ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្ស សម រង្ស៊ី បានបញ្ចប់កិច្ចប្រជុំដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភាថ្មីរួចហើយ នៅថ្ងៃពុធ ទី៦ ខែសីហា។ ប៉ុន្តែមន្ត្រីគណបក្សប្រជាជន មិនទាន់ព្រមព្រៀងទៅលើសំណើរបស់គណបក្ស សម រង្ស៊ី ដែលស្នើតួនាទីប្រធានគណៈកម្មការជំនាញចំនួន ៣ ក្នុងស្ថាប័ននេះនៅឡើយ។
ទោះយ៉ាងណា សម្រាប់មន្ត្រីសង្គមស៊ីវិលមួយចំនួនបានសាទរ និងចាត់ទុកការរុះរើក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភាពេលនេះ ថាបង្កើតឲ្យមានប្រជាធិបតេយ្យក្នុងស្ថាប័ននេះ។
លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំរវាងក្រុមការងាររបស់គណបក្សទាំងពីរថា កិច្ចប្រជុំបានឈានដល់ព្រមព្រៀងគ្នាបង្កើតគណៈកម្មការជំនាញបន្ថែម ១ទៀត នៅក្នុងស្ថាប័នព្រឹទ្ធសភា គឺគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ឬហៅថា គណៈកម្មការទី១០ ដូចគ្នានៅក្នុងរដ្ឋសភាដែរ។
លោកបន្តថា លទ្ធផលនៃកិច្ចប្រជុំគណបក្សប្រជាជន បានព្រមផ្ដល់ជូនគណបក្ស សម រង្ស៊ី មានតួនាទីជាប្រធានគណៈកម្មការចំនួន ២ ប៉ុន្តែគណបក្ស សម រង្ស៊ី បានស្នើតួនាទីប្រធានគណៈកម្មការជំនាញចំនួន ៣ អនុប្រធានទី២ ព្រឹទ្ធសភា និងអគ្គលេខាធិការរង ១រូប។
លោក គង់ គាំ ថ្លែងថា សំណើនេះក្រុមការងារគណបក្សប្រជាជន ស្នើពេលវេលាទៅពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ខ្លួន នឹងឆ្លើយតបពេលក្រោយ៖ «តំណាងគណបក្សប្រជាជនកម្ពុជា ព្រមឲ្យយើងជាប្រធានគណៈកម្មការទី១ មួយ ហើយទី១០ថ្មីហ្នឹងមួយ។ ផ្ទុយទៅវិញ យើងបានបន្ធូរបន្ថយថា ឥឡូវយើងមិនទទូចយកអនុប្រធានទី២ ព្រឹទ្ធសភាទេ តែទទូចរៀបចំប្រធានគណៈកម្មការចំនួន ៣ គឺទី១ គណៈកម្មការទី១ហ្នឹងមួយ គណៈកម្មការទី៩ និងគណៈកម្មការទី១០មួយ»។
កិច្ចប្រជុំរៀបចំសមាសភាពដឹកនាំព្រឹទ្ធសភាថ្មីរវាងក្រុមការងារគណបក្សទាំងពីរនៅព្រឹកថ្ងៃពុធ ទី៦ ខែសីហា នាវិមានព្រឹទ្ធសភាមានសមាជិកម្ខាងៗចំនួន ៣រូប។ ការរុះរើសមាសភាពដឹកនាំព្រឹទ្ធសភាពេលនេះធ្វើឡើង ស្របទៅតាមកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
ទាក់ទិនបញ្ហានេះ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក (Adhoc) សាទរការបង្កើតក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភាថ្មី ដោយបានដាក់បញ្ចូលសមាជិកគណបក្ស សម រង្ស៊ី មានតួនាទីប្រធានគណៈកម្មការជំនាញមួយចំនួន។
លោកថា ស្ថាប័នព្រឹទ្ធសភាកន្លងមក គឺសមាសភាពដឹកនាំមានតែគណបក្សប្រជាជនកម្ពុជា មួយទេ និងគ្មានប្រជាធិបតេយ្យក្នុងស្ថាប័នឡើយ៖ «ខ្ញុំជឿថា យ៉ាងហោចមានលក្ខណៈប្រសើរជាងមុនដែលព្រឹទ្ធសភាបានក្លាយទៅជាគណបក្សនយោបាយតែមួយ ជាកម្មសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ទៅហើយ។ អ៊ីចឹងពេលនេះ ក៏ជាការផ្លាស់ប្ដូរមួយដែរ ក៏ប៉ុន្តែត្រង់ថា តើឲ្យមានឥទ្ធិពលកម្រិតណាក្នុងការរុញច្រានឲ្យកម្ពុជា ក្លាយទៅជាប្រទេសដែលជាប្រទេសគោរពលទ្ធិប្រជាធិបតេយ្យនោះ ខ្ញុំជឿថា ប្រហែលជាមិនទាន់បានគោរពក្នុងកម្រិតខ្ពស់ទេ។ តែវាជាផ្នែកមួយក្នុងការចាប់ផ្ដើមបង្ហាញអំពីតម្លាភាពនៅក្នុងព្រឹទ្ធសភាចំណែកខ្លះដែរ»។
ស្រដៀងគ្នាដែរសម្រាប់លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូ (Licadho) ក៏បានគាំទ្រការរុះរើក្បាលម៉ាស៊ីនដឹកនាំស្ថាប័នព្រឹទ្ធសភានេះដែរ។ លោកថា ក្បាលម៉ាស៊ីនដឹកនាំរបស់ព្រឹទ្ធសភាកន្លងមក គឺមិនមានតុល្យភាពអំណាចរវាងសមាជិកគណបក្សប្រជាជន និងគណបក្ស សម រង្ស៊ី ទេ លោកបន្តថា ពេលនេះមានការកែប្រែខុសពីមុនខ្លះ ទោះបីមិនទាន់ឯកភាពគ្នា ១០០ភាគរយក្តី។
លោក អំ សំអាត៖ «អ៊ីចឹងយើងមើលទៅទី១ គឺជាការដោះស្រាយហ្នឹងច្រើនជាងការសម្រេចក្នុងការសម្រេចក្នុងការរៀបចំនៃសមាជិកព្រឹទ្ធសភា ពីព្រោះស្ថានភាពបែបនេះ បើសិនជាមានសមាជិកគណបក្ស សម រង្ស៊ី នៅក្នុងក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភានោះក៏វាអាចមានតុល្យភាពអំណាចមួយចំនួនដើម្បីធ្វើឲ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
សមាជិកព្រឹទ្ធសភានីតិកាលទី៣ មានអាណត្តិ ឬរយៈពេល ៦ឆ្នាំ គឺចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ និងមានសមាជិកសរុបចំនួន ៦១រូប។ ក្នុងនោះសមាជិកព្រឹទ្ធសភា ៥៧រូប បានមកពីការបោះឆ្នោតតាមលក្ខណៈអសកល ដែលមានតែសមាជិកសភា ឬតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងទេ ទើបមានសិទ្ធិបោះឆ្នោតនេះបាន។
ក្នុងនោះសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា មានចំនួន ៤៦រូប និងគណបក្ស សម រង្ស៊ី ចំនួន ១១រូប។ ចំណែកសមាជិកព្រឹទ្ធសភាចំនួន ៤រូបទៀត គឺ ២រូប ត្រូវជ្រើសតាំងដោយព្រះមហាក្សត្រ និង ២រូបផ្សេងទៀតត្រូវជ្រើសតាំងដោយរដ្ឋសភា។
ស្ថាប័នព្រឹទ្ធសភាអាណត្តិកាលទី៣ បង្កើតឡើង ឬចាប់ផ្ដើមដំណើរការកាលពីខែមេសា ឆ្នាំ២០១២ និងមានសមាសភាពដឹកនាំក្នុងស្ថាប័ននេះ គឺតួនាទីប្រធានព្រឹទ្ធសភា និងអនុប្រធាន ឬតួនាទីប្រធាន និងអនុប្រធានគណៈកម្មការជំនាញក្នុងព្រឹទ្ធសភាទាំង៩ គឺសុទ្ធតែជាសមាជិកមកពីគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
