ពលរដ្ឋខ្មែរ-អាមេរិកាំងក្នុងក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈួសេត (Massachusetts) គ្រោងធ្វើមហាបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន នៅថ្ងៃអាទិត្យទី១៧ ខែមេសា ខាងមុខ។ តំណាងសហគមន៍ខ្មែរនៅទីនោះអះអាង ថាពួកគេមិនស្វាគមន៍ដាច់ខាត ចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត ក្នុងសហគមន៍របស់ពួកគេនោះខណៈរដ្ឋាភិបាលដែលដឹកនាំដោយឪពុករបស់លោកកំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
សកម្មជនសហគមន៍ខ្មែរ-អាមេរិកាំង ក្នុងក្រុងឡូវែល ព្រមានថា យ៉ាងហោចណាស់មានពលរដ្ឋខ្មែរប្រមាណពី ២០០ ទៅ ៣០០នាក់ នឹងធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នៅមុខភោជនីយដ្ឋានប៉ៃលិន ជាទីដែលកូនប្រុសរបស់លោក ហ៊ុន សែន រូបនេះគ្រោងជួបជាមួយក្រុមសកម្មជនរបស់ខ្លួន។
អតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែល និងជាសកម្មជនសហគមន៍ខ្មែរ លោក អ៊ុង រិទ្ធី ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា លោក ហ៊ុន ម៉ាណែត គឺជាអវតា ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ដែលជាសញ្ញានៃការបំបែកបំបាក់សាមគ្គីភាព និងភាពសុខដុមរមនារបស់សហគមន៍ខ្មែរនៅក្រៅប្រទេស៖ «ជាទូទៅគេធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នេះព្រោះថា វត្តមានរបស់លោកសព្វថ្ងៃធ្វើឲ្យប្រេះឆាជាច្រើននៅក្នុងសហគមន៍ខ្មែរ ។ មុននឹងលោក ហ៊ុន ម៉ាណែត ឬ គណបក្សប្រជាជនកម្ពុជាចូលមក សហរដ្ឋអាមេរិកនេះ គឺសហគមន៍ខ្មែរកាលណោះរស់នៅបាន សុខសាន្តណាស់ហើយមានការរៀបចំពង្រឹងសាសនា ពង្រឹងវប្បធម៌ និងពង្រឹងប្រពៃណីជាតិបានល្អណាស់ តែឥឡូវមានការបែកបាក់»។
លោកបញ្ជាក់ថា ពលរដ្ឋភាគច្រើនជំរុញឲ្យលោក ហ៊ុន ម៉ាណែត គួរយកពេលវេលារបស់លោកដើម្បីជួយកែលម្អដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជួយដោះស្រាយបញ្ហាដីធ្លីបញ្ហាព្រំដែន និងជួយ ស្វែងរកការដោះលែងអ្នកទោសនយោបាយទាំងឡាយដែលកំពុងស្ថិតក្នុងការ ឃុំឃាំងឲ្យមានសេរីភាពឡើងវិញ។
មហាបាតុកម្មរបស់ពលរដ្ឋខ្មែរនៅទីក្រុងឡូវែល ដែលត្រៀមប្រឆាំងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខាងមុខនេះគឺជាផ្នែកមួយនៃចលនាប្រឆាំងការរៀបចំបណ្តាញរបស់គណបក្សប្រជាជនកម្ពុជា ក្នុងទឹកដីសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី២៩ ខែមីនា កន្លងទៅពលរដ្ឋខ្មែរ-អាមេរិកាំង ក្នុងទីក្រុងនេះធ្លាប់បានធ្វើបាតុកម្មប្រឆាំងនឹងការរៀបចំទទួលលោក ហ៊ុន ម៉ាណែត ជាផ្លូវការ និងប្រឆាំងទៅការទទួលយកកាដូជារូបសំណាក ព្រះបាទជ័យវរ្ម័នទី៧ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត មកដាក់តាំងនៅសាលាក្រុងឡូវែល។
ចំណែកក្រុមប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង រាប់រយនាក់ផ្សេងទៀត នៅថ្ងៃសុក្រ ទី១៥ ខែមេសានេះ គ្រោងនឹងធ្វើបាតុកម្មនៅមុខមហាវិទ្យាល័យប្រ៊ីសស្ទូល (Bristol Community College) ក្នុងក្រុងឡូវែល (Lowell) ដើម្បីជំទាស់ទៅនឹងការអញ្ជើញលោក ហ៊ុន ម៉ាណែត មកធ្វើជាវាគ្មិនសំរាប់និស្សិតនៃសកលវិទ្យាល័យមួយនេះ។
