គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៩ មករា រៀបចំសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សលើកទី៣៩ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដែលមានថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សចូលរួមជិត ១.៥០០នាក់។
សន្និបាតនេះមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ មករា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងថា នៅក្នុងសន្និបាតបិទទ្វារនោះ គណបក្សប្ដេជ្ញាជំរុញកំណែទម្រង់គ្រប់វិស័យដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយគុណភាព។ លោកថា គណបក្សកាន់អំណាចមួយនេះ ក៏រៀបចំផែនការលម្អិតចាប់ពីពេលនេះតទៅ ដើម្បីឈានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោក សុខ ឥសាន បន្តថា «យើងវាយតម្លៃសភាពការណ៍។ យើងដកពិសោធ ហើយយើងកែលំអរាល់បញ្ហាដែលមានជាកង្វះខាតកន្លងទៅ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ប្រជាប្រិយភាពគណបក្ស ពីព្រោះកន្លងទៅនេះ ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត យើងឃើញប្រជាពលរដ្ឋបានទាញអារម្មណ៍របស់គណបក្សទាំងមូលឲ្យខិតខំកែលំអរាល់ចំណុចខ្វះខាតនានា ដើម្បីបំពេញសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋយើង»។
នេះជាសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លើកទី១ ចាប់តាំងពី លោក ហ៊ុន សែន លោក ស ខេង និងលោក សាយ ឈុំ ត្រូវបានសន្និបាតនេះបោះឆ្នោតជ្រើសតាំងជាប្រធាន និងអនុប្រធានគណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០១៥ មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
