“កម្ពុជា​ប្រឈម​នឹង​បញ្ហា​ស្ថាប័ន​សំខាន់ៗ​មិន​ឯករាជ្យ​និង​បក្ខពួក​គ្រួសារ​និយម”

0:00 / 0:00

ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា អះអាង​ថា កម្ពុជា កំពុង​អវត្តមាន​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន ដែល​តម្រូវ​ឲ្យ​មាន​ឯករាជ្យ​ភាព។ ពួក​គេ​និយាយ​ថា ប្រទេស​ដែល​គ្មាន​ច្បាប់​រឹងមាំ ស្ថាប័ន​រដ្ឋ​ដែល​ពោរពេញ​ទៅ​ដោយ​បក្ខពួក និង​គ្រួសារ​និយម បាន​ធ្វើ​ឲ្យ​ស្ថាប័ន​ឯករាជ្យ​ទាំង​នោះ​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ។ ហើយ​ប្រសិន​បើ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​នោះ កុំ​សង្ឃឹម​ថា គ.ជ.ប ឬ​ស្ថាប័ន​សភា​អាច​ធ្វើ​កិច្ចការ​របស់​ខ្លួន​ឯករាជ្យ មិន​មាន​ការ​ជឿជាក់​ពី​មហាជន​នោះ។

ពាក្យ​ថា​ឯករាជ្យ​ភាព មាន​ន័យ​ថា ប្រជាជាតិ ប្រទេស ឬ​រដ្ឋ ដែល​ពលរដ្ឋ​មាន​រដ្ឋាភិបាល​ដោយ​ខ្លួន​ឯង មាន​អធិបតេយ្យភាព​ទៅ​លើ​បូរណភាព​ទឹក​ដី​របស់​ខ្លួន។ ចំពោះ​បរិបទ​អភិបាល​កិច្ច​វិញ ពាក្យ​ថា​ឯករាជ្យ គឺ​មាន​ន័យ​ថា គ្មាន​ការ​ជ្រៀតជ្រែក​ពី​សំណាក់​ខាង​ក្រៅ ឬ​ពី​ក្រុម​អ្នក​កាន់​អំណាច។

អស់​រយៈពេល ២១​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក កម្ពុជា ខកខាន​មិន​បាន​ទទួល​ការ​ដឹក​នាំ​ដោយ​យក​ច្បាប់​ជា​ធំ​នោះ​ទេ។ រាល់​ស្ថាប័ន​ធំៗ ដូចជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ប្រព័ន្ធ​តុលាការ និង​រដ្ឋសភា ដែល​តម្រូវ​ឲ្យ​ស្ថិត​នៅ​ឯករាជ្យ​នោះ ក៏​បាន​រង​នូវ​សម្ពាធ និង​ការ​ជ្រៀតជ្រែក​ជោគជាំ​ពី​ក្រុម​អ្នក​កាន់​អំណាច។

សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា បើ​ទោះ​បី​ជា កម្ពុជា មាន​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ល្អ​ជាច្រើន​ក៏ដោយ ក៏​ការ​ដឹក​នាំ​នៅ​កម្ពុជា នៅ​តែ​ផ្អែក​លើ​ការ​បញ្ជា​ដដែល។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហុងកុង (Hong Kong) លោក បាស៊ីល ហ្វឺណាន់ដូ (Basil Fernando) មាន​ប្រសាសន៍​ថា ស្តង់ដារ​ដឹក​នាំ និង​ស្តង់ដារ​ច្បាប់​របស់​កម្ពុជា ដូច​គ្នា​ទៅ​នឹង​ការ​ដឹក​នាំ​នៅ​ប្រទេស​វៀតណាម៖ «មូលដ្ឋាន​គ្រឹះ​នៃ​រចនាសម្ព័ន្ធ​ច្បាប់​របស់​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ នៅ​តែ​អនុវត្ត​តាម​ប្រព័ន្ធ​ច្បាប់​របស់​វៀតណាម ហើយ​ប្រព័ន្ធ​បញ្ជា​ដោយ​ផ្ទាល់​មាត់​នោះ នៅ​តែ​មិន​ទាន់​អាច​ផ្លាស់​ប្ដូរ​បាន​ដដែល។ ច្បាប់​ជាច្រើន ត្រូវ​បាន​អនុម័ត រួម​ទាំង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ច្បាប់​ទាំង​នោះ​ដូច​ជា​ក្រដាស​តែ​ប៉ុណ្ណោះ។ កម្ពុជា មិន​អាច​ក្លាយ​ទៅ​ជា​សង្គម​មួយ​ដែល​ដឹក​នាំ​ប្រកប​ដោយ​មូលដ្ឋាន​ច្បាប់​នោះ​ទេ ល្គឹកណា លោក ហ៊ុន សែន នៅ​តែ​ដឹក​នាំ​តាម​រយៈ​ការ​បញ្ជា​ផ្ទាល់​ខ្លួន​តែ​ម្នាក់​ឯង​នោះ។ ប្រសិន​បើ​ប្រទេស​គ្មាន​មូលដ្ឋាន​ច្បាប់​ពិត​ប្រាកដ​នោះ កុំ​សង្ឃឹម​ថា កម្ពុជា នឹង​អាច​មាន​ស្ថាប័ន​ឯករាជ្យ​ពិត​ប្រាកដ​បាន​ឲ្យ​សោះ»

