មន្ត្រី​រដ្ឋាភិបាល​រិះគន់​សង្គម​ស៊ីវិល​ខ្លះ​ថា​ប្រឆាំង​រដ្ឋាភិបាល​ដើម្បី​បាន​ជំនួយ​ពី​បរទេស

0:00 / 0:00

រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ក្រៅ​ពី​រិះគន់​គណបក្ស​សង្គ្រោះ​ជាតិ ថា ចេះ​តែ​ចោទ​រដ្ឋាភិបាល ទាំង​មិន​សម​ហេតុផល​អំពី​ធ្វើ​ឲ្យ​ទឹកដី​កម្ពុជា​ក្រោម និង​កោះត្រល់ ត្រូវ​កាត់​ឲ្យ​វៀតណាម​​ហើយ ក៏​បាន​រិះគន់​ក្រុម​ស្ត្រី​តស៊ូ​ក្នុង​រឿង​ដីធ្លី និង​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ថែម​ទៀត។

លោក​ថា ក្រុម​ស្ត្រី​ដែល​ចេញ​តវ៉ា​ចេះ​ធ្វើ​មាយា​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ម្ដងៗ​ដូចជា​ពេល​ខ្លះ​ត្រូវ​រត់​អោប​សមត្ថកិច្ច ដើម្បី​យក​បុង ឬ​យក​មុខ​មាត់ ជួនកាល​ស្រាត​សំលៀកបំពាក់​នៅ​ទី​សាធារណៈ​ជាដើម។ ជាង​នេះ​ទៀត លោក​បាន​ចាត់​ទុក​សកម្មភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា បាន​រៀប​ឫក​ធ្វើ​ខ្លួន​ទៅ​ជា​បក្ស​ប្រឆាំង ដើម្បី​យក​ជំនួយ​ពី​បរទេស​សម្រាប់​ធ្វើ​កិច្ចការ​របស់​ខ្លួន ទាំង​រដ្ឋាភិបាល​មិន​ទាំង​បាន​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ផង។

ថ្លែង​ប្រាប់​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មិថុនា។ លោក កែវ រ៉េមី អតីត​មន្ត្រី​គណបក្ស​ជំទាស់​មួយ​រូប ចេញ​ពី​គណបក្ស​សិទ្ធិមនុស្ស និង​បច្ចុប្បន្ន​មាន​ងារ​ជា​រដ្ឋលេខាធិការ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​អះអាង​ថា មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​ប្រឆាំង​រដ្ឋាភិបាល តាម​រយៈ​ប្រាក់​ជំនួយ​ដែល​ខ្លួន​ទទួល​បាន​ពី​បរទេស​នោះ។

លោក​បន្ត​ថា៖ «អ៊ិន.ជី.អូ (NGO) ប្រឆាំង​ខ្លះ​របរ​រកស៊ី​គាត់ ឥឡូវ​នេះ​គឺ​រឿង​បាតុកម្ម​ហ្នឹង​ហើយ។ រឿង​ដី​ក៏​គាត់​ចេញ​មុខ​ដឹកនាំ​បាតុកម្ម រឿង​កម្មករ​ក៏​ដឹក​នាំ​បាតុកម្ម រឿង​ស្អី​ណា​ផ្សេង​ស្អី​ណា រំលោភ​ស្អី​ណា ក៏​ដឹកនាំ​បាតុកម្ម។ នៅ​ខេត្ត​ណា​ក៏​ដឹកនាំ ពីព្រោះ​គាត់​ទទួល​បាន​ជំនួយ​ចេញ​ថ្លៃ​ភ្លើង​ប្រាក់ខែ​របរ​រក​ស៊ី​បាន។ ឥឡូវ​វា​ទៅ​អ៊ីចឹង។ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ប្រាប់​ខ្ញុំ ខ្ញុំ​សូម​ជម្រាប​ជូន​រឿង​វា​គួរ​ឲ្យ​អស់​សំណើច ហើយ​វា​អយុត្តិធម៌​សម្រាប់​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​រាល់​ទង្វើ​របស់​គាត់។ ឥឡូវ​គាត់​មាន​ក្បាច់​ច្រើន​ណាស់។ មាន​អ្នក​ខ្លះ​រត់​ទៅ​អោប​សមត្ថកិច្ច អា​ពេល​ធ្វើ​បាតុកម្ម​ទល់​មុខ​ហ្នឹង។ រត់​ទៅ​អោប​អ៊ីចឹង​ទៅ យក​ដៃ​ទៅ​រុញ​ទៅ ទះ​មុខ​សមត្ថកិច្ច​ទៅ ហើយ​ប្រយ័ត្ន​បង​ប្អូន​យើង​រុញ​ច្រាន​ចេះ​ទៅ​គេ​មាន​អ្នក​ចាំ​ថត ឲ្យ​មើល​ឃើញ​សកម្មភាព​ដូចជា​រដ្ឋាភិបាល​ហ្នឹង គឺ​ថា សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​ច្រាន​មនុស្ស​ចាស់​អ៊ីចឹង»

