លោក ហោ ណាំហុង បារម្ភ​ខ្លាច​តុលាការ​យុត្តិធម៌​អន្តរជាតិ​មិន​ឯករាជ្យ

ក្រុម​អ្នក​ច្បាប់ និង​តំណាង​ភាគី​កម្ពុជា បាន​បញ្ចប់​ការ​ឡើង​បកស្រាយ​របស់​ខ្លួន​នៅ​ឯ​តុលាការ​ក្រុង​ឡាអេ ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែ​មេសា ម្សិលមិញ។
ដោយ ជុន ច័ន្ទបុត្រ
2013-04-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
១៧-មេសា-២០១៣៖ ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅ​​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។
១៧-មេសា-២០១៣៖ ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅ​​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។
RFA/Chun Chanboth

លោក ហោ ណាំហុង ដែល​ជា​ប្រធាន​ប្រតិភូ​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្រោយ​ការ​ឡើង​ថ្លែង​ជា​ចុង​ក្រោយ​របស់​លោក​ថា លោក​មាន​សង្ឃឹម​ថា តុលាការ​នឹង​ព្រម​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ តាម​សំណើ​របស់​កម្ពុជា តែ​អ្វី​ដែល​លោក​បារម្ភ​នោះ គឺ​ខ្លាច​ក្រែង​តែ​តុលាការ​ពិភពលោក​នេះ​មិន​ឯករាជ្យ។

ក្រុម​អ្នក​ច្បាប់​បី​នាក់ តំណាង​អោយ​ប្រទេស​កម្ពុជា បាន​ឡើង​ថ្លែង​នៅ​ចំពោះ​អង្គ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ម្តង​ម្នាក់ៗ ត​ទល់​នឹង​ការ​ចោទ​ប្រកាន់​នានា​របស់​ភាគី​ថៃ ដែល​បាន​ឡើង​ថ្លែង​កាល​ពី​ថ្ងៃ​កន្លង​ទៅ។

ឡើង​ថ្លែង​មុន​គេ គឺ​លោក រតមែន បាន់ឌី (Rodman Bundy) ដែល​ជា​សមាជិក​គណៈមេធាវី​នៃ​ទីក្រុង​ញ៉ូវយក និង​ជា​មេធាវី​នៅ​តុលាការ​ឧទ្ធរណ៍​ក្រុង​ប៉ារីស។ លោក​បាន​ឡើង​ត​តាំង​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ថៃ ថា​កម្ពុជា បន្លំ​ផែនទី​នោះ ថា​គឺ​ភាគី​ថៃ ទេ​ដែល​ជា​អ្នក​បន្លំ​នោះ។ លោក​លើក​ភស្តុតាង​បញ្ជាក់​ថា តុលាការ​ក្រុង​ឡាអេ កាល​ពី​ឆ្នាំ​១៩៦២ បាន​សម្រេច​ក្តី​ដោយ​យក​ផែនទី​ក្នុង​ឧបសម្ពន្ធ​១ ជា​គោល។ លោក​អះអាង​ថា ខ្សែ​បន្ទាត់​ព្រំដែន​ដែល​គូស​នៅ​លើ​ផែនទី​នោះ​ហើយ ជា​អ្វី​ដែល​តុលាការ​ចាត់​ទុក​ថា​ជា​ខ្សែ​បន្ទាត់​ព្រំដែន​ពិត​ប្រាកដ។ លោក​បន្ត​ថា ការ​ដែល​ថៃ យក​ខ្សែ​ទឹក ឬ​យក​ផែនទី​ដទៃ​ណា​ទៀត​ជា​សម្អាង​នោះ គឺ​ជា​ការ​ប៉ុនប៉ង​ក្លែង​បន្លំ​របស់​ថៃ ហើយ។

មេធាវី​ពីរ​រូប​ទៀត​របស់​ភាគី​កម្ពុជា មាន​លោក ហ្វ្រង់គ្លីន បើរមែន (Sir Franklin Berman) និង​លោក ហ្សង់ម៉ាក់ សូរ៉ែល (Jean-Marc Sorel) ក៏​សុទ្ធ​តែ​បាន​អះអាង​ថា តុលាការ​ក្រុង​ឡាអេ នេះ ទទួល​យក​ផែនទី​តែ​មួយ​គត់​ជា​ផ្លូវ​ការ ហើយ​នោះ​គឺ​ជា​ផែនទី​ដែល​មាន​នៅ​ក្នុង​ឧបសម្ពន្ធ​១។