លោក​បន្ត​ថា ភាព​ស្រប​ច្បាប់​នៃ​ការ​ដឹក​នាំ​តាម​បែប​ការ​បញ្ជា​ផ្ទាល់​មាត់​របស់ លោក ហ៊ុន សែន មិន​បាន​ស្ដែង​ចេញ​តាម​រយៈ​ឆន្ទៈ​នៃ​សិទ្ធិ​អំណាច​របស់​ពលរដ្ឋ​នោះ​ឡើយ។ ហើយ​ថា ប្រសិន​រដ្ឋាភិបាល​មិន​ទទួល​យក ឬ​គោរព​ទស្សនៈ​របស់​ពលរដ្ឋ​នោះ ឯករាជ្យ​ភាព​ក៏​គ្មាន​ន័យ​អ្វី​ដែរ។

លោក បាស៊ីល ហ្វឺណាន់ដូ ដែល​ជា​អតីត​មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អាជ្ញាធរ​បណ្ដោះអាសន្ន នៃ​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) ដែរ​នោះ ក៏​បាន​អះអាង​ថា ប្រសិន​បើ​កម្ពុជា គ្មាន​ស្ថាប័ន​ឯករាជ្យ ឬ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ទេ​នោះ កម្ពុជា នៅ​តែ​អន់​ថយ កម្ពុជា នៅ​តែ​ក្រីក្រ ហើយ​នៅ​តែ​ជួប​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​ដូច​ពេល​បច្ចុប្បន្ន។

ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​ឃ្លាំ​មើល​ជាច្រើន​និយាយ​ថា គំនិត​អំពី​ការ​ធ្វើ​ឲ្យ​មាន​ឯករាជ្យ​ភាព​សម្រាប់​ស្ថាប័ន​ជាតិ​សំខាន់ៗ តម្រូវ​ដោយ​រដ្ឋធម្មនុញ្ញ​នោះ សឹង​តែ​មិន​អាច​ស្រមើស្រមៃ​បាន​ទេ​សម្រាប់​បរិបទ​នយោបាយ​បែប​កម្ពុជា។

កុំ​ថា​ឡើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ធានា​នូវ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ កុំ​ថា​ឡើយ​ជម្លោះ​ដីធ្លី តែ​សូម្បី​តែ​សិទ្ធិ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ និង​កិច្ច​សន្យា​ផ្សេងៗ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​មួយ​នេះ ក៏​មិន​អាច​ធានា​បាន​ដែរ។

ក្រុម​អ្នក​ច្បាប់​និយាយ​ថា បរិបទ​កម្ពុជា ក្នុង​ស្ថានភាព​បែប​នេះ ហាក់​ស្ថិត​នៅ​លើ​ចំណុច​មួយ​ដ៏​សែន​ឆ្ងាយ​ក្នុង​ការ​ឈោង​បង្កើត​គណៈកម្មការ​ឯករាជ្យ ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ឬ​រដ្ឋសភា​ជាតិ​ឯករាជ្យ​នោះ។

