កម្ពុជាបានប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិកំពូលមួយនេះ ជាថ្មីឡើងវិញ កាលពីខែមេសា ឆ្នាំ២០១១ ក្រោយពីប្រាសាទព្រះវិហារមានជម្លោះដោយយោធាម្ដងទៀត កាលពីឆ្នាំ២០០៨។
គិតមកដល់ពេលនេះ ជម្លោះនៅតំបន់ប្រាសាទព្រះវិហារ បានអូសបន្លាយអស់រយៈពេលជាង ៥០ឆ្នាំមកហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ភាពតានតឹងនេះ បានកក្រើកជាថ្មីឡើងវិញ ដែលបណ្ដាលឲ្យ ភាគីទាំងពីរ ឈានដល់ការប្រើប្រាស់អាវុធ រហូតមានស្លាប់ និងរបួសជាបន្តបន្ទាប់។ ដើម្បីដោះស្រាយការប្រឈមមុខដោយយោធានេះ នៅនាទីចុងក្រោយ ភាគីកម្ពុជាសម្រេច ស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលក្រម ឆ្នាំ១៩៦២ ដែលមានជម្លោះដ៏តានតឹងនេះ ឡើងវិញ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកកិច្ចការបរទេសចាត់ទុកថា ជម្លោះនេះផ្ដើមចេញពីចំណុចតួចមួយ គឺភាគីថៃ ប្រឆាំងកម្ពុជា ដែលសម្រេចដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ភ្លាមៗក្រោយពីកម្ពុជា ដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីរបស់អង្គការ យូណេស្កូ (UNESCO) កាលពីឆ្នាំ២០០៨ កាលណោះភាគីថៃ ដែលមានលោក អាភីស៊ីត វេចាជីវ៉ា ជានាយករដ្ឋមន្ត្រីក៏បានបញ្ជូនយោធារបស់ខ្លួន ឡើងប្រាសាទព្រះវិហារដែរ។ ផ្ដើមពីបញ្ហានេះហើយ ដែលបណ្ដាលឲ្យកម្ពុជា និងថៃ ប្រើប្រាស់អាវុធ ដើម្បីដោះស្រាយបញ្ហា ក្រោយឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១។
កាលពីឆ្នាំ១៩៦២ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិបានកាត់ឲ្យកម្ពុជាឈ្នះក្ដីលើប្រទេសថៃ រឿងប្រាសាទព្រះវិហារនេះម្ដងរួចមកហើយ។ អ្វីដែលតុលាការយុត្តិធម៌ពិភពលោកនេះ សម្រេចឲ្យកម្ពុជា ឈ្នះក្ដីលើប្រទេសថៃ នៅគ្រានោះ គឺដោយសំអាងជាពិសេស លើផែនទី ដែលបារាំង គូរនៅឆ្នាំ១៩០៧ ដោយចាត់ទុកថា ប្រទេសកម្ពុជា គឺជាម្ចាស់ស្របច្បាប់នៃប្រាសាទព្រះវិហារ។ ទន្ទឹមនឹងនោះ សាលក្រម កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការក្រុងឡាអេ តម្រូវឲ្យប្រទេសថៃ ដែលកាលណោះហៅថាសៀម ប្រគល់ឲ្យកម្ពុជាវិញ នូវវត្ថុបុរាណទាំងអស់ ដែលសៀមបានយកទៅ នៅពេលសៀមកាន់កាប់ប្រាសាទព្រះវិហារ។
ទាំងផែនទីដែលបារាំងគូរ ដែលហៅថាអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសាលក្រម ឆ្នាំ១៩៦២ គឺជាតឹកតាង បញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ គឺជារបស់ខ្មែរ តាំងពីសម័យនោះមក។ បីឆ្នាំក្រោយពោលគឺ នៅឆ្នាំ១៩០៧ ពេលដែលបារាំងគូរផែនទីថ្មី បែងចែកព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសសៀមរួច។ ចំណែកប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ កាលណោះ ប្រគល់មកឲ្យខាងកម្ពុជា។ ចាប់តាំងពីពេលនោះមក ថៃមិនដែលតវ៉ាអ្វីឡើយ អស់ពេលជាងពាក់កណ្ដាលមួយសតវត្សរ៍មកនេះ។
