លោក សុខ ទូច៖ វៀតណាម​មិន​ដែល​គោរព​កិច្ច​ព្រមព្រៀង​ព្រំដែន​ជាមួយ​កម្ពុជា

ដោយ ម៉ម មុនីរតន៍
2016-02-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក សុខ ទូច (រូប​កណ្ដាល​ជួរ​មុខ​) ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត​សភា ថ្លែង​​ក្នុង​សន្និសីទ​កាសែត នា​រាជបណ្ឌិត​សភា​កម្ពុជា នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
លោក សុខ ទូច (រូប​កណ្ដាល​ជួរ​មុខ​) ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត​សភា ថ្លែង​​ក្នុង​សន្និសីទ​កាសែត នា​រាជបណ្ឌិត​សភា​កម្ពុជា នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Cheu Sideth

ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា អះអាង​ថា ប្រទេស​វៀតណាម ពុំ​ដែល​បាន​គោរព​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ ដែល​សន្យា​មិន​បំពាន​គ្នា​រឿង​ដី​នៅ​ជាប់​ព្រំដែន។ បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នោះ យល់​ឃើញ​ថា វា​គួរ​ឲ្យ​សោកស្ដាយ​ដែល​មក​ដល់​ពេល​នេះ​ទៅ​ហើយ រដ្ឋាភិបាល​វៀតណាម នៅ​តែ​មិន​អនុវត្ត​គោលការណ៍​លើ​ដី​ទំនាស់ ​១៦​ហិកតារ ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម។

ប្រធាន​ផ្នែក​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​កម្ពុជា ហៅ​ការ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​រដ្ឋាភិបាល​វៀតណាម ម្ដង​ហើយ​ម្ដង​ទៀត ចំពោះ​កិច្ចសន្យា​លើ​ដី​ទំនាស់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​លើ​ទីតាំង​ខ្លះ​ថា ជា​ការ​គួរ​ឲ្យ​ហួសចិត្ត និង​ថា នេះ​ជា​កលល្បិច​របស់​វៀតណាម ចង់​ធ្វើ​ឲ្យ​កម្ពុជា ខាត​ប្រយោជន៍​ធំ រឿង​ទឹកដី។

ការ​ថ្លែង​ដូច​នេះ​របស់​លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​៤ កុម្ភៈ។ ថ្លែង​បណ្ដើរ ដោះ​អាវ​ធំ​ចេញ​បណ្ដើរ និង​អម​ដោយ​សំដី​ម៉ាត់ៗ​ផង​នោះ លោក សុខ ទូច ហៅ​ការ​មិន​គោរព​កិច្ចសន្យា​របស់​រដ្ឋាភិបាល​វៀតណាម ថា ជា​ការ​បង្ក​ឲ្យ​កម្ពុជា ត្រូវ​បាត់បង់​ដី​ដែល​មាន​ជីជាតិ​ល្អ។ ម្យ៉ាង​វិញ​ទៀត លោក​យល់​ឃើញ​ថា នេះ​ជា​ការ​គួរ​ឲ្យ​ហួស​ចិត្ត​នៅ​ពេល​វៀតណាម បន្ត​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ដែល​សន្យា​មិន​ទន្ទ្រាន​ចូល​ក្នុង​អធិបតេយ្យ​រៀងៗ​ខ្លួន​លើ​ដី​ដែល​មាន​ទំនាស់។ ការ​រក​ឃើញ​ដូច​នេះ​របស់​លោក សុខ ទូច គឺ​លោក​អះអាង​ថា សំដៅ​ដី​មាន​វិវាទ​ប្រមាណ ១៦​ហិកតារ នៅ​ខេត្ត​ត្បូងឃ្មុំ។ លោក​បន្ត​ថា «ប៉ុន្តែ​វា​អកុសល​នៅ​ពេល​ដែល​យើង​ទៅ​ដល់​នោះ វៀតណាម ឥត​គោរព​នូវ​កិច្ច​ព្រមព្រៀង​របស់​ប្រទេស​ទាំង​ពីរ។ ហេតុ​អី​កម្ពុជា? អ្នក​ចាំ​បាញ់​ថ្នាំ ព្រោះ​អី​អ្នក​ឯង​និយាយ​អ្នក​ណា​ធ្វើ​អី​ត្រូវ​ធ្វើ​កន្លែង​ហ្នឹង ប៉ុន្តែ​វៀតណាម ឥត​គោរព។ ហេតុ​អី​បាន​ជា​វៀតណាម ទៅ​បាញ់​ថ្នាំ»

