គណបក្សយុត្តិធម៌ជាតិខ្មែរ បានដាក់លិខិតទៅប្រធានសហភាពអឺរ៉ុប (EU) និងប្រធានអង្គការចៃកា (JICA) នៅថ្ងៃទី២០ មករា ស្នើសុំពីរចំណុច គឺទី១ សូមឲ្យសហភាពអឺរ៉ុប និងអង្គការចៃកា មេត្តាឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំបង្កើតឲ្យមានការិយាល័យចុះឈ្មោះ និងការបោះឆ្នោតនៅតាមបណ្ដាប្រទេសដែលបានចុះ អិម.អូ.យូ (MOU) ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការនាំពលករទៅធ្វើការនៅប្រទេសទាំងនោះ រួមមាន ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូង។
ទី២ ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិនិត្យ និងអនុវត្តចំពោះជនអន្តោប្រវេសន៍ ដែលបានចូលជាសញ្ជាតិខ្មែរ ជាពិសេសជនជាតិវៀតណាម មិនត្រូវអនុញ្ញាតឲ្យចូលរួមបោះឆ្នោតជាដាច់ខាត ពីព្រោះថា រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៧៦ ចំណុចទី៤ ថ្មី បានចែងថា អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត។
នៅក្នុងលិខិតដដែលរបស់លោកបណ្ឌិត ហ៊ាង ឬទ្ធី ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ បានរៀបរាប់ថា សហភាពអឺរ៉ុប និងអង្គការចៃកា ដែលតំណាងឲ្យរដ្ឋាភិបាលប្រទេសជប៉ុន គឺជាអ្នកចូលរួមផ្នែកបញ្ចូលទិន្នន័យ និងជាអាជ្ញាកណ្ដាលក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជា សម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
