កម្ពុជានិងថៃ​នឹង​ខិតខំ​ថែ​រក្សា​​សន្តិភាព​និង​ស្ថិរភាព​តាម​ព្រំដែន​ប្រទេស​ទាំងពីរ

0:00 / 0:00

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ចាត់​ទុក​សាលដីកា​តុលាការ​ ក្រុង​ឡាអេ​ ប្រកាស​កាល​ពី​ថ្ងៃ​ទី​១១​ វិចិ្ឆកា​ ថា​ ជា​ជំហាន​មួយ​ទៅ​មុខ​ ដ៏​មាន​សារសំខាន់​ និង​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ សំដៅ​ដោះស្រាយ​ដោយ​សន្តិវិធី​ និង​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​ នូវ​បញ្ហា​វិវាទ​រវាង​កម្ពុជា​ និង​ថៃ​ លើ​បញ្ហា​ប្រាសាទ​ព្រះវិហារ​ និង​តំបន់​ជុំវិញ​ប្រាសាទ​ខ្មែរ​ដ៏​ចំណាស់​មួយ​នេះ​។ ចំណែក​នាយក​រដ្ឋមន្រ្តី​ថៃ​ អ្នកស្រី​ យីងឡាក់ ស៊ីណាវ៉ាត់​ (Yingluck Shinawatra) ក៏​ប្រកាស​ថា​ រដ្ឋាភិបាល​ថៃ​ និង​កម្ពុជា​ នឹង​ធ្វើការ​រួម​គ្នា​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​​ជា​ប្រយោជន៍​ប្រទេស​ទាំងពីរ​។ អ្នកស្រី​បន្ត​ថា​ កម្ពុជា​ និង​ថៃ​ មាន​ព្រំដែន​ជាប់​គ្នា​មាន​បណ្តោយ​ប្រវែង​​ប្រមាណ​ ៨​០០​​គីឡូ​ម៉ែត្រ​។ ប្រទេស​ទាំងពីរ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ការ​រីក​ចំរើន​រុងរឿង​ទៅ​ថ្ងៃ​អនាគត​។

កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១១​ វិច្ឆិកា​ ប្រធាន​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​ លោក​ ភី​ធើ​ ថមកា​ (Peter Tomka)​ បាន​ប្រកាស​សាល​ដីកា​ សម្រេច​ជា​ឯកច្ឆន្ទ​ថា​ ប្រទេស​កម្ពុជា​មាន​អធិបតេយ្យភាព​លើ​ដែន​ដី​ទាំង​មូល​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​។ ទន្ទឹម​គ្នា​នោះ​ លោក​ ភីធើ ថមកា​ ក៏​បញ្ជា​ឲ្យ​ប្រទេស​ថៃ​ ត្រូវ​ដក​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​ទាហាន​ ប៉ូលិស​ និង​ឆ្មាំ​ប្រាសាទ​ទាំងអស់​ចេញ​ពី​បរិវេណ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​៖ «តុលាការ​សម្រេច​ថា​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បកស្រាយ​ សាល​ដីកា​ចុះ​ថ្ងៃ​ទី​១៥​ ខែ​ មិថុនា​ ឆ្នាំ​១៩៦២​ ព្រះរាជាណាចក្រ​កម្ពុជា​ មាន​អធិបតេយ្យ​ពេញលេញ​លើ​បូរណភាព​ទឹកដី​ លើ​តំបន់​ពយភ្នំ​ នៃ​ប្រាសាទ​ព្រះវិហារ​ ដូច​ដែល​មាន​កំណត់​ក្នុង​កថា​ខ័ណ្ឌ​ទី​ ៩៨​ នៃ​សាល​ដីកា​នេះ​ ហើយ​ជា​បច្ច័យ​ តុលាការ​ប្រកាស​ថា​ ព្រះ​រាជាណាចក្រ​ថៃ មាន​កាតព្វកិច្ច​ដក​ចេញ​ពី​ទឹកដី​នេះ​ នូវ​គ្រប់​កង​កម្លាំង​ប្រដាប់​អាវុធ​ ឬ​កង​នគរបាល​ ឬ​អ្នក​ថែរក្សា​ ឬ​ឆ្មាំ​យាម​ ផ្សេង​ទៀត​ ដែល​បោះ​ទីតាំង​នៅ​ក្នុង​ទឹកដី​នោះ​»