ទើបតែនៅឆ្នាំ២០០៨ ក្រោយពីប្រាសាទព្រះវិហារត្រូវបានកម្ពុជាសម្រេចដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជ្រោមជ្រែងដោយ អង្គការ យូណេស្កូ (UNESCO) ភាគីថៃក៏ផ្ដើមជំទាស់ និងបង្កជម្លោះយោធា នៅតាមព្រំដែនឡើង។ ដោយគ្មានអ្វីសេសសល់ ថៃបានបង្កើតសេនារីយោថ្មីមួយទៀតគឺបង្កើត តំបន់ ៤,៦ គីឡូម៉ែត្រការ៉េ ដីក្បែរប្រាសាទព្រះវិហារ ថាជារបស់ខ្លួន។ ដោយមើលឃើញថាប្រាសាទព្រះវិហារ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ ហើយនោះ។ ម្យ៉ាងវិញទៀត ដោយមានសម្ពាធ ពីក្រុមជ្រុលនិយមអាវលឿងថៃផង កាលណោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានក្រុមអាវលឿងថៃ ធ្វើរដ្ឋប្រហារទម្លាក់ កាលពីឆ្នាំ២០០៦ ដោយចោទថា បានធ្វើឲ្យបាត់បង់ទឹកដីមកខាងកម្ពុជា។
ក្រោយពីអតីតនាយករដ្ឋមន្ត្រីថ្មីឡើងកាន់អំណាច គឺលោក អាភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) ក៏បានបញ្ជូនកងយោធាភ្លាមៗ ឡើងមកកាន់វត្តកែវសិក្ខាគិរីស្វារៈ ក្នុងបំណងគ្រប់គ្រង ប្រាសាទព្រះវិហារ។ នៅក្នុងចន្លោះឆ្នាំ២០០៨ មកដល់ឆ្នាំ២០១១ កម្ពុជា និងថៃ បានផ្ទុះអាវុធជាច្រើនលើកច្រើនសារ រហូតធ្វើឲ្យតួប្រាសាទវត្តក្បែរប្រាសាទ មនុស្ស និង សត្វ ត្រូវជម្លៀសរកទីសុវត្ថិភាព។ ក្នុងនោះយោធា ទាំងសង្ខាងមានស្លាប់ និងរបួស។ ស្របពេលតំណាងរដ្ឋាភិបាល របស់ប្រទេសទាំងពីរ បានបើកកិច្ចប្រជុំ ដើម្បីទម្លុះទម្លាយភាពជាប់គាំងនេះ ម្ដងជាពីរម្ដង មិនបានសម្រេច ទើបកម្ពុជា បង្ខំដាក់ពាក្យទៅតុលាការ យុត្តិធម៌អន្តរជាតិម្ដងទៀត កាលពីថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១១ ឲ្យបកស្រាយឡើងវិញ អំពីកាលក្រមឆ្នាំ១៩៦២។
នៅមុនការប្រកាសសាលដីកា ចាប់ផ្ដើម ប៉ុន្មានថ្ងៃមុន ភាគីថៃ បានបង្កើតចលនាផ្សេងៗ ដោយរួមទាំងបង្កើនកម្លាំងយោធា នៅតាមព្រំដែន និង ចោទកម្ពុជាថា មិនបានគោរពកិច្ចព្រមព្រៀង ដែលសន្យាមិនឲ្យមានចល័តទ័ព នៅទីដែលមានជម្លោះថែមទៀត។ ទោះបីមេដឹកនាំកំពូល របស់ប្រទេសទាំងពីរ បានអំពាវនាវ ឲ្យពលរដ្ឋ និង យោធា បន្តស្ងប់ស្ងៀម ក៏ដោយចុះ ក៏កម្លាំងយោធា ត្រូវបានពង្រឹង និង ប្រុងជើងការរៀងៗខ្លួនដែរនៅពេលនេះ។
កាលពីថ្ងៃទី៨ វិច្ឆិកា កន្លងទៅនេះ មន្ត្រីរាជទូតថៃ ប្រចាំប្រទេសហូល្លង់ដ៍ (Netherlands) លោក វីរ៉ាឆៃ ផ្លាសៃ (Virakchai Plasai ) ត្រូវបានកាសែត បាងកកប៉ុស្តិ៍ ដកស្រង់សំដី ដោយនិយាយ តុលាការយុត្តិធម៌ អន្តរជាតិទីក្រុងឡាអេ ទំនងនឹងធ្វើសេចក្ដីសន្និដ្ឋាន របស់ខ្លួន ទៅលើលទ្ធផល ចំនួន៤នៅថ្ងៃទី១១ វិច្ឆិកា គឺទីមួយ តុលាការកំពូលពិភពលោកនេះ នឹងពុំមានយុត្តាធិការ ណាមួយ នៅក្នុងជម្លោះនេះឡើយ ទីពីរ ផ្ទៃដីដែលជុំវិញទីតាំង ដែលមានជម្លោះនោះ អាចជាកម្មសិទ្ធិ របស់កម្ពុជា ទីបី ទីតាំងដែលមានជម្លោះនោះ អាចត្រូវបានកំណត់ តាមការគូរវាស របស់ថៃ និង ទីបួន តុលាការនឹងទុកឲ្យភាគីជម្លោះទាំងពីរ បន្តការចរចា ទ្វេភាគីក្នុងតំបន់ជាថ្មីទៀត។