ឯកអគ្គកុងស៊ុលកិត្តយសខ្មែរក្នុងក្រុងឡូវែល លោក អ៊ូ សុវណ្ណ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀតដែលរៀបចំកម្មវិធីទទួលលោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថាការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅទីនោះគឺជាសិទ្ធិរបស់ពួកគេ ប៉ុន្តែលោកហាមមិនឲ្យមានអំពើហិង្សាណាមួយនោះឡើយ៖ «ខ្ញុំគិតថា ការចូលរួមបាតុកម្មវាជាសិទ្ធិរបស់ពលរដ្ឋខ្មែរ-អាមេរិកម្នាក់ៗ តែយើងសូមឲ្យមានការគោរពសិទ្ធិយើងដែលជាភ្ញៀវដែលអញ្ជើញមកពីប្រទេសកម្ពុជា ហើយមកហ្នឹងដើម្បីចូលរួមនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរផង និងចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិការបស់គណបក្សប្រជាជននៅសហរដ្ឋអាមេរិកនេះ»។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី៩ ខែមេសា កន្លងទៅ អង្គរក្សលោក ហ៊ុន ម៉ាណែត បានចាប់បោក លោក ផល ហេយស៍ (Paul Hayes) ជាស្មៀនមេធាវីអាមេរិកាំង ទៅលើថ្មបរិវេណភោជនីយដ្ឋានឡាលូន (La Lune) ក្នុងទីក្រុងឡុងប៊ិច (Long Beach) ខណៈ លោក ផល ឈោងជូនដីការបស់តុលាការសហព័ន្ធអាមេរិក នៅក្រុងឡូសអែនជឺឡេស (Los Angeles) ដែលកោះហៅ លោក ហ៊ុន ម៉ាណែត ឲ្យចូលបំភ្លឺករណីចោទប្រកាន់ពីបទធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង និងអំពើភេរវកម្មអន្តរជាតិ។
បណ្តឹងប្រឆាំងលោក ហ៊ុន ម៉ាណែត និង រដ្ឋាភិបាលឪពុករបស់លោកធ្វើឡើងដោយអ្នកស្រី មាជ ជេមី (Jamie Meach) ភរិយារបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលកំពុង ជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំនៅកម្ពុជា។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលធ្លាប់អះអាងថា ពាក្យបណ្តឹងប្រឆាំងលោក ហ៊ុន ម៉ាណែត ធ្វើឡើងដោយភាពស្រមើស្រមៃ។
វត្តមានរបស់លោក ហ៊ុន ម៉ាណែត ក្នុងសហរដ្ឋអាមេរិករយៈពេលប៉ុន្មានថ្ងៃមកនេះបានក្លាយជាប្រធានបទក្តៅមួយសំរាប់សហគមន៍ខ្មែរ-អាមេរិកាំង ដែលរស់ចងក្រងគ្នាជាសហគមន៍ការពារពីការជ្រៀតជ្រែករបស់ក្រុមអ្នកកាន់អំណាចនៅកម្ពុជា។ ពួកគេបាននាំគ្នាធ្វើបាតុកម្មជាហូរហែតាំងពីទីក្រុងឡុងប៊ិច កាត់តាមទីក្រុងសៀអាថល (Seattle) រហូតដល់ទីក្រុងឡូវែល ដើម្បីប្រឆាំងវត្តមានរបស់ លោក ហ៊ុន ម៉ាណែត ដែលកំពុងបំបែកបំបាក់កម្លាំងអ្នកប្រជាធិបតេយ្យខ្មែរនៅសហរដ្ឋអាមេរិក ឬអាចជាការព្យាយាមកាត់ផ្តាច់សរសៃឈាម ហិរញ្ញវត្ថុរបស់ក្រុមបក្សប្រឆាំង។
ក្រៅពីការធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិក ពលរដ្ឋខ្មែរក្នុងទីក្រុងតូរ៉ុនតូ (Toronto) និងទីក្រុងម៉ុងរ៉េអាល់ (Montreal) ប្រទេសកាណាដា (Canada) ក៏នឹងត្រៀមធ្វើបាតុកម្ម ប្រឆាំង លោក ហ៊ុន ម៉ាណែត ដែរ នៅពេលលោកធ្វើដំណើទៅទីនោះនៅដើមសបា្តហ៍ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
