អនុប្រធាន​គណបក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន ជា​ឃាតក​និង​ជា​មេដឹកនាំ​ផ្ដាច់ការ

ដោយ ទីន ហ្សាការីយ៉ា
2017-11-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ផ្ដល់​បទសម្ភាសន៍ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ផ្ដល់​បទសម្ភាសន៍ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA/Cheu Sideth

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា លោក ហ៊ុន សែន កំពុង​តែ​លាតត្រដាង​កាន់​តែ​ច្បាស់​ពី​ភាព​ឃោរឃៅ និង​ជា​ឃាតក​ដែល​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​អ្នក​ដែល​ប្រឆាំង និង​លោក ក្រោម​ការដឹកនាំ​ផ្ដាច់ការ​របស់​ខ្លួន​នោះ។

អ្នកច្បាប់​ពន្យល់​ថា ការ​លាតត្រដាង​របស់​លោក ហ៊ុន សែន ពី​ការ​ប៉ុនប៉ង​សម្លាប់​មនុស្ស​រង្គាល​នេះ ជា​ឯកសារ​ភស្តុតាង​ដ៏​សំខាន់​មួយ​សម្រាប់​ដាក់​បន្ទុក ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពិភាក្សា​ជាមួយ​មេធាវី​អន្តរជាតិ ដើម្បី​ដាក់​ភស្តុតាង​បន្ថែម​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​ករណី លោក ហ៊ុន សែន ជា​ឃាតក​សម្លាប់​ពលរដ្ឋ​ខ្លួនឯង។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ថា លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ពី​ការ​សោកស្ដាយ ដែល​លោក​មិនបាន​សម្លាប់​ចោល​អ្នក​ដែល​ប្រឆាំង​នឹង លោក កាលពី​ឆ្នាំ​២០១៣ ក្រោយ​ការបោះឆ្នោត​នោះ គឺជា​ភស្តុតាង​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន ជា​ឃាតក នៅ​ពីក្រោយ​ការ​បញ្ជា​កងកម្លាំងប្រដាប់អាវុធ បាញ់សម្លាប់​ពលរដ្ឋ និង​កម្មករ នៅ​ផ្លូវ​វ៉េងស្រេង និង​នៅ​ទីតាំង​ផ្សេងៗ​ទៀត។

លោក អេង ឆៃអ៊ាង អះអាង​ថា គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​ភស្តុតាង​ជាច្រើន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​រួចហើយ ហើយ​មេធាវី​នឹង​ដាក់​ភស្តុតាង​ថ្មី​នេះ​បន្ថែម​ទៀត ក្នុង​ពេល​ឆាប់ៗ​នេះ។ «»

អ្នកច្បាប់​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុងតែ​រំលោភ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដងទៀត ក្នុង​ការ​ប្រកាស​ប្រហារ​ជីវិត​ក្រុម​ប្រឆាំង​នោះ ជា​រឿង​ខុសច្បាប់ ព្រោះ​ថា កម្ពុជា​គ្មាន​ទោស​ប្រហារ​ជីវិត​ឡើយ។

លោក មេធាវី ហែម សុជាតិ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២២ វិច្ឆិកា ថា បើសិនជា​ការ​សម្លាប់​មនុស្ស​ទោះបីជា​ស្ថិត​នៅ​ក្នុង​រង្វង់​បាតុកម្ម​ក្ដី ឬ​មិនមែន​បាតុកម្ម​ក្ដី ដោយ​បង្ក​ឡើង​ដោយ​អាជ្ញាធរ​រដ្ឋ និង​មាន​បទបញ្ជា​ពី​ថ្នាក់លើ​នោះ គឺជា​បទល្មើស។ ហើយ​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​យុត្តាធិការ​ក្នុង​ការ​ស៊ើបអង្កេត​ករណី​នេះ ឬ​ក៏​ជា​ភស្តុតាង​មួយ​ដ៏​សំខាន់។ «»

