អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ចេញសេចក្តីថ្លែងការណ៍មួយច្រានចោលសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា និងថាមិនអើពើទាល់តែសោះចំពោះតម្លៃភាពជាមនុស្សរបស់កងសន្តិសុខខណ្ឌជិត ៤០នាក់ ដែលរងរបួសស្ទើរបាត់បង់ជីវិត។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងក្នុងថ្ងៃតែមួយ ក្រោយពេលដែលស្ថានទូតសហរដ្ឋអាមេរិក ចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែកក្កដា ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិនិត្យមើលឡើងវិញឲ្យបានម៉ត់ចត់ នូវដំណើរក្ដីសកម្មជនគណបក្សប្រឆាំង ដើម្បីឲ្យមានតម្លាភាព និងភាពស្របច្បាប់។
សេចក្តីថ្លែងការណ៍ ២ទំព័ររបស់គណៈរដ្ឋមន្រ្តី លើកឡើងថា ជាការនិយាយបំផ្លើស និងភូតកុហកទាំងស្រុង ដែលស្ថានទូតអាមេរិក ចាត់ទុកអំពើកុប្បកម្មហិង្សាដ៏ធ្ងន់ធ្ងរកាលពីខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ក្នុងការដឹកនាំ និងបង្កឡើងដោយក្រុមជ្រុលនិយមដោយសមាជិកគណបក្សសង្គ្រោះជាតិ ផងនោះ ថាជាការតវ៉ាដោយសន្តិវិធី និងជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
យ៉ាងណាមិញ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងជិតដិតនូវករណីសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការដាក់ទោសពីបទ ធ្វើការបះបោរចេញពីការតវ៉ា ខណៈដែលអ្នកទាំង ១១នាក់ លោក មាជ សុវណ្ណារ៉ា មានសញ្ជាតិអាមេរិក។
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សកម្មជនគណបក្សសង្គ្រោះជាតិ ១១នាក់ ពាក់ព័ន្ធនឹងអំពើហិង្សា ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំ ទៅ ២០ឆ្នាំ ពីបទដឹកនាំ និងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។