គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងលើកយករបៀបវារៈរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលស្នើឲ្យរដ្ឋសភា កោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឆ្លើយបំភ្លឺជុំវិញរឿងការអនុវត្តរបស់តុលាការមានភាពមិនប្រក្រតី ទៅពិភាក្សានៅព្រឹកថ្ងៃច័ន្ទ ទី៦ មិថុនា។
ដំណើរការរៀបចំឲ្យមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចូលខ្លួនបំភ្លឺតាមការស្នើសុំរបស់បក្សប្រឆាំងនេះ គឺរដ្ឋសភា បានបន្តធ្វើក្នុងអំឡុងពេលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រកាសផ្អាកមិនចូលបំពេញកិច្ចការមួយរយៈក្នុងពេលមានភាពតានតឹងផ្នែកនយោបាយ។
តំណាងរាស្ត្រគណបក្សប្រឆាំង នឹងមិនចូលទៅចោទសួររដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរដ្ឋសភាតាមសំណើរបស់ខ្លួននោះទេ។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា កាលពីថ្ងៃសុក្រ ទី៣ មិថុនា លោកបានដាក់លិខិតមួយជម្រាបជូនទៅប្រធានរដ្ឋសភា រួចហើយថា លោកសុំពន្យារពេលចោទសួររដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមូលហេតុលោកមិនអាចទៅបំពេញការងារពេញលេញនៅរដ្ឋសភាបាន។ លោក សុន ឆ័យ បញ្ជាក់នៅថ្ងៃទី៥ មិថុនា ថា លោកនឹងស្នើកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មកចោទសួរម្ដងទៀតនៅពេលក្រោយ ចំពោះភាពមិនប្រក្រតីរឿងការអនុវត្តរបស់តុលាការនាពេលកន្លងមក ដូចជាការចាប់ខ្លួន និងឃុំខ្លួនខុសប្រក្រតី និងភាពមិនឯករាជ្យរបស់តុលាការ ជាដើម៖ «យើងជាម្ចាស់សំណួរនេះតាមប្រការ៣៣ ថ្មីនៃ បទបញ្ជាផ្ទៃ ក្នុងនៃ រដ្ឋសភា យើងជាម្ចាស់អ្នកហៅអាចផ្អាកអាចបញ្ឈប់សំណើនេះបាន»។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានបញ្ជូនលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ១០រូប កាលពីថ្ងៃទី៦ ខែឧសភា ផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ឧសភា ដោយស្នើឲ្យចាត់តាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ចូលមកបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ មន្ត្រីសិទ្ធិមនុស្ស និងករណីតុលាការកោះហៅតំណាងរាស្ត្រឲ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងសំណុំរឿងនៅតុលាការ បញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ឥទ្ធិពលនយោបាយគ្រប់គ្រងតុលាការ ការបំពានរដ្ឋធម្មនុញ្ញ ការគំរាមកំហែងលើគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល ជាដើម។
ថ្វីបើមានលិខិតសុំផ្អាក ឬពន្យារពេលពីប្រធានក្រុមអ្នកតំណាងរាស្ត្រ លោក សុន ឆ័យ យ៉ាងនេះក្ដី ប៉ុន្តែតាមប្រសាសន៍អ្នកនាំពាក្យរដ្ឋសភា ឲ្យដឹងថា គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងលើកយករបៀបវារៈនេះលើកមកពិភាក្សាដដែលនៅថ្ងៃច័ន្ទ ទី៦ មិថុនា។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងពិនិត្យការដាក់របៀបវារៈនេះចូលទៅក្នុងសភាពេញអង្គ៖ «ឥឡូវខាងសម្ដេច នាយកគាត់ ឆ្លើយមកហើយថា លោកនឹងឲ្យ លោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ មកឆ្លើយ។ សភាប្រជុំស្អែក នឹងពិនិត្យ ដាក់បញ្ហានេះនៅក្នុងរបៀបវារៈរបស់សភាពេញអង្គ ដើម្បីឲ្យឆ្លើយសំណួរអ្នក តំណាងរាស្ត្រហ្នឹង»។
កាលពីពេលថ្មីៗនេះ គណបក្សសង្គ្រោះជាតិ បានប្រកាសហើយថា អ្នកតំណាងរាស្ត្ររបស់ខ្លួនទាំងអស់ នឹងផ្អាកមិនទៅបំពេញរាល់កិច្ចការនានានៅមន្ទីររដ្ឋសភាមួយរយៈ។ ការប្រកាសនេះ ក្នុងគ្រាដែលលោក កឹម សុខា បដិសេធមិនឲ្យចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សីរឿងសញ្ចារកម្មចំនួន ២លើក ហើយតុលាការចោទប្រកាន់ពីបទបដិសេធក្នុងការចូលបំភ្លឺ។
មន្ត្រីនាំពាក្យរដ្ឋសភាដដែលឲ្យដឹងថា ក្រៅអំពីរឿងកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចូលបំភ្លឺនេះ កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា ក៏នឹងលើកយករបៀបវារៈមួយចំនួនទៀតមកពិភាក្សា គឺច្បាប់ទាក់ទងនឹងអាស៊ានចំនួន៣ ដែលជាកិច្ចព្រមព្រៀងនៅក្នុងរង្វង់អាស៊ាន ដែលរដ្ឋាភិបាលកម្ពុជា ត្រូវចុះហត្ថលេខា និងត្រូវផ្ដល់សច្ចាប័ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
