អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា​ការ​ប្រើ​វោហារ​ស័ព្ទ​បំបែក​ដៃគូ​តែង​មាន​ទៅ​វិញ​ទៅ​មក

ដោយ ថា កិត្យា
2017.03.08
សុខ ឥសាន ២០១៦ ៨៥៥ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​សារភាព​ថា ការ​ប្រើ​វោហារ​ស័ព្ទ​បំបែក​បំបាក់​ដៃគូ​នយោបាយ គឺ​តែងតែ​មាន​ទៅ​វិញ​ទៅ​មក​ជា​រឿង​ធម្មតា ប៉ុន្តែ​បែក ឬ​មិន​បែក គឺ​អាស្រ័យ​ទៅ​លើ​សាមីជន​គណបក្ស​ផ្ទាល់​ខ្លួន។ ការ​លើក​ឡើង​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​អតីត​មេ​បក្ស​ប្រឆាំង ដែល​ថា លោក ហ៊ុន សែន តែង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស គឺ​មិន​ដែល​មាន​គណបក្ស​ណា​ចង់​ឲ្យ​ដៃគូ​ប្រកួត​ប្រជែង​របស់​ខ្លួន​ខ្លាំង​នោះ​ទេ។

លោក សុខ ឥសាន ក៏​បាន​សារភាព​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ប្រើ​វោហារ​ស័ព្ទ​បំបែក​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ​ដោយ​មិន​អាច​បដិសេធ​បាន​ឡើយ។

ទោះ​យ៉ាង​ណា លោក​ពន្យល់​ថា វា​មិន​សំខាន់​នៅ​លើ​ដៃគូ​ប្រកួត​ដែល​ចង់​ឲ្យ​ខ្សោយ ឬ​ចង់​ឲ្យ​រលាយ​នោះ​ទេ ប៉ុន្តែ​បញ្ហា​សំខាន់ គឺ​កត្តា​កំណត់​របស់​សាមីជន​គណបក្ស​ផ្ទាល់​ខ្លួន​នីមួយៗ​ប៉ុណ្ណោះ មិន​អាច​បន្ទោស​គណបក្ស​ដទៃ​បាន​ទេ៖ «ចឹង​មិន​សំខាន់​ទៅ​លើ​អ្នក​ដែល​គេ​និយាយ គេ​ថា គេ​ឃោសនា ឬ​មួយ​ក៏​គេ​ប្រើ​ឧបាយកល​ដើម្បី​បំបែក​នោះ​ទេ ហើយ​រហូត​ទៅ​ដល់​គណបក្ស​ខ្លះ​នៅ​ក្នុង​សង្គម​កម្ពុជា គេ​ដាក់​ទិស​ស្លោក​ទៀត ទិញ​មិន​លក់ សម្លុត​មិន​ខ្លាច បំបែក​មិន​បែក ដូច្នេះ​វា​គ្មាន​បញ្ហា​អី​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ព្រួយ​បារម្ភ ឬ​មួយ​ក៏​ដាក់​ទោស​ទៅ​លើ​គណបក្ស​ដទៃ​ថា ប៉ុនប៉ង​បំបែក​ខ្លួន​នោះ»

ការ​លើក​ឡើង​នេះ គឺ​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ចាក់​រុក និង​ញុះញង់​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ។ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា លោក សម រង្ស៊ី ក៏​បាន​សម្ដែង​ការ​សោកស្ដាយ​ដែល​លោក ហ៊ុន សែន គិតគូរ​តែ​ពី​រឿង​កំប៉ិកកំប៉ុក​ឥត​ប្រយោជន៍ ហើយ​អះអាង​ថា សម្ពន្ធភាព​រវាង​លោក និង​លោក កឹម សុខា គឺ​រឹងមាំ​ណាស់ មិន​អាច​បំបែក​បំបាក់​បាន​ទេ។ លោក សម រង្ស៊ី ថែម​ទាំង​ជំរុញ​ឲ្យ​លោក ហ៊ុន សែន គិតគូរ​ពី​ការ​អភិវឌ្ឍ​ជាតិ​វិញ​ប្រសើរ​ជាង ខណៈ​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​តែ​លំបាក​លំបិន​ផ្នែក​សេដ្ឋកិច្ច។

មូលហេតុ​ដែល​លោក សម រង្ស៊ី លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​លោក ហ៊ុន សែន អះអាង​ថា លោក​ជា​អ្នក​រៀបចំ​ឲ្យ​លោក កឹម សុខា ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ប្រកាស​ទទួល​ស្គាល់​សារ​សំឡេង​ដែល​បែកធ្លាយ​កន្លង​មក​រវាង​លោក និង​លោក កឹម សុខា ថា​ជា​ការពិត ព្រម​ទាំង​ទម្លាយ​ថា តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ម៉ៅ មុនីវណ្ណ លួច​ប្រាប់​រឿង​ផ្ទៃក្នុង​មក​ខ្លួន។

ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នេះ លោក សុខ ឥសាន ចាត់​ទុក​ថា ជា​សម្ដី​ខ្មោច​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ​នោះ​ទេ ព្រោះ​ជីវិត​នយោបាយ​លោក សម រង្ស៊ី បាន​ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ​លោក​ណែនាំ​អ្នក​សារព័ត៌មាន​ថា មិន​គួរ​ចាប់​អារម្មណ៍​លើ​សម្ដី​លោក សម រង្ស៊ី នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​បន្ត​ថា លោក សម រង្ស៊ី ទៅ​វិញ​ទេ​ដែល​គិត​តែ​បង្កើត​រឿង​កំប៉ិកកំប៉ុក៖ «គាត់​ថា​ឲ្យ​គេ ថា​ធ្វើ​កំប៉ិកកំប៉ុក ប៉ុន្តែ​គាត់​បង្កើត​រឿង​កំប៉ិកកំប៉ុក​ច្រើន​តើ! អត់​បាន​ការ​ច្រើន​ណាស់ បំភ័ន្ត​មតិ​សាធារណៈ មហាជន ប្រជាជន​ទាំង​ក្នុង​ប្រទេស ទាំង​ក្រៅ​ប្រទេស គឺ សម រង្ស៊ី នេះ គឺ​ថា​មនុស្ស​គំនិត​ស្រី។ អា​ហ្នឹង​បើ​ថា​គំនិត​ស្រី​សុំ​ទោស​ហើយ​ថា មិន​មែន​មើលងាយ​ស្ត្រី​ទេ ប៉ុន្តែ​គាត់​គិត​អំពី​អំបិល​ប្រហុក​ច្រើន។ មិន​នៅ​មិន​នៅ ថា​សម្ដេច ហ៊ុន សែន ជន​ផ្ដាច់ការ មិន​នៅ​មិន​នៅ ថា​សម្ដេច ហ៊ុន សែន ល្អើល​ខ្លាច​ធ្លាក់​ពី​អំណាច យក​ចិត្ត​គាត់ មិន​នៅ​មិន​នៅ ថា​កូន ឬ​ប្រពន្ធ​សម្ដេច ហ៊ុន សែន ពាក់ព័ន្ធ​នឹង​មេ​ដឹកនាំ​វៀតណាម អី។ អា​ហ្នឹង​រឿង​មិន​កំប៉ិកកំប៉ុក ថា​តើ​រឿង​ជាតិ ឬ​អត់? សួរ សម រង្ស៊ី មើល៍

ថ្វីត្បិតតែ​លោក សម រង្ស៊ី បាន​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្តី ប៉ុន្តែ​លោក​នៅ​តែ​ជា​គូ​បដិបក្ខ​ដ៏​មុត​ស្រួច​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ភាគី​ទាំង​ពីរ​នៅ​តែ​សាច​ទឹក​ដាក់​គ្នា​មិន​ចប់​មិន​ហើយ។

ទាក់ទិន​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត មាស នី ទទួល​ស្គាល់​ថា ការ​ប្រកួត​ប្រជែង​នយោបាយ​តែងតែ​មាន​ការ​បន្តុះបង្អាប់ និង​ចង់​ឲ្យ​ដៃគូ​ប្រជែង​ទន់​ខ្សោយ​ជាង​ខ្លួន។ ប៉ុន្តែ​លោក​ថា នៅ​ប្រទេស​ផ្សេងៗ​គេ​មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ឬ​មាន​យន្តការ​ឯករាជ្យ​ណា​មួយ ដើម្បី​ទប់ទល់​ការ​ប្រកួត​ប្រជែង​នោះ​ឲ្យ​មាន​តម្លាភាព ឬ​កុំ​ឲ្យ​ហួសហេតុ​ពេក។ រីឯ​នៅ​ស្រុក​ខ្មែរ​វិញ លោក​ថា​ខ្វះ​យន្តការ​បែប​នេះ។

ចំពោះ​ការ​ឆ្លើយឆ្លង​សារ​នយោបាយ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នេះ លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា ជា​ចំណុច​ខ្សោយ​របស់​លោក សម រង្ស៊ី មួយ​ដែរ ព្រោះ​ប្រសិន​បើ​លោក សម រង្ស៊ី លាលែង​ពី​តំណែង​ហើយ គួរ​តែ​នៅ​ស្ងាត់ស្ងៀម ហើយ​គួរ​តែ​ទុក​ឲ្យ​អ្នក​ដឹកនាំ​បក្ស​ថ្មី​ធ្វើ​ការ​ជំនួស​វិញ។ លោក​បន្ត​ថា លោក សម រង្ស៊ី គួរ​តែ​រក្សា​តម្លៃ ឬ​គំរូ​នៃ​ការ​លាលែង​នោះ​តាម​របៀប​ផ្សេង ដោយ​មិន​គួរ​ផ្ញើ​ពាក្យ​ផ្ញើ​សម្ដី​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ក្នុង​ស្រុក​តានតឹង​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នរណា​ក៏​ដឹង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា ពូកែ​ខាង​ប្រើ​យុទ្ធសាស្ត្រ​បំបែក​បំបាក់ ដែល​គេ​មើល​ឃើញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​ឧទាហរណ៍​ស្រាប់ ពីព្រោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្លាប់​ជា​គណបក្ស​មួយ​ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាង​ស្វិតស្វាញ និង​ធ្លាប់​ទទួល​បាន​ជ័យជម្នះ​កាល​ពី​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ ផង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។