លោក ហ៊ុន សែន សំដែង​ពី​ការ​សោកស្ដាយ​ដែល​មិន​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ ឬ​ក្រុម​ប្រឆាំង​នឹង​លោក​ឲ្យ​អស់ ព្រោះ​លោក​ទើបតែ ដឹង​អំពី​ផែនការ​ដែល​លោក​ចោទ​ថា ជា​គម្រោង​ផ្ដាច់ព្រ័ត្រ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ លោក ហ៊ុន សែន អះអាង​បន្ថែម​ថា អ្នក​ដែល​លោក​មិនបាន​សម្លាប់​ទាំងនោះ ពិតជា​សំណាង​ណាស់​ដែល​បាន​នៅ​រស់ ព្រោះ​លោក​ទើប​ដឹង​ដំណឹង​នេះ កាលពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧៖ «បើ​ខ្ញុំ​ដឹង​រឿង​ហ្នឹង​តាំងពី​ហ្នុង ប្រហែលជា​ចុង​ឆ្នាំ​២០១៣ និង​ដើម​២០១៤ គឺ​ពួក​នេះ​ងាប់​អស់ហើយ។ គេ​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​រំលំ​យើង។ បើ​ខ្ញុំ​ឃើញ​ពី​ពេល​ហ្នុង អ្នក​ទាំងនេះ​ងាប់​តាំងពី​ហ្នុង ពេលនេះ​ជា​ពេល​បុណ្យ​ខ្មោច​ពួក​ហ្នុង​ទៀត។ ស្ដាយ​ណាស់​! សំណាង​ដែល​ខ្ញុំ​អត់​បាន​មើល​ឃ្លីប​នេះ បើ​សិន​បាន​មើល​ឃ្លីប​នេះ ថ្ងៃ​ដែល​គេ​ប្រកាស​ហ្នឹង ប៉ុន្មាន​ម៉ោង​ក្រោយ វ៉ៃ​សង្គ្រុប​យក​ហ្មង»

មេធាវី​អន្តរជាតិ​តំណាង​ឲ្យ​ជនរងគ្រោះ​កម្ពុជា លោក រីឆាត រ៉ូជើរ (Richard Rogers) ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន ថា​មិន​ស័ក្ដិ​សម​ជា​សម្ដី​របស់​អ្នកដឹកនាំ​ក្នុង​សម័យ​ទំនើប​នេះ​ទេ។ លោក​ថា សម្ដី​បែបនេះ​មិន​ខុស​ពី​សម្ដី​របស់​មេដឹកនាំ​ផ្ដាច់ការ និង​ឃោរឃៅ​បំផុត ដូចជា​លោក សាដាម ហ៊ូសេន និង ប៉ុល ពត ជាដើម។ លោក​បន្ថែម​ទៀត​ថា សម្ដី​របស់​លោក ហ៊ុន សែន ដែល​បង្ហាញ​ពី​ចេតនា​សម្លាប់​អ្នកប្រឆាំង​បែបនេះ គឺ​រឹតតែ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា នរណា​ជា​ឃាតក​ពិតប្រាកដ​ដែល​បាន​បញ្ជា​ឲ្យ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ និង ការ​សម្លាប់​សកម្មជន​ដទៃ​ទៀត ដែល​សកម្ម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​សង្គម ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន៖ «លោក ហ៊ុន សែន ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស មាន​ចេតនា​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​សម្លាប់​អ្នក​ទាំងឡាយ​ណា​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​ការដឹកនាំ​របស់​គាត់។ ច្បាស់​ណាស់ គាត់​ហ៊ាន​សម្លាប់​មនុស្ស​ប៉ុន្មាន​នាក់​ក៏​មិន​ខ្វល់​ដែរ ឲ្យ​តែ​គាត់​អាច​បន្ត​ក្រាញ​អំណាច​បាន​ត​ទៅ​មុខ​ទៀត។ គាត់​មិន​ខ្វល់​នឹង​ការ​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង​សុខុមាលភាព​របស់​ពលរដ្ឋ​កម្ពុជា​នោះ​ទេ។ គាត់​ខ្វល់​តែ​ពី​រឿង​ធ្វើ​យ៉ាងម៉េច​ឲ្យ​គាត់​នៅ​កាន់អំណាច​បាន​យូរ ដើម្បី​ប្រយោជន៍​បុគ្គល​ខ្លួន​គាត់ និង​ប្រយោជន៍​បក្សពួក ព្រមទាំង​ក្រុម​គ្រួសារ​គាត់​ប៉ុណ្ណោះ។ សម្ដី​របស់​គាត់​ស​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ»

លោក រីឆាត រ៉ូជើរ អះអាង ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ថា​លោក​នឹង​ដាក់​ភស្តុតាង​បន្ថែម​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ខាងមុខ។ លោក​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ដាក់​ភស្តុតាង​បន្ថែម​នេះ ដោយសារតែ​លោក ហ៊ុន សែន បង្ហាញ​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​សម្លាប់​រង្គាល​ទៅលើ​ហ្វូង​អ្នក​បាតុករ ដែល​តវ៉ា​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ កាលពី​ឆ្នាំ​២០១៣។

លោក រីឆាត រ៉ូជើរ បញ្ជាក់​បន្ថែម​ថា ឯកសារ​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​នេះ រួមមាន​សម្ដី​លោក ហ៊ុន សែន និង​ករណី​រម្លាយ​គណ​បក្ស​សង្គ្រោះជាតិ​ដែរ។ លោក​មេធាវី​បរទេស​រូប​នេះ សង្ឃឹម​យ៉ាង​មុតមាំ​ថា តុលាការ ICC នឹង​ចាត់ការ​ក្នុង​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់។

លោក ហ៊ុន សែន បង្ហាញ​ពី​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​សម្លាប់​មនុស្ស​ក្រៅច្បាប់​នេះ​ជាច្រើនលើក ច្រើនសា។ លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​ឲ្យ​មនុស្ស​បក្ស​ប្រឆាំង​ត្រៀម​ក្ដារមឈូស​បើ​ចង់​តតាំង​ប្រឆាំង​គាត់។ កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៧ នេះ លោក ហ៊ុន សែន ក៏បាន​ថ្លែង​ដោយ​មិន​ញញើត​ក្នុង​ការ​សម្លាប់​មនុស្ស ១០០ ទៅ​២០០​នាក់ ដែល​លោក​អះអាង​ថា កម្ទេច​ចោល​ដើម្បី​ការពារ​សន្តិភាព។

លោក ហ៊ុន សែន បាន​កាន់​តំណែង​ចាប់ពី​មេបញ្ជាការ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០ រហូតដល់​តួនាទី​បច្ចុប្បន្ន ជា​នាយករដ្ឋមន្ត្រី។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​របាយការណ៍​កន្លងមក​រៀបរាប់​ថា លោក ហ៊ុន សែន ដើម្បី​ការពារ​អំណាច​របស់​ខ្លួន លោក​បាន​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង​ទោះជា​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​គិត​តាំងពី​ការបោះឆ្នោត​អាណត្តិ​ទី​១​មក។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​សំអាង​របាយការណ៍​ចុងក្រោយ​មួយ​រៀបរាប់​ថា លោក ហ៊ុន សែន បាន​បំពាន​រំលោភបំពាន ចាប់ចង និង​បាញ់សម្លាប់​មនុស្ស​ជា​បន្ត​បន្ទាប់ ប្រព្រឹត្ត​ដោយ​កងកម្លាំង​នគរបាល និង​យោធា​ដែល​អនុវត្ត​ក្រោម​បញ្ជា​របស់​ភ្នាក់ងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រៅ​ពី​នេះ គេ​បាន​បង្កើត​ក្រុម​កងកម្លាំង​ជាច្រើន មាន​ទាំង​ក្រុម​ចំហ និង​ក្រុម​សម្ងាត់។ ក្រុម​ប្រភេទ​នេះ​មាន​ទាំង​នៅ​ថ្នាក់​ក្រសួង បណ្ដា​ក្រុង និង​ខេត្ត។

អ្នកធ្វើការ​តាម​ក្រុម​ទាំងនោះ​អាច​នឹង​ត្រូវ​គេ​ជ្រើសរើស​ចេញពី​កងកម្លាំង​រក្សា​សន្តិសុខ។ ភាគច្រើន​នៃ​ក្រុម​ទាំងនោះ ត្រូវ​បង្កើត​ក្នុង​គោលដៅ​វាយប្រហារ​ក្រុម​ប្រឆាំង។ ក្នុង​ចំណោម​ក្រុម​ទាំងនោះ​មាន​ក្រុម​មួយ​ដែល​ទំនងជា​ក្រុម​ដែល​ក្រោយ​មក​បាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​គ្រាប់បែក​លើ​ហ្វូង​បាតុករ​ក្នុង​ឆ្នាំ​១៩៩៧ និង​ការ​រំលោភបំពាន​ផ្សេងទៀត ហើយ​ក្រោយមក​ក្រុម​នេះ​បាន​ប្ដូរ​ឈ្មោះ​ថ្មី គឺ​កងពលតូច ង​៧០ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​កងកម្លាំង​ផ្ទាល់​របស់​លោក ហ៊ុន សែន។ ក្នុង​របាយការណ៍​ដដែល​បាន​លើក​ឧទាហរណ៍​ជាក់ស្ដែង ពី​ក្រុម​មួយ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋ​កម្ពុជា ដែល​អាច​ជាប់​ទាក់ទង​នឹង​គម្រោងការ​សម្លាប់​សកម្មជន​ប្រឆាំង។

នៅ​ឆ្នាំ​២០១២ ក៏​មាន​អំពើ​ហិង្សា​ជាច្រើន​ទៀត បាន​កើត​ឡើង រវាង​កងកម្លាំង​រក្សា​សន្តិសុខ​របស់​រដ្ឋ ស្រប​ពេល​ដែល​មានការ​ផ្ដល់​ដី​ដល់​ឈ្មួញ​អ្នក​មាន​អំណាច​កើន​ឡើង។ ម្យ៉ាងវិញទៀត ការ​មិន​ពេញចិត្ត​ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច បាន​បង្កើត​ភាព​ចលាចល​នៃ​កម្លាំង​ពលកម្ម។

ក្នុង​ខែ​មេសា ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន លោក ឈុត វុទ្ធី ត្រូវ​បាន​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ត្រូវ​បាន​គេ​បាញ់សម្លាប់​នៅ​ក្នុង​ព្រៃ​នៅ​ខេត្ត​កោះកុង នៅ​ពេល​ដែល​រូបលោក​បាន​ព្យាយាម​ថត​សកម្មភាព​ការ​កាប់​ឈើ​ដោយ​ខុសច្បាប់។ មួយ​ខែ​ក្រោយមក គឺ​នៅ​ខែ​មិថុនា ក្នុង​ឆ្នាំ​២០១២ ក្មេង​ស្រី​ម្នាក់ ឈ្មោះ ហេង ចន្ធា ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​បាញ់សម្លាប់​នៅ​ខេត្ត​ក្រចេះ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​តវ៉ា​ពី​ការរំលោភ​ដីធ្លី​ពី​ឈ្មួញ​បរទេស។

សម្រាប់​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ វិញ គឺ​មាន​ចលនា​បាតុកម្ម​ជាច្រើន​ក្រុម គឺ​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​ជាដើម។ អាជ្ញាធរ​រដ្ឋាភិបាល​បាន​បាញ់សម្លាប់​កម្មករ​យ៉ាង​ហោច​ណាស់​ស្លាប់ ៤​នាក់ របួស​ជាង ២០​នាក់ និង​មាន​អ្នក​នៅ​បាត់​ខ្លួន​មិនទាន់​រក​ឃើញ​នៅឡើយ​រហូត​មក​ដល់​ពេល​នេះ។ ក្រៅ​ពី​នេះ ក៏​មាន​បាញ់សម្លាប់​ស្ត្រី​ម្នាក់​នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹងមានជ័យ និង​ការ​បាញ់​សម្លាប់​បុរស​ម្នាក់ទៀត​ឈ្មោះ ម៉ៅ សុខចាន់ នៅ​ក្បែរ​ស្ពាន​ក្បាលថ្នល់។ លោក ហ៊ុន សែន ចោទ​លោក កឹម សុខា និង​មន្ត្រី​គណបក្សប្រឆាំង​ថា នៅ​ពីក្រោយ​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វ៉េងស្រេង​នេះ។ មក​ទល់​ពេល​នេះ ឃាតក​ដែល​ជា​ក្រុម​សមត្ថកិច្ច​នោះ មិន​ត្រូវ​បាន​តុលាការ​ចាប់ខ្លួន យក​មក​ផ្ដន្ទាទោស​នោះ​ឡើយ។

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា សម្ដី​របស់​មេដឹកនាំ​មួយ​វា​គួរ​តែ​មាន​សេចក្ដីថ្លៃថ្នូរ និង​មាន​សីលធម៌​ខ្ពស់​ជាង​នេះ។ លោក​ចាត់​ទុក​សម្ដី​បែបនេះ​ថា បង្ហាញ​នូវ​ភាព​ឃោរឃៅ​ក្នុងនាម​ជា​មេដឹកនាំ ដែល​ជា​ការ​មិន​ត្រឹមត្រូវ ខុស​ទាំង​សីលធម៌ ខុស​ទាំង​វិន័យ​កងទ័ព ខុស​នឹង​រដ្ឋធម្មនុញ្ញ ដែល​មិន​អនុញ្ញាត​ឲ្យ​មានទោស​ប្រហារជីវិត​នោះ​ទេ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​វិញ លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា មេដឹកនាំ​ត្រូវ​មាន​ការ​អត់ធ្មត់​ច្រើន ហើយក៏​មិន​គួរ​ប្រើ​ពាក្យ​ប្រមាថ​ពលរដ្ឋ​ខ្លួនឯង​នោះ​ទេ «»

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ ដែល​មាន​សមត្ថកិច្ច​ស៊ើបអង្កេត និង​ផ្ដន្ទាទោស​អ្នក​ដែល​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ រួមមាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ជាដើម។

លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​មិន​ត្រឹមតែ​ផ្ដាច់ការ ក្នុង​ការ​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់​ខ្លួន និង​បាន​ប្រើប្រាស់​ស្ថាប័ន​សភា​កែប្រែ​ច្បាប់​ជាច្រើន ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ លោក ហ៊ុន សែន ក៏​ធ្វើ​អ្វីៗ​ដោយ​អត្តនោម័ត​នៅ​ក្នុង​បក្ស ដើម្បី​សម្រេច​គោលបំណង​របស់​ខ្លួន​ទាំង​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ស.ម ហ៑ុន សែន ជាឃាតករ តាំងពីឆ្នាំ កែនប្រជាជនខ្មែរ អោយទៅជួរមុខ កាត់គ្រាប់កាត់មីន ស្លាប់ របួសពិការ អស់រាប់សែននាក់ តាមផែនការ ក៥ របស់យួន បន្ទាប់មកគប់គ្រាប់បែកសម្លាប់ បាញ់សម្លាប់ សម្លាប់អស់ជាច្រើនទៀត..........

Nov 23, 2017 10:38 PM

Cambodian Freedom

ពី សៀម​រាម

ខ្ញុំ​ជា​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​ខ្ញុំ​មិន​គាំ​ទ្រ​សោះ​ដែល​សារ​ព័ត៍មាន​ប្រ​យោគថា​ "មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​" ដូច​វា​ត្រឹម​ត្រូវ​សោះ​ព្រោះ​ថា​គណបក្ស​ត្រូវ​បាន​រំលាយ​និង​អស់​តំ​ណែង​ទៅ​ហើយ​ គួរ​ប្រើ​ប្រ​យោគ​ថា​ "តំ​ណាង​រាស្ត្រ​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​" ពី​ព្រោះ​គ្រប់​យ៉ាង​វា​បាន​ប្រែ​ទៅ​ជា​អតីត​អស់​ទៅ​ហើយ​

Nov 23, 2017 04:05 AM

គេហទំព័រ​ទាំងមូល