លោក ម៉ាក ម័រស្ទែន (Mark Moorstein) ជា​មេធាវី​នៃ​ក្រុមហ៊ុន​ច្បាប់​អាមេរិកាំង​មួយ​ឈ្មោះ រីស៍ ប្រួន (Rees Broome) ប្រចាំ​រដ្ឋ​វឺជីញា (Virginia) មាន​ប្រសាសន៍​ថា បញ្ហា​ដែល​កំពុង​កើត​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ភាគ​ច្រើន គឺ​ដោយ​អំណាច​ទាំង​បី​របស់​ប្រទេស​មិន​បាន​បែង​ចែក​ឲ្យ​ដាច់​ពី​គ្នា។ លោក​បន្ត​ថា ដើម្បី​ស្ថាប័ន​មួយ​ឯករាជ្យ ឬ​ដើម្បី​បុគ្គល​ម្នាក់​ឯករាជ្យ​ទៅ​បាន លុះត្រា​តែ​រដ្ឋ​មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​អធិបតេយ្យ​ក្រុម​មនុស្ស​ទាំង​នោះ៖ «ដើម្បី​បង្កើត​ភ្នាក់ងារ​ឯករាជ្យ​ពេញ​លេញ​មួយ​ទៅ​បាន គឺ​តម្រូវ​ឲ្យ​មាន​មនុស្ស​ដែល​មាន​អធិបតេយ្យ​លើ​ខ្លួន​ឯង និង​ការ​ការពារ​ដោយ​រដ្ឋ​ពី​ការ​គំរាម​កំហែង ការ​យាយី ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​បំពារបំពាន​រូប​រាង​កាយ និង​ការ​ការពារ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ជាដើម»

ប៉ុន្តែ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិញ​បាន​ផ្តល់​អនុសាសន៍​ថា ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​មួយ​មាន​ឯករាជ្យ​ទៅ​បាន លុះត្រា​តែ​ស្ថាប័ន​នោះ​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​មនុស្ស​ដែល​មាន​សេចក្តី​ក្លាហាន​ជា​មនុស្ស​ដែល​មាន​ជំហរ​ឯករាជ្យ មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ និង​គណបក្ស​ណា​ទាំងអស់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កម្ពុជា បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គ​ចៅក្រម ដែល​ច្បាប់​ទាំង​នេះ គឺ​ជា​គន្លឹះ​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​មាន​ភាព​ឯករាជ្យ ដែល​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ បាន​រង់ចាំ​ឲ្យ​មាន​ការ​អនុម័ត​អស់​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ។

ប៉ុន្តែ​ក្រុម​សង្គម​ស៊ីវិល​និយាយ​ថា ច្បាប់​ទាំង​បី​នេះ​កាន់​តែ​ទាញ​ឲ្យ​ប្រព័ន្ធ​តុលាការ ឲ្យ​ធ្លាក់​រណ្ដៅ​លែង​ឯករាជ្យ និង​កាន់​តែ​មាន​ចរិត​នយោបាយ​ថែម​ទៀត។ ហើយ​ជា​លទ្ធផល ច្បាប់​ទាំង​បី​នេះ​នៅ​តែ​មាន​ការ​ជ្រៀតជ្រែក​ពី​ក្រុម​បក្ស​កាន់​អំណាច​ដដែល ដោយសារ​អំណាច​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មាន​ឥទ្ធិពល​ធំ​ធេង​ក្នុង​ការ​ចាត់​ចែង​ថវិកា​ទៅ​ក្នុង​ស្ថាប័ន​ទាំង​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក សំ ប្រជាមានិត អះអាង​ថា តុលាការ​ធ្វើ​ការងារ​របស់​ខ្លួន​ដោយ​ឯករាជ្យ ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ និង​គ្មាន​ការ​ជ្រៀតជ្រែក​ពី​អ្នក​នយោបាយ​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា ការ​សម្រេច​រឿង​ក្ដី​របស់​ចៅក្រម គឺ​ស្ថិត​នៅ​លើ​ច្បាប់។ ប៉ុន្តែ លោក បាស៊ីល ហ្វឺណាន់ដូ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី និយាយ​ថា សម្រាប់​ប្រទេស​កម្ពុជា ភាគ​ច្រើន​ច្បាប់​មាន​តែ​នៅ​លើ​ក្រដាស។ លោក​មាន​ប្រសាសន៍​ថា កម្ពុជា គួរ​តែ​ឆក់​ឱកាស​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​នេះ ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​នីតិរដ្ឋ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។