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ប្រតិកម្ម​​ពី​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បាន​ភ្លាមៗ​​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ដោយសារ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ឆ្លើយ​តប។

យ៉ាង​នេះ​ក្ដី លោក សុខ ទូច រក​ឃើញ​ថា ការ​ចុះ​ស្រាវជ្រាវ​រក​បង្គោល​ព្រំដែន​ក្នុង​រយៈពេល ៣​ខែ​កន្លង​ទៅ​នេះ ជា​លទ្ធផល​គឺ​បង្គោល​ចំនួន ១​ពាន់​បង្គោល​ដែល​បាន​រក​​ឃើញ គឺ​​បង្គោល​ខ្លះ​បាន​បោះ​ចូល​ទៅ​ក្នុង​ទឹកដី និង​ភូមិ​របស់​វៀតណាម។ ការ​ចុះ​រុករក​បង្គោល​ព្រំដែន​នេះ គឺ​រាជបណ្ឌិត្យសភា​ទើប​តែ​ដំណើរ​ការ​បាន ៥០០​គីឡូម៉ែត្រ​នៅ​ឡើយ​ទេ ពោល​គឺ​នៅ​សល់​ប្រមាណ ៧៧០​គីឡូម៉ែត្រ​ទៀត​ទើប​បញ្ចប់​ជា​ស្ថាពរ។

ឆ្លៀត​ពេល​ដែល​ធ្វើ​បទ​បង្ហាញ​នោះ លោក សុខ ទូច បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​ផង បាន​ចោទ​ប្រកាន់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ថា បាន​តែ​រិះគន់​រដ្ឋាភិបាល ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បក្ស​ប្រឆាំង​ពុំ​ដែល​បាន​ផ្ដល់​កិច្ចសហការ​ឲ្យ​បាន​ដុំ​កំភួន​អ្វី ក្រៅ​ពី​អង្គុយ​ចាំ​តែ​ថា និង​វាយ​ប្រហារ​ប៉ុណ្ណោះ​ទេ។ លោក​បន្ថែម​ថា ទាំង​ព្រំដែន​ក៏​មិន​ប្រាកដ ហើយ​ឯកសារ​មិន​ច្បាស់លាស់​ថែម​ទៀត​ផង។ ទាំង​នេះ​គឺ​ជា​របៀប​ដែល​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​តែង​អនុវត្ត ហើយ​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។ លោក​បន្ត​ថា «ប្រាប់​ថា​ផែនទី​ល្អ​ណាស់ អស្ចារ្យ​ណាស់ ត្រឹមត្រូវ​ណាស់​បង​ប្អូន​អើយ ទៅ​យក​មក​បាន​តែ ២៤​ផ្ទាំង។ មើល​អា​ហ្នឹង​កូរ​មិន​កូរ? ថ្ងៃ​មុន អ៊ុំ សំអាន ទៅ​លើក​ផែនទី​នៅ​អាមេរិក អូរ​ផែនទី​នេះ​ល្អ​ណាស់។ នេះ​នៅ​ក្នុង​ម៉ាស៊ីន​ខ្ញុំ​ទាំងអស់។ ប្រើ​បាន​តែ ១០​ផ្ទាំង​ទេ»

ឆ្លើយ​តប​រឿង​នេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​នៅ​សហរដ្ឋអាមេរិក និង ផ្ដល់​សម្ភាសន៍​តាម​ទូរស័ព្ទ​មក​ថា អ្វី​ដែល​លោក សុខ ទូច លើក​ឡើង​បែប​នេះ គឺ​ការ​ព្យាយាម​ការពារ​ភាព​ស្អាតស្អំ​ឲ្យ​រដ្ឋាភិបាល​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ការ​បាត់បង់​ដី​នៅ​តាម​ព្រំដែន​វា​ជា​ការពិត ហេតុ​នេះ​ការ​ចោទ​ប្រកាន់​របស់​លោក សុខ ទូច ប្រឆាំង​អ្នក​រិះគន់​គឺ​ជា​ការ​ព្យាយាម​លាង​ខ្លួន​ពី​កំហុស។ លោក​បន្ត​ថា «ការ​បកស្រាយ​របស់​គាត់ គឺ​ដើម្បី​ការពារ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ ព្រោះ​គាត់​បាន​បញ្ជាក់​ហើយ​ថា គាត់​ជា​មន្ត្រី​របស់​រដ្ឋាភិបាល»

