កម្ពុជា​បដិសេធ​ថា​មិន​មាន​វត្តមាន​មេ​ដឹក​នាំ​ចលនា​ប្រឆាំង​រដ្ឋ​ប្រហារ​ថៃ​នៅ​កម្ពុជា

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មេ​ដឹក​នាំ​ចលនា​ប្រឆាំង​រដ្ឋ​ប្រហារ​ថៃ បង្កើត​ចលនា​របស់​ពួក​គេ​នៅ​លើ​ទឹក​ដី​កម្ពុជា ដើម្បី​ប្រឆាំង​មេ​ដឹក​នាំ​យោធា​ថៃ ដែល​កំពុង​កាន់​អំណាច​នោះ​ទេ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេ​ដឹក​នាំ​យោធា​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) បាន​បញ្ជា​ឲ្យ​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា បញ្ជាក់​អះអាង​អំពី​វត្តមាន​របស់​មេ​ដឹក​នាំ​ចលនា​ប្រឆាំង​រដ្ឋ​ប្រហារ​ថៃ នៅ​កម្ពុជា។

ក្នុង​ពេល​ដែល​រដ្ឋាភិបាល​យោធា​ថៃ របស់​លោក ប្រាយុទ្ធ ចាន់អូចា កំពុង​ចាត់​វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់ សន្តិសុខ ក្នុង​ប្រទេស​ថៃ ឧត្តមសេនីយ៍​យោធា​ថៃ រូប​នេះ ក៏​កំពុង​សង្ស័យ​ថា មេ​ដឹក​នាំ​ចលនា​ប្រឆាំង​យោធា​ថៃ លោក ចក្រភព ភែនឃែរ (Jakrapob Penkair) កំពុង​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា។

ប៉ុន្តែ ជុំវិញ​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ថា លោក ចក្រភព ភែនឃែរ ពុំ​មាន​វត្តមាន​នៅ​កម្ពុជា ឡើយ។ លោក​ថា នៅ​ពេល​ដែល​អាជ្ញាធរ​ត្រួត​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​អ្នក​ចេញ​ចូល​តាម​ច្រក​ចូល​ព្រំដែន​កម្ពុជា-ថៃ ក៏​ពុំ​មាន​ឈ្មោះ ចក្រភព ភែនឃែរ នេះ​ឆ្លង​ដែន​ចូល​មក​កម្ពុជា ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ខៀវ សុភ័គ អះអាង​ប្រាប់​ទៅ​ភាគី​ថៃ វិញ​ថា ប្រទេស​កម្ពុជា មិន​មាន​គោល​នយោបាយ​កាន់​ជើង​ចលនា​ណា​មួយ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ណា​មួយ​នោះ​ទេ។

លោក ខៀវ សុភ័គ៖ «យើង​មិន​លូក​ដៃ​ផ្ទៃ​ក្នុង​កិច្ចការ​នេះ​ទេ សូម​ឲ្យ​រដ្ឋាភិបាល​ថៃ លោក​យល់​ច្បាស់​អំពី​គោលការណ៍​របស់​យើង ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ស្រេច​ទៅ​ហើយ។ ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​អព្យាក្រឹត អចិន្ត្រៃយ៍ មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ណា​ទាំងអស់ ដោយសារ​តែ​មេ​រៀន​ឈឺ​ចាប់​របស់​យើង ដែល​ទទួល​បាន​កន្លង​មក​ក្នុង​ប្រវត្តិសាស្ត្រ»

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា កាសែត ឌឹ ណេស្សិន (The Nation) របស់​ថៃ បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក សេក វណ្ណមេធី ដែល​បាន​លើក​ឡើង​ថា លោក ប្រាយុទ្ធ ចាន់អូចា បាន​បញ្ជា​ឲ្យ​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា បញ្ជាក់​អំពី​ព័ត៌មាន​ដែល​ថា មេ​ដឹក​នាំ​ចលនា​ប្រឆាំង​យោធា​ថៃ លោក ចក្រភព ភែនឃែរ (Jakrapob Penkair) កំពុង​មាន​វត្តមាន​នៅ​កម្ពុជា។

លោក ប្រាយុទ្ធ ចាន់អូចា ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា ត្រួត​ពិនិត្យ​សកម្មភាព​របស់​បុគ្គល ឬ​ក្រុម​នៃ​ចលនា​ប្រឆាំង​រដ្ឋ​ប្រហារ​ថៃ នេះ​ដែល លោក ចាន់អូចា អះអាង​ថា ជា​ញឹកញយ​មេ​ដឹក​នាំ​ចលនា​នេះ គឺ​លោក ចក្រភព ភែនឃែរ បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​កម្ពុជា ថា​ពួក​គេ​បាន​បង្កើត​ចលនា​នៅ​កម្ពុជា ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​យោធា​ថៃ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ខៀវ សុភ័គ ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា មិន​ទាន់​ទទួល​បាន​លិខិត​ផ្លូវ​ការ​ណា​មួយ​ពី​រដ្ឋាភិបាល​យោធា​ថៃ ដែល​បញ្ជាក់​អំពី​ឈ្មោះ ឬ​ចំនួន​មនុស្ស​ដែល​ស្ថិត​ក្នុង​ចលនា​ប្រឆាំង​យោធា​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ លោក​ថ្លែង​ថា កម្ពុជា ជា​ប្រទេស​បើក​ចំហ អ្នក​ណា​ក៏ដោយ​ឲ្យ​តែ​មាន​លិខិត​ឆ្លង​ដែន គឺ​អាច​ចូល​ប្រទេស​កម្ពុជា បាន​ទាំងអស់ ឲ្យ​តែ​ពួក​គេ​គោរព​ច្បាប់​របស់​កម្ពុជា។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​រដ្ឋាភិបាល​ថៃ សង្ស័យ​ថា ក្រុម​អាវ​ក្រហម​របស់ លោក ចក្រភព ភែនឃែរ បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ថៃ នៅ​លើ​ទឹក​ដី​កម្ពុជា។ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ នៅ​ពេល​ដែល​កម្តៅ​នយោបាយ​កើន​ឡើង​ខ្លាំង​រវាង​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល លោក អាភីស៊ីត រដ្ឋាភិបាល​ថៃ ពេល​នោះ ក៏​បាន​លើក​ឡើង​ថា ក្រុម​អាវ​ក្រហម​បាន​លួច​ដឹក​ជញ្ជូន​អាវុធ​ពី​កម្ពុជា ទៅ​ទីក្រុង​បាងកក ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល លោក អាភីស៊ីត ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា នៅ​ពេល​នោះ ក៏​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​ដូច​គ្នា​នេះ​ដែរ។

ត្រង់​ចំណុច​នេះ លោក ខៀវ សុភ័គ កត់​សម្គាល់​ថា ជា​រួម​ក្នុង​នាម​ជា​ប្រទេស​ក្បែរ​ខាង កម្ពុជា មិន​ចង់​ឃើញ​ភ្លើង​សង្គ្រាម​ឆាបឆេះ​ក្នុង​ប្រទេស​ថៃ នោះ​ឡើយ ព្រោះ​លោក​ថា បើ​មាន​ភ្លើង​ឆេះ​នៅ​ប្រទេស​ថៃ បើ​ភ្លើង​នោះ​មិន​រាល​ដាល​ដល់​កម្ពុជា ក៏​វា​អាច​ធ្វើ​ឲ្យ​កម្ពុជា ទទួល​កម្ដៅ​ខ្លះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។