សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់

ដោយ យាង សុជាមេត្តា
2017.04.24
បោះឆ្នោត ៦១០ ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ឈរ​តម្រង់​ជួរ​ដើម្បី​ចូល​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
Photo: RFA

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ មិថុនា ឲ្យ​បាន​គ្រប់​គ្នា។ សេចក្តី​អំពាវនាវ​របស់​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៤ មេសា ស្នើ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​បោះឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ ដើម្បី​អនាគត និង​ការ​រីក​ចម្រើន​នៅ​តាម​ភូមិ-ឃុំ។

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា អំពាវនាវ​ពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​បារម្ភ​ពី​ការ​គាប​សង្កត់ ការ​គំរាម​កំហែង ឬ​សម្លុត​បំភ័យ​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ។ បន្ថែម​ពី​លើ​នេះ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ក៏​ណែនាំ​ឲ្យ​ពលរដ្ឋ​កុំ​មាន​ការ​យល់​ច្រឡំ​ថា ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ធ្វើ​ទៅ​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ ផ្ទុយ​ទៅ​វិញ ការ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត គឺ​ធ្វើ​តាម​របៀប​ដែល​ធ្លាប់​បាន​ធ្វើ​កន្លង​ទៅ ពោល​គឺ​អ្នក​បោះឆ្នោត​ទាំងអស់ ត្រូវ​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត​ដើម្បី​គូស និង​ទម្លាក់​សន្លឹក​ឆ្នោត​ក្នុង​ហិប​ឆ្នោត ស្ថិត​ក្នុង​បន្ទប់​សម្ងាត់​ដោយ​ផ្ទាល់ ហើយ​ការ​រាប់​សន្លឹក​ឆ្នោត គឺ​ត្រូវ​ធ្វើ​នៅ​តាម​ការិយាល័យ​រៀងៗ​ខ្លួន។

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា អំពាវនាវ​ពលរដ្ឋ​ឲ្យ​ចូលរួម​តាមដាន និង​ឃ្លាំ​មើល​ការ​បោះឆ្នោត ព្រោះ​អង្គភាព​មួយ​នេះ​ជឿជាក់​ថា មាន​តែ​ការ​ចូលរួម​របស់​ពលរដ្ឋ​ទេ ដែល​អាច​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​កាន់​តែ​ទុក​ចិត្ត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។