ប្រជាពលរដ្ឋមួយចំនួននៅតែមានអារម្មណ៍ភ័យតក់ស្លុត មិនអាចបំភ្លេចបានចំពោះព្រឹត្តិការណ៍ថ្ងៃ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ បើទោះបីជាវាបានកន្លងហួស ១៦ឆ្នាំមកហើយក្តី។ ថ្ងៃទី៥ និង ៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺជាព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមគ្នារវាងកម្លាំងនយោបាយពីរ ដែលមួយដឹកនាំដោយគណបក្សហ៊្វុនស៊ិនប៉ិច និងមួយទៀតដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
អ្នកស្រី ចាន់ ឌី ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលបានឆ្លងកាត់ព្រឹត្តិការណ៍នោះ បានឱ្យដឹងថា អ្នកស្រីមានអារម្មណ៍ភ័យតក់ស្លុតជាខ្លាំងនៅពេលដែលឮសូរសំឡេងប្រយុទ្ធគ្នា ហើយអ្នកស្រីបាននាំកូនពីរនាក់ភៀសខ្លួនទៅនៅម្តុំគីឡូម៉ែត្រលេខ៦ ដើម្បីរកកន្លែងមានសុវត្ថិភាព។ អ្នកស្រីបានបន្តថា អ្នកស្រីនៅតែមានអារម្មណ៍ភ័យខ្លាចដដែល នៅពេលនឹកឃើញដល់ព្រឹត្តិការណ៍នោះ៖ «នៅតែខ្លាចអីចឹងអូន នឹកឃើញនៅតែភ័យ ព្រោះអីដូចយើងអត់ដែលជួបនោះ។ កាលពីជំនាន់ ប៉ុល ពត ធ្លាប់ជួបដែរ តែដូចយើងនៅតូច អត់សូវដឹង»។
បុរសម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលជាអតីតអង្គរក្សរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានថ្លែងថា លោកមានអារម្មណ៍ភ័យខ្លាចចំពោះព្រឹត្តិការណ៍បង្ហូរឈាមនោះ។ លោកបានរំឭកថា ក្រោយរដ្ឋប្រហារចប់ លោកបានជម្លៀសចេញពីកន្លែងបង្ហាត់កងអង្គរក្សទៅនៅម្តុំទឹកថ្លា ដើម្បីតាមដានស្ថានការណ៍ និងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ លោកត្រូវចំណាយពេលប្រហែល ៦ខែ ក្នុងការលាក់ខ្លួន ទម្រាំស្ថានការណ៍បាននឹងន។ លោកបន្ថែមថា មកទល់នឹងពេលនេះ អ្វីដែលកើតមាន ហើយដែលលោកនឹកស្មានមិនដល់នាពេលនោះ គឺស្ថិតនៅជាប់នឹងចិត្តរបស់លោករហូត៖ «ព្រឹត្តិការណ៍រដ្ឋប្រហារហ្នឹង គឺថាអារម្មណ៍មានការភ័យខ្លាច ព្រោះពេលហ្នឹង យើងតទល់ជាមួយនឹងការរដ្ឋប្រហារយកជីវិតទៅពាំងការពារក្រុមដែលគេត្រូវធ្វើរដ្ឋប្រហារហ្នឹងណា។ យើងភ័យខ្លាចទាំងអស់គ្នាហ្នឹង ទាំងប្រជាជន ឬទាំងកងកម្លាំងរក្សា កាលហ្នឹង គេហៅថា កងកម្លាំងរក្សាព្រះអង្គ»។
ចំណែកអ្នកស្រី ហូ គឹមសេង ដែលជាប្អូនស្រីរបស់អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហូ សុខ វិញ បានឱ្យដឹងថា អ្នកស្រីពិតជាមានការភ័យខ្លាច និងឈឺចាប់ចំពោះហេតុការណ៍នាពេលនោះ ប៉ុន្តែអ្នកស្រីសុំមិននិយាយអ្វីទាំងអស់ ពីព្រោះវាជារឿងកន្លងហួសដែលអ្នកស្រីមិនចង់រំឭក៖ «ពីមុនមកវាឈឺចាប់ វាឈឺចាប់ហើយ អូនឯងដូចដឹងស្រាប់ហើយ តែគ្រាន់ថា ឥឡូវជាកាលកន្លងហួសទៅហើយ យាយក៏គាត់មិនចង់ឱ្យយើងរំឭកនិយាយរឿងអស់ហ្នឹងដែរ»។
នៅក្នុងខ្សែវីដេអូមួយដែលត្រូវបានគេបង្ហោះតាមបណ្ដាញ យូធូប (Youtube) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនបដិសេធនឹងពាក្យដែលគេចោទថា រដ្ឋប្រហារនោះទេ ប៉ុន្តែលោកសូមឱ្យរក្សាទុកពាក្យនេះ ថាតើលោកធ្វើរដ្ឋប្រហារ ឬសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាអ្នកធ្វើរដ្ឋប្រហារ តែមិនបានសម្រេច៖ «រឿងផ្ទុះអាវុធនៅថ្ងៃទី៥-៦ កក្កដា គេចោទថា រដ្ឋប្រហារ ឬស្អី ខ្ញុំមិនជំទាស់នឹងពាក្យដែលគេថារដ្ឋប្រហារទេ មិនជំទាស់ ព្រោះគេប្រើពាក្យរដ្ឋប្រហារក៏ត្រឹមត្រូវម្យ៉ាង។ ប៉ុន្តែសួរថា អ្នកណាធ្វើរដ្ឋប្រហារ? ការនាំកងទ័ពខ្មែរក្រហមចូលមកភ្នំពេញ ការចល័តកងទ័ពរាប់រយនាក់ពីខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ចូលមកភ្នំពេញ ការនាំចូលអាវុធរាប់តោន និងអាវុធខុសច្បាប់ផ្សេងទៀតជាងមួយម៉ឺនដើម។ តើអ្នកណាធ្វើរដ្ឋប្រហារ? ហ៊ុន សែន ធ្វើរដ្ឋប្រហារ ឬ រណឫទ្ធិ ធ្វើរដ្ឋប្រហារ ប៉ុន្តែបរាជ័យ? បាទ! ខ្ញុំអត់ជំទាស់នឹងពាក្យរដ្ឋប្រហារទេ។ មកដល់ពេលនេះ ខ្ញុំសូមឱ្យគេ ខ្ញុំមានសំណូមពរទៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស ថាឱ្យរក្សាទុកចុះនូវពាក្យរដ្ឋប្រហារ ព្រោះអ្នកឯងក៏មិនបាននិយាយថា អ្នកណាធ្វើរដ្ឋប្រហារ»។
ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងព្រឹត្តិការណ៍បង្ហូរឈាម បានសំណូមពរឱ្យអ្នកដឹកនាំនយោបាយទាំងអស់ កុំឈ្លោះទាស់ទែងគ្នាដោយសារតែអំណាច ប៉ុន្តែត្រូវប្រមូលផ្តុំគ្នាដោះស្រាយបញ្ហាជារួម ដើម្បីធានាបាននូវសន្តិសុខ និងការអភិវឌ្ឍជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។