អ្នក​ច្បាប់​តំណាង​អោយ​កម្ពុជា ក៏​បាន​ចោទ​ទៅ​ភាគី​ថៃ វិញ​ថា ក្នុង​ការ​បកស្រាយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ថៃ មិន​បាន​ឆ្លើយ​តប​មក​កម្ពុជា ជា​ភាគី​ដើម​បណ្ដឹង​ទេ តែ​ថៃ បែរ​ជា​យក​ឱកាស​ចោទ​ទៅ​កម្ពុជា ទៅ​វិញ។ លោក​ថា ភាគី​ថៃ ព្យាយាម​ចង់​អោយ​តុលាការ​ក្រុង​ឡាអេ សើរើ​សាលក្រម​ឆ្នាំ​១៩៦២ ឡើង​វិញ និង​មិន​ចង់​អោយ​តុលាការ​បកស្រាយ​សាលក្រម​នោះ​តាម​សំណើ​របស់​ភាគី​កម្ពុជា។

លោក​អ្នក​ច្បាប់​បញ្ជាក់​ថា នេះ​ជា​អំពើ​រំលោភ​ទៅ​នឹង​លក្ខន្តិក​របស់​តុលាការ។ លោក​បញ្ជាក់​ថា ដូច្នេះ​ប្រាកដ​ជា​មាន​ការ​មិន​យល់​ច្បាស់​ពី​អត្ថន័យ និង​វិសាលភាព​នៃ​សាលក្រម​នោះ​ហើយ។

លោក ហោ ណាំហុង ដែល​ជា​តំណាង​របស់​ប្រទេស​កម្ពុជា បាន​ឡើង​ថ្លែង​បញ្ចប់​ក្រោយ​គេ។ លោក​បាន​លើក​ឡើង​ថា ប្រទេស​ថៃ មិន​បាន​អនុវត្ត​សាលក្រម​ឆ្នាំ​១៩៦២ របស់​តុលាការ​ក្រុង​ឡាអេ ព្រម​ទាំង​មិន​ធ្វើ​តាម​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​២០១១ របស់​តុលាការ​នេះ​ទេ។ លោក​បញ្ជាក់​ថា ការ​ដែល​ថៃ មិន​ព្រម​អនុវត្ត​សាលក្រម និង​សេចក្តី​សម្រេច​នេះ​អោយ​បាន​ត្រឹមត្រូវ បាន​ធ្វើ​អោយ​មាន​ការ​ស្លាប់​បាត់បង់​ជីវិត​មនុស្ស និង​រារាំង​ការ​រស់នៅ​អោយ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ។ ទន្ទឹម​នឹង​នេះ លោក​ក៏​ទទូច​អោយ​តុលាការ​បកស្រាយ​សាលក្រម​នោះ​អោយ​បាន​ច្បាស់។

រតមែន បាន់ឌី តុលាការ​យុត្តិធម៌​អន្តរជាតិ ៣០៥
១៨-មេសា-២០១៣៖ មេធាវី​ភាគី​កម្ពុជា លោក រតមែន បាន់ឌី (Rodman Bundy) បកស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។ RFA/Chun Chanboth RFA/Chun Chanboth

លោក​បញ្ជាក់​ថា ផល​វិបាក​អាច​កើត​មាន​ឡើង​រវាង​ប្រទេស​ថៃ និង​កម្ពុជា ប្រសិន​បើ​សាលក្រម​ឆ្នាំ​១៩៦២ នេះ មិន​បាន​អនុវត្ត​ត្រឹមត្រូវ។ លោក​ក៏​លើក​ឡើង​ទៅ​អង្គ​តុលាការ​ថា សន្តិភាព និង​សន្តិសុខ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នេះ ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​បកស្រាយ​សាលក្រម​នេះ។

បន្ទាប់​ពី​ឡើង​ថ្លែង​នៅ​មុខ​អង្គ​តុលាការ​ហើយ លោក ហោ ណាំហុង ផ្តល់​កិច្ច​សម្ភាសន៍​មួយ​ដល់​វិទ្យុ​អាស៊ីសេរី។ ក្នុង​នោះ លោក​បញ្ជាក់​ពី​សេចក្តី​សង្ឃឹម​ចំពោះ​ការ​បកស្រាយ​របស់​កម្ពុជា។

លោក ជុន ច័ន្ទបុត្រ៖ ឯកឧត្តម មាន​ការ​សង្ឃឹម​បែប​ណា​ដែរ​ចំពោះ​ការ​បង្ហាញ​របស់​ភាគី​កម្ពុជា ទាំង​គណៈប្រតិភូ ទាំង​មេធាវី​ជួយ​រឿង​ក្តី​នេះ?