ឆ្លើយ​តប​បញ្ហា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ចំនួន​ផ្នែក​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា សំដី​របស់​ភ្នាក់ងារ​រដ្ឋាភិបាល​បែប​នេះ វា​ហាក់​ដូច​ជា​ធ្ងន់ធ្ងរ​ពេក​ណាស់។ ការ​ពិត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ស្ថាប័ន​ឯករាជ្យ ហើយ​ក៏​ពុំ​ដែល​បាន​តាំង​ខ្លួន​ថា ជា​បក្ស​ប្រឆាំង ឬ​ដើរ​តួនាទី​ជំនួស​ឲ្យ​គណបក្ស​ជំទាស់​ម្ដង​ណា​នោះ​ដែរ។

​លោក ចាន់ សុវ៉េត សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​មក​ពី​សមាគម​អាដហុក (Adhoc) យល់​ឃើញ​ថា សារ​នយោបាយ​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​សង្គម​ស៊ីវិល​ដែល​ប្រឹងប្រែង​ការពារ​សិទ្ធិ​មនុស្ស លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ជំរុញ​ឲ្យ​មាន​នីតិរដ្ឋ​នៅ​កម្ពុជា។

យ៉ាង​ណា លោក ចាន់ សុវ៉េត ថ្លែង​ថា នេះ​ជា​ទម្លាប់​របស់​រដ្ឋាភិបាល​ដែល​តែង​មើល​ឃើញ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ផ្លូវ​អាក្រក់ ហើយ​ចោទ​ប្រកាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា ជា​ក្រុម​មនុស្ស​ដែល​ប្រឆាំង​រដ្ឋាភិបាល​ទៅ​វិញ៖ «តាម​ពិត​បើ​សិន​ជា​រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ប្រជាជន​ជា​អ្នក​គ្រប់គ្រង​នេះ គាត់​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ ខ្ញុំ​គិត​ថា អង្គការ​សង្គម​ស៊ីវិល រឿង​អី​ថា យើង​មិន​គាំទ្រ​រឿង​អី​ថា​យើង​មិន​ចូល​រួម​ចំណែក»

អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា រដ្ឋាភិបាល​តែង​ព្យាយាម​លាប​ពណ៌​ក្រុម​ណា​មួយ​ជា​ដរាប​កាល​ណា​យល់​ថា ក្រុម​នោះ​មាន​ទស្សន​មិន​ស្រប​ខ្លួន មិន​អនុវត្ត​តាម​គោលការណ៍​ដែល​មិន​សម​ហេតុផល​របស់​រដ្ឋ ហើយ​តែង​ចាត់​ទុក​ថា ជា​ក្រុម​ប្រឆាំង។ មាន​បទពិសោធន៍​រួច​មក​ហើយ​កាល​ពី ៣០​ឆ្នាំ​មុន ព្រោះ​តែ​នយោបាយ​លាប​ពណ៌​នេះ ដោយ​គ្រាន់តែ​ចោទ​មនុស្ស​គ្មាន​កំហុស​ថា បាន​ក្បត់​បក្ស និង​អង្គការ​យ៉ាង​ហោច​ក៏​មនុស្ស​ជិត ២​លាន​ត្រូវ​ស្លាប់​ក្នុង​របប​វាល​ពិឃាដ​កាល​ណោះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ ពុំ​មែន​តែ​លោក ចាន់ សុវ៉េត ឡើយ​លោក អំ សំអាត សកម្មជន​ការពារ​សិទ្ធិ​មនុស្ស អង្គការ​លីកាដូ (Licadho) បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ឥរិយាបថ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ។ លោក​ហៅ​ការ​រិះគន់​ប្រឆាំង​អង្គការ​សង្គម​ស៊ីវិល​នេះ​ថា ជា​លេស​មួយ​ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​រាល់​ពេល​មាន​កំហុស​កើត​ឡើង ហើយ​ត្រូវ​គេ​រាយការណ៍​ថា បាន​ប្រឆាំង​លើ​ពលរដ្ឋ​របស់​ខ្លួន។

