កងទ័ពជើងទឹកនៃនាវាចម្បាំងរបស់ប្រជាជនចិន បានចាកចេញពីកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ រួចហើយ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីធ្វើទស្សនកិច្ច ៥ថ្ងៃនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាព និងបំពេញបេសកកម្មផ្លាស់ប្ដូរបទពិសោធន៍ការងាររវាងកងទ័ពជើងទឹកទាំងពីរប្រទេសនៅលើលំហសមុទ្រ។
វត្តមានរបស់នាវាចម្បាំងចិន នៅកម្ពុជា ពេលនេះ មានការចាប់អារម្មណ៍ច្រើនពីសាធារណៈជនជាតិ និងអន្តរជាតិ។
ក្រោយបញ្ចប់ទស្សនកិច្ច ឬបេសកកម្មរយៈពេល ៥ថ្ងៃនៅកម្ពុជា និងបានចូលជួបថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងបានចូលរួមហ្វឹកហាត់ផ្លាស់ប្ដូរបទពិសោធន៍រួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា រួចមក នាវាចម្បាំង ៣គ្រឿងរបស់កងទ័ពប្រជាជនចិន បានចាកចេញពីកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។
នាវាកងទ័ពប្រជាជនចិន ទាំង ៣គ្រឿង មានផ្ទុកកងម៉ារីនសរុប ៧៣៧នាក់ និងបានហ្វឹកហាត់ជាមួយទាហានជើងទឹកកម្ពុជា មានចំនួនជិត ១០០នាក់។ កងនាវាចម្បាំងចិន បានមកដល់កំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ។

មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម លោក រស់ វាសនា ដែលបានមកជូនដំណើរនៃការវិលត្រឡប់របស់កងទ័ពនាវាចម្បាំងប្រទេសចិនទាំង ៣គ្រឿង កាលពីព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ នាកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។ លោកបានបង្ហាញកាយវិការស្និទ្ធស្នាលជាមួយមេបញ្ជាការកងទ័ពជើងទឹកចិន និងចាត់ទុកវត្តមានរបស់កងនាវាចម្បាំងប្រជាជនចិន មកកម្ពុជា ពេលនេះ ថាបានផ្ដល់នូវបទពិសោធន៍បន្ថែមទៀត មកដល់កងទ័ពជើងទឹកកម្ពុជា ក្នុងការងារទប់ស្កាត់នូវបទល្មើសផ្សេងៗ ដែលអាចនឹងកើតមាននៅលើលំហសមុទ្រនាថ្ងៃខាងមុខ។
ទោះយ៉ាងណាក៏ដោយ លោក រស់ វាសនា មិនបានបញ្ជាក់លំអិតពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់កងនាវាជើងទឹកចិន មកកម្ពុជា ពេលនេះ ខាងភាគីខាងភាគីចិន បានផ្ដល់ជំនួយជាសម្ភារៈមកដល់កងទ័ពជើងទឹកកម្ពុជា មានអ្វីខ្លះ និងបានពិភាក្សាទៅលើការងារអ្វីខ្លះនោះទេ។ ប៉ុន្តែលោកចាត់ទុកការហ្វឹកហាត់រួមគ្នារវាងកងទ័ពជើងទឹកកម្ពុជា-ចិន ពេលនេះ គឺជាកិច្ចសហប្រតិបត្តិការដ៏ធំមួយដើម្បីបង្កើនសមត្ថភាព និងការត្រៀមខ្លួនទប់ស្កាត់ពេលមានហេតុការណ៍លិចទូក កាណូត ឬមានគ្រោះមហន្តរាយផ្សេងៗកើតឡើងនៅលើលំហសមុទ្រជាដើម។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា វត្តមានរបស់កងទ័ពជើងទឹកប្រជាជនចិន មកបំពេញទស្សនកិច្ច ៥ថ្ងៃនៅកម្ពុជា ថាបានបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត។ ជាងនេះទៀត កងទ័ពជើងទឹកកម្ពុជា-ចិន ក៏បានដកស្រង់ និងផ្លាស់ប្ដូរបទពិសោធន៍ល្អៗ រួមគ្នា ក្នុងការងារសង្គ្រោះគ្រោះមហន្តរាយ និងទប់ស្កាត់នូវបទល្មើសផ្សេងៗ នៅលើលំហសមុទ្រជាដើម៖ «វត្តមានកងទ័ពចិន មកកម្ពុជា ពេលនេះ គឺដើម្បីពង្រឹងមិត្តភាព និងដកស្រង់ផ្លាស់ប្ដូរបទពិសោធន៍គ្នា ក្នុងការសង្គ្រោះបទល្មើស ឬគ្រោះអាសន្នផ្សេងៗ ដែលកើតមាននៅលើលំហសមុទ្រនៅពេលខាងមុខ»។
ដំណើរទស្សនកិច្ចរបស់កងនាវាចម្បាំងប្រជាជនចិន មកកម្ពុជា និងមានសកម្មភាពហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពទាំងពីរប្រទេសពេលនេះ ធ្វើឡើងស្របពេលស្ថានការណ៍ជម្លោះសមុទ្រចិនខាងត្បូង កំពុងឡើងកម្ដៅ និងនៅគ្រាប្រទេសចិន បានបង្កើនកម្លាំងយោធាទៅកាន់តំបន់សមុទ្រចិនខាងត្បូង។
កងនាវាចម្បាំងជើងទឹកនៃកងទ័ពប្រជាជនចិន មកបំពេញបេសកកម្ម ៥ថ្ងៃនៅកម្ពុជា ពេលនេះ ដឹកនាំដោយមេបញ្ជាការប្រចាំការសមុទ្រចិនខាងត្បូង គឺលោកឧត្ដមនាវីទោ យូ ម៉ាន់ជាំង (Yu Manjiang)។ ពួកគេក៏បានចូលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងទឹក លោក ទៀ វិញ ព្រមទាំងមន្ត្រីស្ថានទូតចិន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
បច្ចុប្បន្ននេះ ប្រទេសចិន គឺជាប្រទេសម្ចាស់ជំនួយចម្បងមកលើវិស័យយោធាកម្ពុជា ដោយបានផ្ដល់ជំនួយផ្គត់ផ្គង់សម្ភារៈយោធាដល់កងទ័ពកម្ពុជា ជាបន្តបន្ទាប់ ក្នុងនោះមានការសាងសង់វិទ្យាស្ថានយោធា ការផ្ដល់ឧទ្ធម្ភាគចក្រ កាំភ្លើង និងរថយន្តយោធាជាច្រើនគ្រឿង ព្រមទាំងទទួលយកមន្ត្រីយោធាកម្ពុជា ជាច្រើននាក់ទៅបណ្ដុះបណ្ដាលនៅប្រទេសចិន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