លោក ហោ ណាំហុង៖ ខ្ញុំ​សង្ឃឹម​ថា តុលាការ​ផ្អែក​លើ​ច្បាប់​សុទ្ធសាធ គឺ​ថា​តុលាការ​នឹង​បកស្រាយ​តាម​អ្វី​ដែល​យើង​លើក​ទឡ្ហីករណ៍​ច្បាប់​ជូន​តុលាការ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ហោ ណាំហុង បាន​លើក​ឡើង​នូវ​ការ​បារម្ភ​របស់​លោក ចំពោះ​តុលាការ​ពិភពលោក​នេះ ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​លើក​ឡើង​ចំពោះ​តុលាការ​នៅ​កម្ពុជា។ នោះ គឺ​ការ​ក្រែង​តុលាការ​សម្រេច​ដោយ​មិន​ផ្អែក​តាម​ច្បាប់ តែ​សម្រេច​ដោយ​មាន​ការ​ជ្រៀតជ្រែក​ពី​នយោបាយ៖ «លើក​លែង​តែ​តុលាការ​មិន​ផ្អែក​លើ​ផ្លូវ​ច្បាប់ យក​កត្តា​នយោបាយ​មក​គិតគូរ អា​ហ្នឹង​ខ្ញុំ​មិន​ដឹង​ទេ។ អា​ហ្នឹង​ខ្ញុំ​មិន​អាច​ទាយ​មុន​ថា តុលាការ​សម្រេច​ថា​ម៉េច​ទេ។ តែ​បើ​សិន​ជា​តុលាការ​ផ្អែក​លើ​ផ្លូវ​ច្បាប់​សុទ្ធសាធ ដែល​យើង​លើក​យ៉ាង​គ្រប់គ្រាន់​ទាំងអស់ គ្រប់​ទិដ្ឋភាព​ទាំងអស់ យើង​នឹង​មាន​ការ​សង្ឃឹម​ថា​តុលាការ​នឹង​បកស្រាយ»

តុលាការ​ក្រុង​ឡាអេ នៅ​ថ្ងៃ​នេះ នឹង​ស្តាប់​ការ​បកស្រាយ​ត​ទល់​ទៅ​ភាគី​កម្ពុជា របស់​ថៃ ជា​ចុង​ក្រោយ មុន​នឹង​តុលាការ​ចេញ​សេចក្តី​សម្រេច​នៅ​ចុង​ឆ្នាំ​២០១៣ នេះ។

សូម​អញ្ជើញ​លោក​អ្នក​នាង​រង់ចាំ​ស្តាប់ ថា​តើ​ថៃ នឹង​លើក​ចំណុច​អ្វី​មក​ត​តាំង​ជាមួយ​កម្ពុជា ទៀត នៅ​ក្នុង​ការ​ផ្សាយ​របស់​យើង​នា​ពេល​ព្រឹក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (15)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Borosh rech krob rodov poorly performed and has limited capacity to find evidence or proof to the court and now want to say the in not neutral like dek Cho court,why he did not broadcast directly for Cam people, sic

Apr 20, 2013 04:47 AM

អ្នក​អាន​អនាមិក

ធ្លាប់តែឃើញតុលាការ កម្ពុជាជាអាយ៉ង ទីបំផុតស្រាប់
តែមានការសង្ស័យទៅលើ តុលាការយត្តិធម៌ក្រុងឡាអេ
ថាមិនយត្តិធម៌!ប្រហែល ជាដឹងខ្លួនមិនឈ្នះក្តី ទើបបាន
និយាយយករួចខ្លួន ម៉្យាងទៀត ប្រាសាទព្រះវិហារត្រូវបាន
គេលក់ឱ្យថៃរួចបាត់ទៅហើយ៕

Apr 20, 2013 03:30 AM

អ្នក​អាន​អនាមិក

ចូលចាំថា អ្នកមាន គេមានគ្នា បក្សពួក

Apr 20, 2013 01:40 AM

PP

ពី Phnom Penh

លោក ហោ ណាំហុង អើយ លោក ហោ ណាំហុង​ ខ្លាច​តុលាការ​យុត្តិធម៌​អន្តរជាតិ​មិន​ឯករាជ្យ កុំច្រឡំមានតែនៅស្រុកខ្មែរទេ ដែលតុលាការមិនឯករាជ្យ ចំពោះតុលាការក្រុងឡាអេ មិនដូចស្រុកខ្មែរទេ

Apr 19, 2013 11:07 PM

ចាន់ធន់

ពី ភ្នំពេញ

យើងសង្ឃឹមថា កម្ពុជាពិតជាឈ្នះ។ តែបើកម្ពុជាចាញ់វិញ ខ្ញុំសុំសួរថា ភាគីថៃមិនគោរពសាលក្រម ឆ្នាំ 1962​ ហេតុអ្វីកម្ពុជាយើងត្រូវគោរពសាលក្រមបច្ចុប្បន្ននោះ? យើងក៏មិនត្រូវយល់ព្រមដូចគ្នា!

Apr 19, 2013 10:32 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល