គណៈរដ្ឋមន្ត្រី​ច្រាន​ចោល​ការ​ចោទ​ថា​រដ្ឋាភិបាល​ធ្វើ​ឲ្យ​បាត់​ទឹក​ដី​កម្ពុជា​ក្រោម​និង​កោះ​ត្រល់

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចោទ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ធ្វើ​ឲ្យ​ទឹក​ដី​កម្ពុជា​ក្រោម និង​ក្រោះ​ត្រល់ ត្រូវ​បាត់​បង់​ទៅ​វៀតណាម នោះ គឺ​មិន​ពិត​ឡើយ។ រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចាត់​ទុក​ថា សម្ដី​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ចោទ​ប្រកាន់​ទាំង​ទទឹង​ទិស និង​បើ​សិន​ថា បាន​ដឹក​នាំ​ប្រទេស​នាំ​ឲ្យ​ចង្រៃ​ថែម​ទៀត​ផង។

លោក កែវ រ៉េមី រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ហៅ​សារ​នយោបាយ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង ដែល​អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក​មាន​កំហុស បាន​ធ្វើ​ឲ្យ​ទឹក​ដី​កម្ពុជា​ក្រោម និង​កោះ​ត្រល់ ត្រូវ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​ដោយ​វៀតណាម វិញ​នោះ គឺ​ជា​សារ​នយោបាយ​វាយ​ប្រហារ​ដោយ​គ្មាន​សីលធម៌ និង​ខុស​ពី​ការ​ពិត​ទាំង​ស្រុង។

ការ​ថ្លែង​ដូច​នេះ​របស់ លោក កែវ រ៉េមី ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មិថុនា។

ថ្លែង​ចំណោះ​មុខ​អ្នក​សារព័ត៌មាន លោក កែម រ៉េមី ដែល​ក្នុង​អតីតកាល​ធ្លាប់​មាន​វោហារសាស្ត្រ​នយោបាយ​មក​ពី​ខាង​គណបក្ស​ប្រឆាំង​ដ៏​ប៉ិនប្រសប់ ហើយ​វាយ​ប្រហារ​រដ្ឋាភិបាល លោក ហ៊ុន សែន ដែរ​នោះ នៅ​ពេល​នេះ​លោក​បាន​រិះគន់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ម្ដង។ ដោយ​មិន​សំដៅ​ចំ​ឈ្មោះ តែ​ទំនង​ជា លោក កែវ រ៉េមី ចង់​និយាយ​ពី លោក សម រង្ស៊ី និង​លោក កឹម សុខា។ លោក​ថ្លែង​ថា ការ​ចោទ​ប្រកាន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ពុំ​មាន​មូលដ្ឋាន​ឡើយ។

ជាង​នេះ​ទៀត លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ តែង​កេង​ចំណេញ​នយោបាយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ទាំង​ទទឹង​ទិស។ លោក កែវ រ៉េមី បាន​លើក​ឡើង​ទៀត​ថា ការ​ប្រកាន់​គំនិត​បែប​នេះ​បង្ហាញ​ថា ប្រសិន​បើ​គណបក្ស​នេះ​បាន​កាន់​អំណាច មិន​ដឹង​បំផ្លិច​បំផ្លាញ និង​ប្រើ​អំណាច​បែប​ណា​ឡើយ។

លោក កែវ រ៉េមី ពន្យល់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ជា​ជនជាតិ​ខ្មែរ និង​ការពារ​ទឹក​ដី​កម្ពុជា ហើយ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម និង​កោះ​ត្រល់ ឬ​ចំណែក​ណា​មួយ​នោះ ជា​រឿង​ប្រវត្តិសាស្ត្រ គឺ​ចប់​សព្វ​គ្រប់​ហើយ មិន​មែន​បាត់​ក្នុង​សម័យ​ដែល​លោក​ដឹក​នាំ​នេះ​ឡើយ៖ «កាល​ពី​ជំនាន់ ប៉ុល ពត ក៏​គាត់​រស់នៅ​ហ្នឹង ឪពុក​គាត់​ក៏​ត្រូវ​បាន ប៉ុល ពត សម្លាប់ ហើយ​គាត់​រស់​រហូត​ដល់​គាត់​រៀប​ការ​មាន​ប្រពន្ធ​មាន​កូន។ កូន​គាត់​ធំៗ​ត​ទៅ​ទៀត ឥឡូវ​មក​បង្កើត​គណបក្ស​ប្រឆាំង​ត​ទល់​រក​សំឡេង​ឆ្នោត​ជាមួយ​គ្នា​ប្រជែង​ជាមួយ​គ្នា ហើយ​មក​និយាយ​មួលបង្កាច់​អ៊ីចឹង សួរ​ថា​យុត្តិធម៌​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​សម្ដេច​តេជោ ដែរ។ ឥឡូវ​យើង​និយាយ​ថា បើ​សិន​ជា​ដំណាក់​កាល​បន្ទាប់​មក​ទៀត បើ​សិន​ជា​ទាក់ទង​បំបាត់​ពូជសាសន៍​ខ្មែរ សួរ​ថា​រដ្ឋាភិបាល​កម្ពុជា ដឹក​នាំ​ដោយ​សម្ដេច​តេជោ ខិតខំ​ភាព​ក្រីក្រ​គ្មាន​ប្រយោជន៍​អី»

