គណបក្សប្រជាជនកម្ពុជា បានចេញលិខិតមួយឆ្លើយតបនឹងក្រុមអង្គការសង្គមស៊ីវិលថា គេមិនអាចដាក់ស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរជាតិសវនកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ អោយនៅដាច់ពីគណបក្សនយោបាយបានទេ ដោយចាត់ទុកថា ការរៀបចំបែបនេះជាការហាមឃាត់មន្ត្រីនៃស្ថាប័នទាំងនោះ មិនអោយធ្វើនយោបាយ។
ការឆ្លើយតបនេះ គឺបន្ទាប់ពីក្រុមការងារអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិប្រមាណ ១៦០ នាំមុខដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា កាលពីថ្ងៃទី១០ កញ្ញា បានដាក់អនុសាសន៍ចំនួន ១២ចំណុច ដើម្បីឲ្យគណបក្សទាំងពីរដែលមានអាសនៈក្នុងសភា ធានាឲ្យបាននូវប្រសិទ្ធភាពការអនុវត្តរបៀបវារៈអភិវឌ្ឍជាតិក្នុងអាណត្តិទី៥។
ក្រុមអង្គការមិនមែនរដ្ឋាភិបាល ពន្យល់តបទៅគណបក្សប្រជាជនកម្ពុជាវិញថា អនុសាសន៍ពួកគេលើកឡើង គឺចង់បានអោយស្ថាប័នរដ្ឋាភិបាលសំខាន់ៗទាំងនោះ ត្រូវនៅឯករាជ្យ មិនឋិតក្រោមឥទ្ធិពលគណបក្សនយោបាយនានា។
ក្នុងលិខិតឆ្លើយតបរបស់ក្រុមអង្គការសង្គមស៊ីវិល ចុះថ្ងៃទី១៨ ខែកញ្ញា ផ្ញើទៅគណបក្សប្រជាជនកម្ពុជា លើកឡើងថា ក្នុងសំណើរបស់ក្រុមនេះ គឺចង់អោយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរជាតិសវនកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នជាតិសំខាន់ គួរតែត្រូវបានដាក់ដោយឡែកពីឥទ្ធិពលគណបក្សនយោបាយនានា។
នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា ស៊ីស៊ីស៊ី (CCC) លោក សឿង សារឿន មានប្រសាសន៍នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ថា ក្នុងលិខិតឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជា នោះ ហាក់បានវាយតម្លៃខុសគ្នាពីអត្ថន័យដែលសង្គមស៊ីវិលលើកឡើង។ លោកបន្តថា សង្គមស៊ីវិលពុំមានបំណងលើកឡើងពីការរៀបចំ ដែលធ្វើអោយប៉ះពាល់សិទ្ធិនយោបាយរបស់ពលរដ្ឋណាម្នាក់ឡើយ៖ «សំឡេង»។
អនុសាសន៍ដែលក្រុមការងារអង្គការសង្គមស៊ីវិលផ្តល់ឲ្យគណបក្សនយោបាយ កាលពីថ្ងៃទី១០ កញ្ញា ក៏បានលើកឡើងពីប្រសិទ្ធភាពនៃកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រដ្ឋសភា ស្ថាប័នរដ្ឋាភិបាល តម្លាភាពក្នុងតួនាទី និងដំណើរការនៃស្ថាប័ននីតិប្បញ្ញត្តិ ការធានាការបែងចែកអំណាចសំខាន់ៗទាំង៣ គឺស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ពួកគេស្នើអោយលើកទឹកចិត្តការចូលរួមរបស់សង្គមស៊ីវិល និងពលរដ្ឋ ក្នុងដំណើរការអភិវឌ្ឍគោលនយោបាយជាតិ ការបង្កើតគោលនយោបាយប្រាក់ឈ្នួលអប្បបរមាសម្រាប់មន្ត្រី និងបុគ្គលិកសាធារណៈ ការធានាគុណភាព និងសេវាសាធារណៈ ការលើកកម្ពស់គណនេយ្យភាព និងអភិបាលកិច្ចល្អ ការការពារសិទ្ធិមនុស្ស និងការលើកកម្ពស់ការការពារបរិស្ថាន ជាដើម។
ភ្លាមៗនោះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឆ្លើយតបភ្លាមៗថា សមាជិកសភាគណបក្សនេះ នឹងព្យាយាមអនុវត្តអោយបានតាមការស្នើសុំ។ ចំណែកគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅក្រុមអង្គការមិនមែនរដ្ឋាភិបាលវិញ តាមរយៈលិខិតចុះថ្ងៃទី១៥ ខែកញ្ញា ក្នុងនោះបញ្ជាក់ថា ចំណុចជាច្រើនដែលស្នើឡើង គឺមាននៅក្នុងគោលនយោបាយរបស់គណបក្សនេះរួចហើយ។ រីឯចំណុចមួយចំនួនទៀត ដូចជា បញ្ហាទាក់ទងនឹងការបោះឆ្នោត ការដំឡើងបៀវត្សមន្ត្រីរាជការសាធារណៈ គណបក្សកំពុងយកចិត្តទុកដាក់ដោះស្រាយ។ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៀតថា ការដាក់ស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរជាតិសវនកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ អោយនៅដាច់ពីគណបក្សនយោបាយបានទេ ជាការហាមឃាត់មន្ត្រីនៃស្ថាប័នទាំងនោះមិនអោយធ្វើនយោបាយ ដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ស្ដីពីសិទ្ធិនយោបាយរបស់ពលរដ្ឋ។
យ៉ាងណា នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា ស៊ីស៊ីស៊ី លោក សឿង សារឿន លើកឡើងថា ការឆ្លើយតបនេះ គឺជាសញ្ញាល្អមួយក្នុងភាពជាដៃគូ៖ «សំឡេង»។
សង្គមស៊ីវិលសង្ឃឹមដែរថា ពួកគេនឹងអាចដើរតួនាទីសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់តម្លាភាព គណនេយ្យភាព ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
