ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃចន្ទទី១៧ វិច្ឆិកានេះ គ្រោងជួបពិភាក្សាគ្នាចុងក្រោយលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទកាលពីយប់មិញថា ប្រសិនបើការជជែកពិភាក្សាលើកនេះនៅតែមិនអាចព្រមព្រៀងគ្នាបានលើចំណុចខ្វែងគំនិតគ្នានោះ ក្រុមការងារគណបក្សទាំងពីរនឹងធ្វើកំណត់ហេតុ ដាក់ជូនឲ្យថ្នាក់ដឹកនាំគណបក្សសំរេចចុងក្រោយ៖ «ស្អែកហ្នឹងយើងជួបបន្តនៅចំណុចដែលយើងមិនទាន់ឯកភាពគ្នា ដែលសល់១០ % ទៀត។ បើយើងជួបគ្នាទៅ រកចំណុចរួមមិនទាន់ឃើញ យើងធ្វើកំណត់ហេតុទៅ ដាក់ជូនថ្នាក់ដឹកនាំគណបក្សទាំងពីរជាអ្នកសំរេច។ ហើយយើងជួបជជែកបន្តទៀតទាក់ទងនឹងច្បាប់បោះឆ្នោត វិសោធនកម្មច្បាប់បោះឆ្នោតតំណាងរាស្ត្រ នៅសល់ច្បាប់មួយទៀត។ យើងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរួចហើយ ហើយរដ្ឋធម្មនុញ្ញចូលជាធរមានហើយ អ៊ីចឹង យើងត្រូវធ្វើច្បាប់ពីរ ទីមួយច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ . ជ . ប ហើយក្រុមការងាររបស់យើងត្រូវជជែកពីវិសោធនកម្មច្បាប់បោះឆ្នោត»។
សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមាន៧ជំពួក និង៦៦មាត្រា។ កាលពីជំនួបថ្ងៃទី ១០ខែវិច្ឆិកា ក្រុមការងារគណបក្សទាំងពីរ បានជជែកគ្នាដល់មាត្រា៥០ នៅសល់ចំនួន១៦មាត្រាទៀតដែលនៅមិនទាន់ត្រូវរ៉ូវគ្នា។ ប៉ុន្តែភាគីទាំងពីរ មិនបានបង្ហើបឲ្យដឹងអំពីចំណុចដែលខ្វែងគំនិតគ្នានោះទេ។
បញ្ហានេះ ក្រុមអង្គការសង្គមស៊ីវិល ដែលតាមដានការបោះឆ្នោតនៅកម្ពុជា ស្នើសុំឲ្យបើកចំហរក្នុងការជជែកគ្នានេះ និងទទួលយកអនុសាសន៍របស់មន្ត្រីសង្គមស៊ីវិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
