ខុមហ្វ្រែល​រក​ឃើញ​ថា​លទ្ធផល​បឋម​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​បាន​ពេញលេញ

0:00 / 0:00

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៧ មករា បង្ហាញ​របាយការណ៍​បូក​សរុប​បឋម​របស់​ខ្លួន​មួយ ស្ដីពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​បាន​បញ្ចប់​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ អង្គការ​នេះ នឹង​បញ្ចេញ​របាយការណ៍​វាយ​តម្លៃ​រួម​នៅ​ខែ​មីនា។

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា រក​ឃើញ​ថា ការ​ចុះ​ឈ្មោះ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី​មាន​ភាព​មិន​ប្រក្រតី​ខ្លះៗ ទោះ​មិន​ទាន់​មាន​បញ្ហា​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដំណើរ​ការ​ចុះ​ឈ្មោះ។

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ មករា ថា លទ្ធផល​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​បាន​ពេញលេញ​ទេ ព្រោះ​អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចំនួន ៩,៦​លាន​នាក់ មាន​តែ ៧,៨​លាន​នាក់​បាន​ចុះ​ឈ្មោះ។ ពលរដ្ឋ​នៅ​តែ​ចង់​មក​ចុះ​ឈ្មោះ​នៅ​ពេល​បញ្ជី​បិទ​ក៏ដោយ ហើយ​ការ​កែ​តម្រូវ​ឈ្មោះ​ក៏​លំបាក៖ « ប៉ុន្តែ​ នៅ​ពេល ​ដែល​យើង​តាម​មើល​កិច្ច​ការងារ ការ​ដាក់​បញ្ជី​ដំបូង​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ពិនិត្យ​នេះ ការ​សង្កេត ​របស់​យើង​ឃើញ​ថា ប្រជាពលរដ្ឋ​មក​ផ្ទៀងផ្ទាត់ មក​ពិនិត្យ​ឈ្មោះ មិន​មាន​ចំនួន​ច្រើន​ទេ ហើយ​បញ្ហា​រឿង​ផ្ទៀងផ្ទាត់​ឈ្មោះ ការ​កែ​ឈ្មោះ​ហ្នឹង ឃើញ​មាន​បញ្ហា​ស្មុគស្មាញ​នីតិវិធី ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​កែ​ឈ្មោះ។ នេះ​ជា​បញ្ហា​មួយ​ដែរ »

ទន្ទឹម​គ្នា​នេះ វិវាទ​បណ្ដឹង​ជំទាស់​ដែល​សង្ស័យ​ថា មាន​អ្នក​មិន​មាន​សញ្ជាតិ​ខ្មែរ​ចុះ​ឈ្មោះ ការ​ដោះស្រាយ​នៅ​ឃុំ-សង្កាត់ ឬ គ.ជ.ប មិន​មាន​តម្លាភាព​ដែល​ធ្វើ​ឲ្យ​ភាគី​បណ្ដឹង​មិន​អស់​ចិត្ត​ទេ « ជាពិសេស​នៅ​ក្រុម​ប្រឹក្សា​ឃុំ - សង្កាត់ អត់​មាន​ការ​ដេញដោល អត់​មាន​ការ​រក​ភស្តុតាង​បន្ថែម​អី​ទៀត​ទេ គឺ​ថា​គ្រាន់​តែ​ពិនិត្យ​មើល​ឯកសារ ហើយ​មិន​បាន​គ្រប់​គ្នា​ទៀត។ បាន​តែ​ចំនួន​ណា​ដែល​បាន​ជា​សំណាក​យក​មក​សួរ មក​ដេញដោល ហើយ​មក​ដល់ គ . . ប នេះ ក៏​ដូច្នេះ​ដែរ មិន​មាន​ការ​រក​ឲ្យ​អស់​ចិត្ត ដូច​ថា​រក​ភស្តុតាង​បញ្ជាក់ ហៅ​មក​សួរ​នាំ​ដេញដោល​អី​អត់​បាន​ទេ គឺ​ថា​ហៅ​តែ​មួយ​ចំនួន​ណា​ជា​សំណាក​ហ្នឹង ហើយ​ក៏​សម្រេច​ចិត្ត​ទៅ ដែល​ធ្វើ​គូ​ភាគី​ដាក់​បណ្ដឹង​នោះ​មិន​អស់​ចិត្ត​អំពី​បញ្ហា​រឿង​ដែល​បណ្ដឹង​ជំទាស់ ថា​អ្នក​ដែល​មាន​នៅ​ក្នុង​ឈ្មោះ​ហ្នឹង មាន​ការ​សង្ស័យ​ថា​មិន​មាន​សញ្ជាតិ​ខ្មែរ។ ទាំងនេះ​ដែល​យើង​រក​ឃើញ​បញ្ហា​ក្នុង​បណ្ដឹង »

លោក​បន្ត​ថា ប្រព័ន្ធ គ.ជ.ប ពេល​នេះ អាច​ត្រួត​ពិនិត្យ​កំហុស​ទិន្នន័យ ឬ​ក៏​ឈ្មោះ​ស្ទួន ហើយ​កែលំអ​បាន​មួយ​ចំនួន ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា​ទាំងនេះ។

ទាក់ទង​នឹង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ​នៅ​ឃុំ-សង្កាត់ ត្រូវ​បាន​នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី រក​ឃើញ​ថា មាន​ពលរដ្ឋ​ប្រមាណ ៣០% ប៉ុណ្ណោះ​ដែល​ទៅ​ពិនិត្យ​ឈ្មោះ។ អ្នក​ខ្លះ​ប្រាប់​ថា មិន​បាន​ទទួល​ព័ត៌មាន​អំពី​ការ​បិទ​ប្រកាស​នោះ៖ « អ្នក​ខ្លះ​គាត់​ថា គាត់​ដឹង​តែ​អត់​ទៅ​ផ្ទៀង ដោយសារ​គាត់​ប្រាប់​យើង​ថា គាត់​ជឿ​លើ​ប្រព័ន្ធ​ចុះ​ឈ្មោះ លើក​នេះ​មាន​កុំព្យូទ័រ វា​មិន​បាត់​ទៅ​ណា​ទេ។ គាត់​ប្រាប់​អ៊ីចឹង។ មាន​ថត​រូបថត​អី​អ៊ីចឹង គាត់​ជឿ​លើ​ប្រព័ន្ធ មិន​បាច់​ទៅ​មើល​ក៏​បាន​ដែរ។ នេះ​ជា​ការ​ធ្វេសប្រហែស​មួយ​ដែរ ដោយសារ​ការ​ផ្សព្វផ្សាយ​យើង​មាន​កម្រិត អត់​បាន​ពន្យល់​ពី​សារសំខាន់​នៃ​ការ​ផ្ទៀងផ្ទាត់​ហ្នឹង​វា​មាន​ប្រយោជន៍​យ៉ាង​ម៉េច​ខ្លះ ? នេះ​ជា​ផលវិបាក​មួយ​ដែល​យើង​រក​ឃើញ​ភាព​មិន​ប្រក្រតី ហើយ​ចំណុច​ខ្វះខាត​របស់​ស្ថាប័ន គ . . ប និង​ស្ថាប័ន​ពាក់ព័ន្ធ​ខាង​ក្រោម »