លោក អ៊ុំ សំអាន យល់​ឃើញ​ថា ផែនទី​ដែល​កម្ពុជា ផ្ទៀងផ្ទាត់​កន្លង​ទៅ រួម​មាន​ផែនទី​ពី​អង្គការ​សហប្រជាជាតិ និង​ផែនទី​ពី​ប្រទេស​បារាំង ផង គឺ​សុទ្ធ​តែ​មាន​ភាព​ខ្វះ​ខាត និង​មិន​គ្រប់គ្រាន់​ទាំង​អស់​ ដូច​អ្វី​ដែល​គណបក្ស​ប្រឆាំង​រក​ឃើញ​ដែរ។ ក៏​ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ បញ្ជាក់​ថា ដំណើរការ​ដែល​អាច​ផ្ទៀងផ្ទាត់​ទៅ​បាន កាល​ណោះ​គឺ​មាន​ផ្ទាំង​​នៃ​ផែនទី​ខ្លះ​រក​ផែនទី​ដែល​មាន​ខ្នាត​ផ្សេង​មក​ជំនួស​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​រឿង​នេះ លោក រស់ រ៉ាវុធ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ ដែល​ឃ្លាំមើល​បទ​បង្ហាញ​របស់​លោក សុខ ទូច ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ហាក់​មាន​ភាព​អល់អែក​ក្នុង​ការ​អត្ថាធិប្បាយ​ចំពោះ​ការ​រក​ឃើញ​របស់​ក្រុម​ស្រាវជ្រាវ​នេះ។ បើ​ទោះ​ជា​យ៉ាង​ណា លោក រស់ រ៉ាវុធ យល់​ឃើញ​ថា ថ្វី​បើ​នៅ​ពេល​នេះ គេ​ពិបាក​សន្និដ្ឋាន​ថា ការ​រក​ឃើញ​របស់​ក្រុម​ស្រាវជ្រាវ​របស់​រាជបណ្ឌិត្យសភា​ខុស ឬ​ត្រូវ វា​ក៏​ជា​មធ្យោបាយ​ល្អ​ដែរ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ លោក​បន្ត​ថា «ការ​ស្រាវជ្រាវ​នេះ​យើង​សង្កេត​ឃើញ​ថា​មិន​មែន​គេ​ហៅ​ថា​ចេះ​ចាត់​ចែង និង​បោះ​បង្គោល ឬ​យ៉ាង​ណា​ទេ គឺ​ស្រាវជ្រាវ​គ្រាន់​តែ​ឲ្យ​ឃើញ ដើម្បី​សម្គាល់​ថា​បង្គោល​នេះ​នៅ​ខាង​ណា បង្គោល​មាន​លក្ខណៈ​យ៉ាង​ម៉េច ហើយ​ស្ថិត​នៅ​ទីតាំង​ណា»

ប្រទេស​កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រមាណ ១.២៧០​គីឡូម៉ែត្រ។ តាម​គម្រោង​របស់​រដ្ឋាភិបាល​កន្លង​មក ការ​បោះ​បង្គោល​ព្រំដែន​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១២។ ក៏ប៉ុន្តែ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​ធ្លាប់​បញ្ជាក់​ថា មូលហេតុ​នៃ​ភាព​យឺតយ៉ាវ​នេះ ដោយសារ​មាន​រឿង​ខ្លះ​ទៀត​ដែល​ត្រូវ​ដោះស្រាយ។ ហេតុ​នេះ​ទើប​គម្រោង​ត្រូវ​បន្ត​ពន្យារ​ពេល​រហូត​មក​ដល់​ពេល​នេះ​ទៀត។ ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដំណើរ​ការ​ទៅ​បាន​ប្រមាណ ៧០​ភាគរយ​ហើយ។ បើ​ទោះ​ជា​បែប​ណា សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​នៅ​តែ​ចាត់​ទុក​ការ​ស្រាវជ្រាវ​នេះ​ថា មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ពី​ភាព​ត្រឹមត្រូវ​ដូច​ការ​អះអាង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (12)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ដាញ់ កឹង