លើស​ពី​នេះ​ទៀត លោក កែវ រ៉េមី និយាយ​ថា ទឹក​ដី​កម្ពុជា អាច​នឹង​មាន​ទំហំ​ធំ​ជាង​អ្វី​ដែល​មាន​សព្វថ្ងៃ ក្រោយ​បោះ​បង្គោល​រួច​ជាមួយ​ប្រទេស​វៀតណាម។

ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​​ពេល​នេះ ធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ​បន្ទាប់​ពី លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​រិះគន់​បញ្ហា​បូរណភាព​ទឹក​ដី​នេះ និង​បាន​សន្យា​ថា បើ​បក្ស​ប្រឆាំង​បាន​កាន់​អំណាច នឹង​ស្នើ​ឲ្យ​សភា​លើក​លែង​លិខិត​ឆ្លង​ដែន ដោយ​អនុញ្ញាត​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ចេញ​ចូល​កម្ពុជា ដោយ​សេរី។ ចំពោះ​បញ្ហា​នេះ លោក កែវ រ៉េមី ថ្លែង​ការពារ​ថា លោក ហ៊ុន សែន បាន​អនុវត្ត​គោល​នយោបាយ​តាម​ព្រះ​រាជតម្រិះ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ហើយ គឺ​ចាត់​ទុក​ខ្មែរ​ក្រោម ក៏​ជា​ខ្មែរ​ដែរ។ ប៉ុន្តែ​ថា នៅ​ពេល​នេះ ទឹក​ដី​កម្ពុជា ជា​របស់​វៀតណាម ទៅ​ហើយ។ ហេតុ​នេះ ការ​ចេញ​ចូល​ណា​មួយ​នោះ គឺ​ត្រូវ​អនុវត្ត​តាម​ក្របខ័ណ្ឌ​ច្បាប់។

និយាយ​ពី​រឿង​កោះ​ត្រល់ វិញ ក្រៅ​ពី​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​ហើយ លើស​ពី​នេះ​ទៀត ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​អ្នក​ស្នេហា​ជាតិ លោក នាង សុឃុន កាល​ពី​ខែ​កុម្ភៈ បាន​ដាក់​បណ្ដឹង​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី​ម្ដង​រួច​មក​ហើយ​ដែរ ដោយ​ចោទ​ថា លោក ហ៊ុន សែន បាន​កាត់​កោះ​ត្រល់ និង​ប្រជុំ​កោះ​មួយ​ចំនួន​ទៀត ឲ្យ​ទៅ​វៀតណាម ក្រោយ​ទៅ​វិញ​ទេ។ បណ្ដឹង​របស់ លោក នាង សុឃុន នៅ​ពេល​នេះ ត្រូវ​បាន​តុលាការ​រុញ​ចុះ​រុញ​ឡើង។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា លោក​មិន​ខ្ចី​ឆ្លើយ​តប​ត្រឹម​កម្រិត លោក កែវ រ៉េមី ទេ។ លោក​អះអាង​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា ចិត្ត​សឿង ឲ្យ លោក ហ៊ុន សែន តតាំង​ជាមួយ​នឹង​លោក​វិញ។ ជាពិសេស លោក ហ៊ុន សែន គួរ​ហ៊ាន​លើក​ពី​បញ្ហា​ផ្ដល់​ដី​សម្បទាន ៩៩​ឆ្នាំ ដែល​អាច​ឲ្យ​វៀតណាម តាំង​ទីលំនៅ​បាន​ដោយ​ស្រប​ច្បាប់ ដែល​បញ្ហា​នេះ នរណាៗ​ក៏​គេ​ដឹង​ដែរ​រឿង​នេះ៖ «យួន គេ​បញ្ជូន​កូន​ក្មេង​គេ​មក​នៅ​កាន់​កាប់​ដី​ហ្នឹង នៅ​គ្រប់​កន្លែង​ទាំងអស់ ប៉ុន្តែ​ម៉េច​ក៏​មិន​ឆ្លើយ​មក ហើយ​បញ្ហា​ព្រំដែន​ដែល​មក​បោះ​បង្គោល​លើ​ស្រែ​អ្នក​ស្រុក​លើ​ដី​អ្នក​ស្រុក ហើយ​អ្នក​ស្រែក​យំ​ស្រែ​ចម្ការ ម៉េច​ក៏​មិន​ឆ្លើយ​មក។ ម៉េច​ក៏​យក​រឿង​អី​ផ្សេង​វិញ។ លោក ហ៊ុន សែន ឆ្លើយ​អា​ហ្នឹង​មក។ ខ្ញុំ​មិន​ឆ្លើយ​ជាមួយ លោក កែវ រ៉េមី ទេ»

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​យល់​ឃើញ​ថា ប្រសិន​អ្នក​នយោបាយ​នៅ​តែ​ប្រើ​ប្រវត្តិសាស្ត្រ​ចាស់ ដើម្បី​ធ្វើ​ជា​ដើម​ទុន​ទៀត វា​ពុំ​មែន​ជា​មធ្យោបាយ​ល្អ​ឡើយ។ លោក​ឲ្យ​ដឹង​ថា ដើម្បី​ធ្វើ​ឲ្យ​ផ្ទៃ​ក្នុង​កម្ពុជា រឹងមាំ អ្នក​នយោបាយ​គួរ​លើក​រឿង​នេះ​ដោយ​ស្ងៀមស្ងាត់ ហើយ​ព្យាយាម​រក​ដំណោះស្រាយ​រឿង​នយោបាយ ដែល​កំពុង​ជាប់​គាំង​ឲ្យ​រួច​សិន ទើប​ជា​ការ​ប្រសើរ​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។