បើទោះជាទឡ្ហីករណ៍ ដែលភាគីថៃទាញយក ដើម្បីធ្វើសេចក្ដីសន្និដ្ឋាននេះ ហាក់មានការប្រទង់ប្រទាញគ្នាបន្តិចក្ដី សម្រាប់ក្រុមអ្នកវិភាគកម្ពុជា គិតថា ឥទ្ធិពលណាមួយនៃសេចក្ដីសម្រេចនៅនាទីចុងក្រោយនេះ កម្ពុជា ក៏ទទួលបានជ័យជម្នះលើភាគីថៃដែរ។
ចំណែក លោក សុក សំអឿន នាយកអង្គការ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ពន្យល់ថា ផ្អែកតាម គោលការណ៍ច្បាប់ បើភាគីណាមួយ មិនគោរពតាមអំណាច សាលដីកា របស់តុលាការកំពូលពិភពលោកនេះទេ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អាចមានសិទ្ធិចាប់បង្ខំភាគី ដែលមានជម្លោះនោះ ឲ្យអនុវត្តតាម៖ «មិនគោរពអង្គការសហប្រជាជាតិគេអាចបង្ខំ។ អាហ្នឹងត្រូវទៅដល់ក្រុមប្រឹក្សាគេអាចធ្វើអ្វីមួយហើយ សម្រាប់ឲ្យភាគីដែលមិនគោរពហ្នឹង ឲ្យគោរពអ្ហា»។
លោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រនយោបាយ ចាត់ទុកថា ការព្យាយាមម្ដងហើយម្ដង ដោយបង្កើតយុទ្ធសាស្ត្រ ផ្ទុយពីគោលការណ៍ ច្បាប់ គឺជារបៀបធ្វើនំអត់ស្មៅប៉ុណ្ណោះ របស់ថៃ។ លោក សុខ ទូច គិតថា កម្ពុជានឹងមិនបរាជ័យ ចំពោះមុខនេះឡើយ។លោក បញ្ជាក់ថា ព្រោះកម្ពុជាមានលក្ខណៈ គ្រប់គ្រាន់តាមផ្លូវច្បាប់៖ «គ្រាន់តែបកស្រាយ ដែលថៃ វង្វេងប្រវត្តិសាស្ត្រ កាលពីឆ្នាំពីឆ្នាំ១៩៦២ ហ្នឹងមកបង្ហាញសារជាថ្មីទេ។ តាមពិតនេះបង្ហាញអំពីភាពខ្សោយរបស់ខ្មែរទេ។ បើខ្មែរខ្លាំងវិញ ខ្មែរអាចប្រើប្រាស់កម្លាំងកងទ័ព ឲ្យថៃគោរពសាលដីកា ឆ្នាំ១៩៦២។ ប៉ុន្តែដោយសារយើងទេ ដែលខ្វះសមត្ថភាព មិនគ្រប់គ្រាន់ ទីមួយ ទីពីរឬក៏គឺដោយសារយើងមិនចង់ធ្វើសង្គ្រាមហ្នឹង បានយើងរុញបញ្ហានេះ ទៅឡាអេ ដើម្បីឲ្យឡាអេ បកស្រាយសាដើមឡើងវិញ។ នៅឆ្នាំ១៩៦២ មានបីចំណុច ទីមួយប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីខ្មែរ អាហ្នឹងច្បាស់ណាស់។ ហើយទីពីរ សូមឲ្យទាហានថៃ ឬក៏ឆ្មាំថៃហ្នឹង ដកចេញចេញពីប្រាសាទព្រះវិហារ។ ទីបី សូមឲ្យថៃដែលចូលលួចបេតិកភណ្ឌ ទាំងអស់ហ្នឹងចេញពីប្រាសាទ ឲ្យវិលត្រឡប់មកវិញ។ ថៃ មិនធ្វើទាន់ធ្វើអាចំណុចទីបីហ្នឹងផង។ អ៊ីចឹងទេ ខ្ញុំបានជម្រាបម្ដងហើយម្ដងទៀតថា ប្រទេសថៃ ហ្នឹង សូម្បីតែរាំអប្បរា រាំរាជ្យទ្រព្យ រាំឲ្យបានដូច ដែលមាននៅក្នុងអប្បរាហ្នឹង គឺរាំមិនកើតផង»។
ទ្វារដែលកំពុងតែចំហ គឺកម្ពុជា ចង់បិទ ឬបើកនៅពេលណាក៏បាន មិនចាំបាច់ត្រូវរង់ចាំភាគីថៃ ឡើយ ព្រោះថាកូនសោទ្វារនៅពេលនេះ គឺស្ថិតនៅក្នុងដៃរបស់កម្ពុជា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