សាលា​ក្រុង​អនុញ្ញាត​ឲ្យ​សមាគម​ខ្មែរ​ក្រោម​ជួប​ជុំ​តែ​១​ថ្ងៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ

0:00 / 0:00

សាលា​រាជធានី​ភ្នំពេញ នឹង​មិន​អនុញ្ញាត​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​គ្រប់​ចំនួន ៥​ថ្ងៃ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ចំពោះ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម តាម​ការ​គ្រោង​ទុក​ឡើយ ដោយ​សាលា​រាជធានី​បញ្ជាក់​ថា ទីលាន​ប្រជាធិបតេយ្យ​ជាប់​រវល់។

សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​បាតុករ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​ចំនួន ១​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ទី​៧ ខែ​តុលា ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ដើរ​ហែ​ក្បួន ឬ​ចូល​ផ្សារ​បិទ​ខិត្តប័ណ្ណ ឬ​ទៅ​ជួប​ជុំ​នៅ​មុខ​ស្ថានទូត​វៀតណាម នោះ​ឡើយ។

គម្រោង​ជួប​ជុំ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​យុវជន​រៀង​រាល់​ព្រឹក ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៨ តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ដង្ហែ​ក្បួន​ទៅ​កាន់​ទីផ្សារ​នានា ដើម្បី​បិទ​ខិត្តប័ណ្ណ ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា ទៅ​កាន់​វិមាន​សន្តិភាព ទៅ​កាន់​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ទៅ​កាន់​ស្ថានទូត​បារាំង ព្រម​ទាំង​ជួប​ជុំ​គ្នា​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា មុន​នឹង​រំសាយ​នោះ មិន​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឡើយ។

ការ​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២ តុលា ថា សាលា​រាជធានី​ភ្នំពេញ មិន​អាច​អនុញ្ញាត​ឲ្យ​ក្រុម​បាតុករ​ខ្មែរ​ក្រោម ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​គ្រប់​ចំនួន ៥​ថ្ងៃ​បាន​ទេ ដោយសារ​នៅ​ថ្ងៃ​ទី​៤ តុលា សាខា​កាកបាទ​ក្រហម​រាជធានី​ភ្នំពេញ នឹង​ធ្វើ​កម្មវិធី​មនុស្សធម៌។ ចំណែក​ថ្ងៃ​ទី​៥ តុលា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​របស់ លោក រ៉ុង ឈុន ប្រារព្ធ​ទិវា​គ្រូបង្រៀន​អន្តរជាតិ។ រីឯ​ថ្ងៃ​ទី​៦ តុលា វិញ ទុក​សម្រាប់​ឲ្យ​ក្រុម​សិទ្ធិ​លំនៅឋាន ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក។ លោក ឡុង ឌីម៉ង់ បន្ត​ថា សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម និង​យុវជន ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​៧ តុលា ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដើរ​ដង្ហែ​ក្បួន​ទៅ​តាម​ផ្សារ ឬ​ដាក់​ញត្តិ ឬ​ជួប​ជុំ​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា នោះ​ឡើយ។ សម្រាប់​ថ្ងៃ​ទី​៨ តុលា វិញ លោក ឡុង ឌីម៉ង់ អះអាង​ថា សាលា​រាជធានី​ភ្នំពេញ ត្រូវ​រង់ចាំ​មើល​ការ​រៀបចំ​នៅ​ថ្ងៃ​ទី​៧ តុលា របស់​បាតុករ​ជា​មុន​សិន មុន​នឹង​សម្រេច​ថា​តើ​ត្រូវ​អនុញ្ញាត​ឲ្យ​ជួប​ជុំ​នៅ​ថ្ងៃ​ទី​៨ ឬក៏​យ៉ាង​ណា?

លោក ឡុង ឌីម៉ង់៖ «សុំ​នៅ​មុខ​ស្ថានទូត​វៀតណាម នោះ គឺ​យើង​មិន​អនុញ្ញាត​ជូន​ទេ ដើម្បី​ការពារ​សណ្ដាប់ធ្នាប់ ​របៀបរៀបរយ ជាពិសេស​សន្តិសុខ​របស់​ស្ថានទូត​តែ​ម្តង។ អ៊ីចឹង​ទេ យើង​មិន​អនុញ្ញាត​ជូន​ទេ ហើយ​ការ​ស្នើសុំ​របស់​គាត់​មួយ​ទៀត ដែល​គាត់​ចង់​ធ្វើ​ការ​ហែ​ក្បួន ក៏​យើង​មិន​អនុញ្ញាត​ជូន​គាត់​ធ្វើ​ការ​ចែក​ខិត្តប័ណ្ណ ឬ​បិទ​ខិត្តប័ណ្ណ​នានា​នៅ​តាម​ទីផ្សារ​នានា នៅ​រាជធានី​ភ្នំពេញ ក៏​យើង​មិន​អនុញ្ញាត​ជូន​ទេ។ យើង​មិន​អាច​ឲ្យ​មាន​ការ​ចែក​បិទ​ខិត្តប័ណ្ណ​នៅ​ក្នុង​ផ្សារ​បាន​ទេ។ ដូច្នេះ យើង​អត់​មាន​ច្បាប់​អនុញ្ញាត​ណា​ឲ្យ​មាន​ការ​ចែក ឬ​បិទ​ស្ទីកឃ័រ ដូច​គាត់​និយាយ​ថា គាត់​ធ្វើ​ស្ទីកឃ័រ​ដើរ​បិទ​តាម​នេះ គឺ​យើង​មិន​អនុញ្ញាត​ជូន មិន​អាច​ធ្វើ​បាន»

