ថ្ងៃទី២៣ តុលា ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់សង្គមកម្ពុជា ក្ដី ប៉ុន្តែនៅក្នុងដំណាក់កាលស្ថានភាពនយោបាយបច្ចុប្បន្ននេះ អ្នកនយោបាយបានបកស្រាយខុសៗគ្នាចំពោះថ្ងៃទី២៣ ខែតុលា ដែលប្រទេសចំនួន១៩ ជាហត្ថលេខី រួមទាំងកម្ពុជា ផង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ថ្ងៃទី២៣ តុលា នៃកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ឬហៅថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស នោះ គឺជាថ្ងៃបើកទំព័រប្រវត្តិសាស្ត្រទី២ សម្រាប់ប្រទេសកម្ពុជា អនុវត្តយករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
កិច្ចព្រមព្រៀងសន្តិភាពនេះ បានធ្វើឲ្យកម្ពុជា បានផ្លាស់ប្ដូររបបគ្រប់គ្រងរបស់ខ្លួនពីរបបកុម្មុយនីស្ត មករបបលទ្ធិប្រជាធិបតេយ្យ ដែលមានការបោះឆ្នោតលើកដំបូងកាលពីឆ្នាំ១៩៩៣។ ក្រោយពីកម្ពុជា ទទួលបានសន្តិភាព និងមាននាយករដ្ឋមន្ត្រីតាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យនោះ រដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍប្រទេសពឹងផ្អែកលើជំនួយបរទេស ក្នុងនោះមានប្រទេសមហាអំណាចមួយចំនួនបានផ្ដល់ជំនួយ និងកម្ចី ដូចជា ចិន និងសហរដ្ឋអាមេរិក ជាដើម។
អតីតតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភា និងជាសមាជិកគណៈកម្មការនាយកគណបក្សសង្គ្រោះជាតិ លោក ម៉ោញ សាផាន មានប្រសាសន៍ថា ថ្ងៃទី២៣ តុលា នេះ ជាថ្ងៃបើកទំព័រថ្មីមួយសម្រាប់កម្ពុជា ដែលធ្វើឲ្យខ្មែរគ្រប់ភាគីត្រូវរ៉ូវគ្នាឡើងវិញ បន្ទាប់ពីកម្ពុជា ជួបនូវវិបត្តិសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាច្រើនឆ្នាំមកនោះ។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះដែរ ក៏ជាស្នាព្រះហស្តដ៏សំខាន់មួយរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គនាំឲ្យកម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស និងនាំឲ្យមេដឹកនាំខ្មែរបួនភាគី មានការបង្រួបបង្រួមជាតិ គឺគ្រប់ភាគីបានយល់ព្រមគ្នាចាប់ពីថ្ងៃចុះហត្ថលេខាលើសន្ធិសញ្ញានេះ អនុវត្តការឈប់បាញ់ទាំងស្រុងមួយលើដីគោក លើដីទឹក និងលើអាកាស។
ប្រទេសកម្ពុជា បានរួចផុតពីសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងសន្តិភាពនេះ បានធ្វើឲ្យកម្ពុជា រៀបចំការបោះឆ្នោតជាលើកដំបូងរបស់ខ្លួន តាមបែបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣។
ក្រោយពីកម្ពុជា ទទួលបានសន្តិភាព និងមាននាយករដ្ឋមន្ត្រីតាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យនោះ រដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍប្រទេសពឹងផ្អែកលើជំនួយបរទេស ក្នុងនោះមានប្រទេសមហាអំណាចមួយចំនួនបានផ្ដល់ជំនួយ និងកម្ចី ដូចជា ចិន និងសហរដ្ឋអាមេរិក ជាដើម។ គិតចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជា បានជំពាក់បំណុលបរទេសប្រមាណពី ៧ពាន់លាន ទៅ ១០ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងនេះក្ដី នៅក្នុងបរិបទកម្ពុជា កំពុងប្រឈមនឹងបញ្ហានយោបាយជាប់គាំងក្រោយការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ នេះ អ្នកនយោបាយនៅគណបក្សកាន់អំណាចបានអះអាងថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស នេះ បានផុតរលត់ទៅហើយ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតរដ្ឋ ជាម យៀប និងជាប្រធានក្រុមសមាជិករដ្ឋសភានៃគណបក្សប្រជាជនកម្ពុជា លោកមានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះ បានរលាយហើយ បន្ទាប់ពីគណៈកម្មការអចិន្ត្រៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញ បានអនុម័តដោយសភាធម្មនុញ្ញនាសម័យពេញអង្គលើកទី១ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩៣ មក ពីព្រោះថា ខ្លឹមសារទាំងអស់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះ បានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញអស់ទៅហើយ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះ មានចែងបីចំណុចធំៗ ទី១ កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា។ ទី២ កិច្ចព្រមព្រៀងទាក់ទិននឹងអធិបតីភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា និងទី៣ សេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារ និងការកសាងប្រទេសកម្ពុជា ឡើងវិញ។
ទាក់ទងនឹងបញ្ហានេះ លោក ម៉ោញ សាផាន បានពន្យល់ថា កិច្ចព្រមព្រៀងនេះមិនទាន់ចប់ទេ គឺនៅតែមានតម្លៃសម្រាប់កម្ពុជា ហើយកិច្ចព្រមព្រៀងនេះមានប្រទេសជាច្រើនទៀតជាហត្ថលេខី។ ម្យ៉ាងទៀត ប្រសិនបើកិច្ចព្រមព្រៀងនេះបញ្ចប់នោះ សភាត្រូវប្រជុំអនុម័ត ហើយផ្ញើទៅប្រទេសជាសហប្រធាន មានបារាំង និងឥណ្ឌូនេស៊ី។
ថ្ងៃទី២៣ តុលា នេះ រដ្ឋាភិបាលបានកំណត់នៅក្នុងប្រតិទិនជាថ្ងៃឈប់សម្រាក ចាប់ពីឆ្នាំ១៩៩៣ មក នៅគ្រាដែលប្រទេសកម្ពុជា មាននាយករដ្ឋមន្ត្រីចំនួនពីររូប ប៉ុន្តែដល់ឆ្នាំ២០០៧ រដ្ឋាភិបាលបានលុបចោលថ្ងៃទី២៣ តុលា ជាថ្ងៃមិនឲ្យឈប់សម្រាកពីការងារវិញ។ ការសម្រេចរបស់រដ្ឋាភិបាលនេះ បានធ្វើឲ្យមានប្រតិកម្មជាច្រើនពីមន្ត្រីអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង ដោយពួកគេទាមទារឲ្យយកថ្ងៃនេះជាថ្ងៃបុណ្យជាតិវិញ។
ប៉ុន្តែ កាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០១២ រដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៣ តុលា ជាថ្ងៃឈប់សម្រាក១ថ្ងៃពីការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ នៅទូទាំងប្រទេស ចាប់ពីឆ្នាំ២០១៣ តទៅ។
ការប្រកាសយកថ្ងៃទី២៣ តុលា ជាថ្ងៃឈប់សម្រាកនេះ នៅចំថ្ងៃកាន់ទុក្ខទី៧នៃព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គជាអ្នកផ្ដួចផ្ដើមឲ្យមានកិច្ចព្រមព្រៀងនេះឡើង។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះ ជាអាយុជីវិតរបស់ប្រទេសជាតិខ្មែរទាំងមូល។ លោកបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មានសារសំខាន់ជាយន្តការអន្តរជាតិ ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពនេះ រដ្ឋាភិបាលមិនទាន់គោរពបានពេញលេញក៏ដោយ។
អ្នកវិភាគបានលើកឡើងថា កម្ពុជា មិនទាន់ដើរតាមគន្លងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នោះ ដូចជាស្ថាប័នរដ្ឋមួយចំនួនមិនទាន់ឯករាជ្យ ពិសេសប្រព័ន្ធតុលាការមិនបានធានានូវយុត្តិធម៌ជូនប្រជាពលរដ្ឋ និងបញ្ហាបង្រួបបង្រួមជាតិនៅមិនទាន់មាននៅឡើយជាដើម។ ម្យ៉ាងវិញទៀត ដោយសារស្ថានភាពនយោបាយរវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច កំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយអំពីលទ្ធផលបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិ បានយកថ្ងៃទី២៣ តុលា ឆ្នាំ២០១៣ នេះ ធ្វើមហាបាតុកម្មដើម្បីទាមទាររកយុត្តិធម៌លទ្ធផលបោះឆ្នោត និងដង្ហែក្បួនដាក់ញត្តិទៅដាក់ការិយាល័យអង្គការសហប្រជាជាតិ និងស្ថានទូតមួយចំនួនទៀត។
ភ្ជាប់ទៅនឹងបញ្ហានេះ អ្នកវិភាគសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះមានតម្លៃជាប្រវត្តិសាស្ត្រចំនួនបីសំខាន់ៗ ទី១ គ្មានប្រទេសណានៅលើពិភពលោកប្រើប្រាស់អង្គការសហប្រជាជាតិ ដោះស្រាយទំនាស់ស៊ីវិលបានទេ។ ទី២ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គេបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ និងទី៣ តម្លៃនៅលើឆាកអន្តរជាតិ ពោល គឺអន្តរជាតិយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ធ្វើជាគំរូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