លោក​ ហោ​ ណាំងហុង​ រដ្ឋ​មន្រ្តី​ការបរទេស​ដឹក​នាំ​ប្រតិភូ​​ទៅ​ស្តាប់​សាល​ដីកា​ មាន​ប្រសាសន៍​ថា​ សាល​ដីកា​នេះ​ ជា​សេចក្តី​សម្រេច​ចិត្ត​បិទ​ផ្លូវ​តវ៉ា​ ដូច្នោះ​ភាគី​ថៃ​ត្រូវ​តែ​គោរព​៖ «ពិតមែន​ហើយ​ យើង​មិនអាច​និយាយ​ថា​ សាលក្រម​តុលាការ​ថ្ងៃ​នេះ​ បំពេញ​បំណង​របស់​យើង​បាន​ ១០០​ភាគរយ​នោះ​ទេ​។ ប៉ុន្តែ​ យើង​មាន​ការ​រីករាយ​ សាល​ដីកា​នេះ​ បាន​សម្រេច​អ្វី​ដែល​ចង់​បាន​យ៉ាង​ច្រើន​បំផុត​»

លោក​ ហ៊ុន សែន​ ក៏​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​កំពុង​បំពេញ​ភារកិច្ច​ការពារ​ព្រំដែន​ ត្រូវ​រក្សា​ការ​អត់ធ្មត់​ រក្សា​ស្ថានភាព​ឈរ​ជើង​ដដែល​ និង​ចៀសវាង​សកម្មភាព​ទាំងឡាយ​ណា​​ដែល​អាច​បង្ក​ភាព​តានតឹង​ ឬ​ការ​ប៉ះ​ទង្គិច​គ្នា​ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ បន្ត​ការ​ពិភាក្សា​គ្នា​ ដើម្បី​ជំរុញ​ការ​អនុវត្ត​សាល​ដីកា​តុលាការ​។

ចំណែក​អ្នកស្រី​ យីងឡាក់​ ស៊ីណាវ៉ាត់​ ក៏​បាន​អះអាង​ថា​ រដ្ឋាភិបាល​ថៃ​ បាន​ប្រាប់​ទៅ​ទាហាន​ថៃ​ ឲ្យ​រក្សា​សន្តិភាព​តាម​ព្រំដែន​។

គណបក្ស​សង្គ្រោះជាតិ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ក៏​បាន​សំដែង​ការ​អបអរសាទរ​ចំពោះ​សាល​ដីកា​តុលាការ​ដែរ​។ គណបក្ស​បាន​សំដែង​ការ​ដឹង​គុណូបការៈ​ របស់​ព្រះ​មហាវីរក្សត្រ​ នរោត្តម​ សីហនុ​ ដែល​មាន​ស្នា​ព្រះហស្ដ ក្នុង​ការ​ការពារ​ប្រាសាទ​ព្រះវិហារ​ ក្នុង​អំឡុង​ឆ្នាំ​១៩៦២​។

គណបក្ស​សង្គ្រោះជាតិ​ ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ អនុវត្ត​តាម​​គំរូ​វីរភាព​របស់​អតីត​ព្រះ​មហាក្សត្រ​ ក្នុង​ការ​គ្រប់គ្រង​ និង​ការពារ​ទឹកដី​​ទាំង​ព្រំដែន​ខាង​លិច​ និង​ព្រំដែន​ខាងកើត​ឲ្យ​បាន​គង់វង្ស​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