ពី កម្ពុជាក្រោម

បណ្ឌឹត សុខ ទូច គ្រាន់តែជាកូនអុកតូចមួយរបស់បណ្ឌឹតសុភាចារ្យ ហ៊ុន សែន និងបណ្ឌឹតសុភាចារ្យសុខ អានប៉ុណ្ណោះ។ ហ៊ុន សែន និង សុខ អាន បញ្ចេញសុខ ទូចឲ្យបើកមាត់មាត់ពេលណា ហ៊ុន សែន និងសុខ អាន ត្រូវការសុខ ទូចឲ្យការពារការបាត់បង់ដីទៅក្នុងដៃវៀត ណាម។ រឿងផ្ទៀងផែនទី ហ៊ុន សែន អសប វៀតណាមគឺជាឆាកដែលហ៊ុន សែន សុខ អានចងការមុខ សុខ ទូចជាស្រមោលវាំងននផ្សែង ផ្ទេរបន្ទុកពីហ៊ុន​សែន សុខ អាន វ៉ា គឹមហុង ទៅសុខទូចពីព្រោះសុខ ទូច នៅជាបុគ្គលឲ្យសាធារណជននៅសង្ស័យថាប្រហែលជា"អ្នកស្នេហាជាតិ" នៅឡើយ។ការពិត សុខ ទូច ជាឧបករណ៍ដែលហ៊ុន សែន សុខ អាន វ៉ា គឹមហុងនៅប្រើប្រាស់បាននៅឡើយ។ សុខ ទូចមានមោទនភាព តែល្ងង់ខ្លៅនយោបាយ។ ម្ដងនេះក៍ដូចមុន សុខ ទូច នៅតែជាឡប់ឡែសំរាប់ហ៊ុន សែន សុខ អាន វ៉ា គឹមហុង នៅឡើយក្នុងរឿងដីខ្មែរជាប់ព្រំដែនវៀតណាម។ យកមុខសុខ ទូចទៅបិទរឿងត្បូងឃ្មុំ ទុករឿងធំៗឲ្យដេកសម្ងំបំបាំងភ្នែកពលរដ្ខខ្មែរ១៥ លាននាក់។

Feb 07, 2016 01:24 AM

កខ

ពី ភព

បណ្ឌិតសុខទូចនិងបណ្ឌិតហ៊ុនសែនប្រហែលជាបាន
សញ្ញាប័ត្របណ្ឌិតចេញពីសាលាតែមួយព្រោះនិយាយ
និងចិត្តថ្លើមដូចគ្នា។

Feb 05, 2016 03:47 PM

អ្នក​អាន​អនាមិក

So 70% of border already completed. Are these 70% posts in their correct place? Did anyone verify these completed posts or markers?

Feb 05, 2016 02:01 PM

អ្នក​អាន​អនាមិក

Unbelievable! កុំធ្វើជាប្រកែកគ្នាជាមួយពូហុង ល្បិចបំភ័ន្តភ្នែង! វាមិនខ្មែរទៅបោះបង្កោលចូលដីគេទេ! កុំធ្វើធ្វើបែបក្រងិក្រងក់

Feb 05, 2016 02:56 AM

អ្នក​អាន​អនាមិក

សម្រាប់ខ្ញុំជានិស្សិតគឺខ្ញុំជឿលើលោកបណ្ឌិត សុខ ទូច ព្រោះថាគាត់បានចុះទៅមើលផ្ទាល់ភ្នែកមានទាំងរូបភាព និងទីតាំង។ ប៉ុន្តែពួកលោកដែលComment សុទ្ធតែជាមនុស្សឥតប្រយោជន៍បានតែនិយាយហើយមិនធ្វើ ប្រកាន់យកទស្សនៈបើអ្នកណានិយាយមិនកាន់ជើងបក្សអញ អញចោទថាវាយួន ពួកលោកឯងធ្វើអ្វីៗគិតតែប្រយោជន៍ផ្ទាល់ខ្លួន ប្រយោជន៍បក្សមិនបានធ្លុះបញ្ចាំងពីតថភាពពិតឡើយ។

Feb 04, 2016 11:14 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល