រដ្ឋាភិបាលនៃប្រទេសចិន ប្រកាសសន្យាផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ចំនួន ៤៥០លានដុល្លារអាមេរិកក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។ កាសែតខ្មែរថែមស៍ នៅថ្ងៃទី៧ មិថុនា បានដកស្រង់សម្ដីរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្ទាប់ពីជំនួបទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសចិន ថា កម្ពុជា និងចិន ក៏ជជែកគ្នាពីប្រាក់ ២ពាន់លានដុល្លារនៃប្រាក់វិនិយោគវិស័យវារីអគ្គិសនីរបស់ចិន។
បើតាមលោក ហោ ណាំហុង ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅឆ្នាំ២០១៧ នឹងកើនឡើងដល់ ៥ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។ សម្រាប់លោក ហោ ណាំហុង ជំនួយរបស់ចិន ផ្ដល់ដល់កម្ពុជា មានសារសំខាន់សម្រាប់ការអភិវឌ្ឍផ្នែកសង្គម សេដ្ឋកិច្ច។
ទោះបីជាយ៉ាងណា ជំនួយរបស់ចិន តែងមិនដាក់លក្ខខណ្ឌ ឬទាមទារឲ្យគោរពផ្នែកសិទ្ធិមនុស្សដែលខុសពីជំនួយរបស់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ឬជប៉ុន ហើយគម្រោងអភិវឌ្ឍន៍របស់ចិន ភាគច្រើនត្រូវបានប្រជាពលរដ្ឋមូលដ្ឋានរាយការណ៍ថា បានបំផ្លាញជីវិតរស់នៅរបស់ពួកគាត់ទាំងសេដ្ឋកិច្ច និងប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
