អង្គការ​ចំនួន​១៣​ថ្កោលទោស​ការ​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​១១​នាក់

អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៣ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ថ្កោលទោស​ចំពោះ​ការ​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង ១១​រូប ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៧ និង ២០​ឆ្នាំ។

អង្គការ​សង្គម​ស៊ីវិល​ទាំង ១៣ បាន​រិះគន់​សវនាការ​តុលាការ​ក្រុង​ភ្នំពេញ ថា​មាន​លក្ខណៈ​មិន​យុត្តិធម៌ ប្រញាប់​ប្រញាល់ និង​រំលោភ​លើ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ក្តី​ដោយ​យុត្តិធម៌​របស់​ចុង​ចោទ។ ក្រៅ​ពី​នេះ អង្គការ​ទាំង​នោះ​ក៏​បាន​រិះគន់​ថា ការ​កាត់​សេចក្តី​មិន​ផ្អែក​លើ​ការ​ពិត និង​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ។

អង្គការ​សង្គម​ស៊ីវិល​ទាំង ១៣ នោះ​រួម​មាន សម្ព័ន្ធ​សហជីព​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា សហភាព​ការងារ​កម្ពុជា អង្គការ​ខុមហ្វ្រែល (Comfrel) គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា អង្គការ​សមធម៌​កម្ពុជា ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អង្គការ​សីលការ អង្គការ​ស្ត្រី​ខ្មែរ និង​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធិ និង​លោក ឃិន ជំរឿន ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ២០​ឆ្នាំ ពី​បទ​ចូលរួម និង​ដឹក​នាំ​ចលនា​កុប្បកម្ម។ ចំណែក​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ៨​នាក់​ផ្សេង​ទៀត ដែល​រួម​មាន លោក ស៊ុំ ពុទ្ធី លោក នាង សុឃុន លោក សាន គីមហេង លោក ទេព ណារិន លោក សាន សីហៈ លោក អាន បឋម លោក អ៊ុក ពេជ្រសំណាង និង​លោក កែ ឃីម ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ៧​ឆ្នាំ ពី​បទ​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

ទាក់ទង​នឹង​បញ្ហា​នេះ លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ធ្លាប់​បាន​រិះគន់​អង្គការ​លីកាដូ (Licadho) ថា បាន​បាត់បង់​អព្យាក្រឹតភាព និង​មិន​បំពេញ​តួនាទី​របស់​ខ្លួន​តាម​វិជ្ជាជីវៈ បន្ទាប់​ពី​អង្គការ​នេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ការ​ផ្ដន្ទាទោស​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ទាំង ១១​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។