញ​ដី​ដំឡើង​អង់តែន​និង​សង់​ស្ថានីយ​ទូរទស្សន៍

គណបក្ស​សង្គ្រោះជាតិ​សម្រេច​ជា​ផ្លូវការ ទិញ​ដី​ដំឡើង​អង់តែន និង​សង់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី ដើម្បី​ដំណើរការ​ទូរទស្សន៍​ព្រះអាទិត្យ​របស់​ខ្លួន។

ការ​សម្រេច​ទិញ​ដី​ដំឡើង​អង់តែន​សង់​ស្ថានីយ​ទូរទស្សន៍​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​ផែនការ​សកម្មភាព​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស នៅ​នៅ​ថ្ងៃ​ទី​១៤ កញ្ញា។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញឫទ្ធិ ឲ្យ​ដឹង​ថា ទីតាំង​សម្រាប់​សាងសង់​ស្ថានីយ​នឹង​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា​នេះ ដោយ​ត្រូវ​ការ​ទំហំ​ដី​២០ គុណ​៥០​ម៉ែត្រ​។

ចំណែក​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​ការ​ចំណាយ​ដើម្បី​ទិញ​ដី ចន្លោះ​ពី​១២​ទៅ​៣០​ម៉ឺន​ដុល្លារ អង់តែន​ចន្លោះ​ពី​១០​ម៉ឺន​ទៅ​១៦​ម៉ឺន​ដុល្លារ និង​អាគារ​ប្រមាណ​១០​ម៉ឺន​ដុល្លារ។

គិត​មក​ត្រឹម​ថ្ងៃ​ទី​១៤ កញ្ញា ទឹកប្រាក់​វិភាកទាន​ចូលរួម​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ របស់​គណបក្ស​សង្គ្រោះជាតិ ពី​មជ្ឈដ្ឋាន​ទូទៅ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មាន​ប្រមាណ​៧០​ម៉ឺន​ដុល្លារ។

យ៉ាងណាក៏ដោយ លោក យ៉ែម ប៉ុញ្ញឫទ្ធិ បញ្ជាក់​ថា គម្រោង​ផ្សាយ​ជា​ផ្លូវការ​អាច​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​២០១៦​យ៉ាង​យូរ ដោយ​ចាប់​ផ្ដើម​ផ្សាយ​គ្របដណ្ដប់​រាជធានី​ភ្នំពេញ និង​ខេត្ត​ជាប់​នេះ ហើយ​ជា​បណ្ដើរៗ​នឹង​រៀបចំ​ផ្សាយ​ទៅ​គ្រប់​ខេត្ត​ក្រុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។