ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ គឺជាខួបគម្រប់ ១៩ឆ្នាំនៃព្រឹត្តិការណ៍វាយប្រហារគប់គ្រាប់បែកដៃទៅលើហ្វូង បាតុករ ដឹកនាំដោយ លោក សម រង្ស៊ី នៅមុខមន្ទីររដ្ឋសភាចាស់ក្បែរព្រះបរមរាជវាំង។ នៅព្រឹកថ្ងៃនេះដែរ គណបក្សប្រឆាំង រៀបចំជួបជុំធ្វើពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៅទីនោះ។
ក្នុងកម្មវិធីបង្សុកូលនៅឆ្នាំនេះ ក្រោយវត្តមានលោក សម រង្ស៊ី តាមរយៈវីដេអូខនហ្វើរ៉ែន (Video Conference) រួមនឹងអ្នកចូលរួមប្រមាណ១០០នាក់។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មានជនមិនស្គាល់មុខមួយក្រុម បានវាយប្រហារដោយគ្រាប់បែកដៃចំនួន ៤គ្រាប់ទៅលើហ្វូងបាតុករ ដែលដឹកនាំដោយ លោក សម រង្ស៊ី ដើម្បីទាមទាររកយុត្តិធម៌សង្គម ទាមទារលក្ខខណ្ឌការងាររបស់ក្រុមកម្មករ និងកែទម្រង់ប្រព័ន្ធតុលាការ នៅពីមុខអតីតអគាររដ្ឋសភា។
មនុស្សយ៉ាងតិចប្រមាណ ១៦នាក់បានស្លាប់ និងជាង ១៥០នាក់ផ្សេងទៀតបានរងរបួសដោយសារការវាយប្រហារដោយគ្រាប់បែកដៃ នាពេលនោះ ប៉ុន្តែរហូតមកទល់ពេលនេះ ជនប្រព្រឹត្តិមិនត្រូវបានរដ្ឋាភិបាលចាប់ខ្លួនមកផ្ដន្ទាទោសឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