លោក ឡុង ឌីម៉ង់ អះអាង​បន្ត​ថា សាលា​រាជធានី​ភ្នំពេញ អាច​អនុញ្ញាត​ឲ្យ​បាតុករ​បញ្ជូន​តំណាង​របស់​ខ្លួន​ប្រហែល ១០​នាក់ ដើម្បី​ដាក់​ញត្តិ​ជូន​ស្ថាប័ន​នានា​ដែល​ពួក​គេ​ចង់។

ទោះ​យ៉ាង​ណា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ថា ខ្មែរ​ក្រោម និង​យុវជន នឹង​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៧ រួច​ដើរ​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា និង​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា រួច​ទៅ​ជួប​គ្នា​នៅ​មុខ​ស្ថានទូត​វៀតណាម ហើយ​នៅ​ថ្ងៃ​ទី​៨ តុលា គឺ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដូច​គ្នា រួច​ដើរ​ដាក់​ញត្តិ​ទៅ​កាន់​វិមាន​សន្តិភាព និង​ស្ថានទូត​បារាំង រួច​ទៅ​ជួប​គ្នា​នៅ​មុខ​ស្ថានទូត​វៀតណាម មុន​នឹង​រំសាយ​បញ្ចប់។

លោក ថាច់ សេដ្ឋា អះអាង​ដែរ​ថា បាតុករ​នឹង​មិន​ដង្ហែ​ក្បួន​ចូល​តាម​ផ្សារ​នានា​នោះ​ទេ ប៉ុន្តែ​ពួក​គេ​នឹង​ដើរ​ផ្សព្វផ្សាយ និង​បិទ​ខិត្តប័ណ្ណ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​ប្រើប្រាស់​ទំនិញ និង​សេវាកម្ម​វៀតណាម នៅ​តាម​ទី​សាធារណៈ​វិញ។ លោក ថាច់ សេដ្ឋា ថ្លែង​បន្ត​ថា ដោយសារ​ទីលាន​ប្រជាធិបតេយ្យ​ជាប់​រវល់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ តុលា លោក​ក៏​បាន​ស្នើសុំ​ទៅ​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានទូត​វៀតណាម តែ​ម្តង ហើយ​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​ជូន​ដំណឹង​នេះ​ដល់​ក្រសួង​មហាផ្ទៃ ដើម្បី​សម្រេច។ លោក ថាច់ សេដ្ឋា ថ្លែង​ថា ក្រុម​បាតុករ​ត្រៀម​លក្ខណៈ​ជា​ស្រេច ដើម្បី​ទៅ​ជួប​ជុំ​នៅ​មុខ​ស្ថានទូត​វៀតណាម ហើយ​ថា ប្រសិន​បើ​ក្រសួង​មហាផ្ទៃ មិន​មាន​ការ​ឆ្លើយ​តប ឬ​ក៏​យ៉ាង​ណា​នោះ វា​ជា​រឿង​របស់​ក្រសួង​មហាផ្ទៃ។

លោក ថាច់ សេដ្ឋា៖ «យើង​មិន​អាច​នៅ​ស្ងៀម​ទេ ទន្ទឹម​នឹង​រង់ចាំ ក៏​យើង​អំពាវនាវ​បង​ប្អូន​យើង​ឲ្យ​ទៅ​ជួប​ជុំ​នៅ​ហ្នឹង​ដែរ ពីព្រោះ​នៅ​ទីលាន​ប្រជាធិបតេយ្យ ខាង​អាជ្ញាធរ​ប្រាប់​ថា​ជាប់​រវល់​ហើយ អ៊ីចឹង​យើង​នាំ​គ្នា​ទៅ​ហ្នឹង ព្រោះ​គោលដៅ​របស់​យើង​ទៅ​ហ្នឹង​ដែរ អ៊ីចឹង​មិន​បាច់​ចាំ​ហែ​ទេ នាំ​ឲ្យ​ស្ទះ​ចរាចរណ៍ ទៅ​មុខ​ស្ថានទូត​យួន ហ្មង ព្រោះ​បើ​ថា ដោយសារ​ការ​យឺតយ៉ាវ​របស់​ក្រសួង​មហាផ្ទៃ អា​ហ្នឹង​ជា​កំហុស​របស់​ក្រសួង​មហាផ្ទៃ ព្រោះ​យើង​បាន​ប្រកាស​រួច​ហើយៗ»

កាល​ពី​ពេល​កន្លង​ទៅ សាលា​រាជធានី​ភ្នំពេញ ក៏​ធ្លាប់​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​បាតុករ​ដើរ​ដង្ហែ​ក្បួន​ដាក់​ញត្តិ ទាមទារ​ឲ្យ​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម​ដែរ ប៉ុន្តែ​ក្រុម​បាតុករ​នៅ​តែ​អាច​ដើរ​ហែ​ក្បួន​ដាក់​ញត្តិ និង​ទៅ​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានទូត​វៀតណាម តាម​ការ​គ្រោង​ទុក​ដដែល។ មួយ​វិញ​ទៀត នៅ​ពេល​ឆ្លើយ​តប​ចំពោះ​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល​វៀតណាម ដែល​ឲ្យ​កម្ពុជា ចាត់​វិធានការ​មិន​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​ពួក​គេ​នោះ រដ្ឋាភិបាល​កម្ពុជា ថែម​ទាំង​អះអាង​ថា កម្ពុជា ជា​ប្រទេស​ប្រជាធិបតេយ្យ។ ដូច្នេះ ពលរដ្ឋ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម ឲ្យ​តែ​បាតុកម្ម​នោះ​អហិង្សា និង​ស្រប​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។