រីឯ​យុវជន​វិញ ត្រូវ​បាន​មន្ត្រី​កម្មវិធី​យុវជន​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក សេង រិទ្ធី ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​ទាំង​អស់ មាន​យុវជន​ជិត ៣៦%៖ « យុវជន​ដែល​បាន​ទៅ​ចុះ​ឈ្មោះ គឺ​មាន​ជាង ២​លាន​នាក់ គឺ ២​លាន ៨​សែន​នាក់​ជាង ស្មើ​នឹង ៣៥ , % គឺ ៦ % ក្នុង​នោះ​បាត់ ៤ % ទៀត ហើយ​បាត់ ៤ % ហ្នឹង ភាគច្រើន​គឺ​ជា​យុវជន​នៅ​តាម​ឃុំ​នីមួយៗ​ដែល​នៅ​សេសសល់។ បញ្ហា​ហ្នឹង គឺ​គាត់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ ឬ​ក៏​ទៅ​កន្លែង​ផ្សេង។ គាត់​អត់​អាច​មក​ចុះ​ឈ្មោះ​បាន។ អ៊ីចឹង​បើ​និយាយ​ពី​ចំនួន​យុវជន​ច្រើន ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​ប្រជាពលរដ្ឋ​សរុប ៩​លាន​នាក់ តែ​ឥឡូវ​យើង​ចុះ​បាន ៧​លាន​នាក់​ជាង ស្មើ​នឹង ៨១ , ៤៧ % ក្នុង​នោះ យើង​យុវជន​បាន ៣៥ ,

កន្លង​ទៅ គ.ជ.ប បាន​រក​ឃើញ​មាន​បញ្ហា​ឈ្មោះ​ស្ទួន និង​មាន​បណ្ដឹង​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី។ មន្ត្រី គ.ជ.ប ថ្លែង​ថា បញ្ហា​ទាំងនេះ​មក​ពី​បញ្ហា​បច្ចេកទេស ហើយ​បណ្ដឹង​ពេល​នេះ​ក៏​កំពុង​ដោះស្រាយ។

ទោះ​បី​ជា​ខាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត រក​ឃើញ​បញ្ហា​ទាំងនេះ​ក្ដី ក៏​លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ខាង​ក្រុម​លោក​មិន​ទាន់​អាច​វាយ​តម្លៃ​បញ្ហា​ទាំងនេះ​បាន​ទាំង​ស្រុង​ទេ៖ « យើង​ មាន​កិច្ច ​ការងារ​បន្ត​ទៀត ដើម្បី​ធ្វើ​សវនកម្ម​ឲ្យ​បញ្ជាក់​ថា តើ​វា​មាន​ទំហំ​ប៉ុនណា ដែល​កើត​ឡើង​ នៅ​ឈ្មោះ ​ស្ទួន ហើយ​និង​កើត​ឡើង​នូវ​ឈ្មោះ​ដែល​វា​ ខុស​ឆ្គង ដែល គ . . ប រក​ឃើញ​ហើយ ហើយ​កែលំអ ហើយ​វា​នៅ​តែ​មាន​ទៀត​នោះ វា​មាន​ប៉ុនណា​ទៀត ? អា​នេះ​ដែល​យើង​ធ្វើ​សវនកម្ម​ពីរ​ទៀត ហើយ​នៅ​ខែ​៣ បាន​យើង​ចេញ​របាយការណ៍​ចុង​ក្រោយ »

លោក គល់ បញ្ញា ថ្លែង​ទៀត​ថា ទន្ទឹម​គ្នា​នឹង​ការ​ចុះ​ឈ្មោះ​មាន​ភាព​ស្មុគស្មាញ ដែល​អ្នក​ចុះ​ឈ្មោះ​នៅ​លំបាក បញ្ជី​ឈ្មោះ​មិន​មាន​ភាព​សុក្រឹត ចំនួន​អ្នក​ចុះ​ឈ្មោះ​មិន​ទាន់​ពេញលេញ​ក្ដី ក៏​លោក​ជឿ​ថា ប្រព័ន្ធ​បោះឆ្នោត​ថ្មី ជាពិសេស​បញ្ជី​បោះឆ្នោត​ថ្មី​នេះ​មាន​គុណភាព​ល្អ​ជាង​បញ្ជី​ឈ្មោះ​លើក​មុនៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។