លោក អំ សំអាត ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ម្ចាស់​ជំនួយ​វិញ គេ​ពិត​ជា​មិន​មិន​ល្ងង់​ដោយ​ផ្ដល់​លុយ​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល​មួយ​ទៀត​នោះ​ឡើយ។ ក៏​ប៉ុន្តែ​ថា លុយ​ជំនួយ​ដែល​អង្គការ​សង្គម​ទទួល​បាន​នៅ​ពេល​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ដៃគូ​ជាមួយ​រដ្ឋាភិបាល។ជាពិសេស ពិនិត្យ​មើល​ការ​ខ្វះ​ចន្លោះ​កម្មវិធី​នយោបាយ​ដែល​រដ្ឋាភិបាល​ឆក​ល្វែង​អនុវត្ត​មិន​បាន​ដិត​ដល់​ប៉ុណ្ណោះ។

លោក អំ សំអាត៖ «ជា​គោលការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល គឺ​ជួយ​ធ្វើ​យ៉ាង​ណា​ដើម្បី​អភិវឌ្ឍ ជាពិសេស​បើ​អង្គការ​សិទ្ធិ​មនុស្ស គេ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា យើង​ហ្នឹង អនុវត្ត​សិទ្ធិ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង ឲ្យ​កាន់តែ​ល្អ​ប្រសើរ»

សម្រាប់​លោក កែវ រ៉េមី មិន​យល់​ឃើញ​ដូច្នេះ​ឡើយ។ បដិសេធ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ មិថុនា ដែល​ស្នើ​ឲ្យ​លោក​បង្ហាញ​ឲ្យ​បាន​ច្បាស់​ពី​ឈ្មោះ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ដែល​កំពុង​តាំង​ខ្លួន​ជា​អ្នក​ស្ថាប័ន​ប្រឆាំង​រដ្ឋាភិបាល​នោះ លោក​អះអាង​ថា លោក​មិន​ទម្លាប់​បង្ហាញ​កេរ្តិ៍​ដែល​នាំ​ឲ្យ​ម្ចាស់​អង្គការ​សាមី​រអៀស​ខ្លួន​នោះ​ឡើយ។

ធ្លាប់​ជា​អតីត​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង​ដែល​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​នោះ លោក​និយាយ​ថា ការ​ពិត​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ចេញ​ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ហូរហែ​ប្រៀប​ដូច​ជា​មនុស្ស​នៅ​ក្នុង​គណបក្ស​នេះ​ទៅ​ហើយ។ ហេតុនេះ​គេ​ពុំ​ចាំបាច់​បង្ហាញ​ភស្តុតាង​រឹង​ណា​មួយ​នោះ​ឡើយ។

លោក កែវ រ៉េមី៖ «យើង​ធ្វើ​អី​កុំ​ឲ្យ​រុញ​គេ​ឲ្យ​ដល់​កៀន​ជញ្ជាំង ព្រោះ NGO ខ្លះ​ចេញ​ចូល​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ទៅ​ប្រជុំ​ចូល​ទៅ​អី​ហ្នឹង ក៏​យើង​ដឹង​ដែរ។ អ៊ីចឹង​ដល់​និយាយ​ប៉ុណ្ណឹង​គាត់​ដឹង​ខ្លួន​គាត់​ហើយ ជា​អ្នក​ណា​នោះ។ ប៉ុន្តែ​គ្រាន់តែ​យើង​ទុក​មុខមាត់​សិន ព្រោះ​ជា​ទម្លាប់​យើង​មិន​រុញ​មនុស្ស​ឲ្យ​មាន​ការ​អាម៉ាស់​ទេ។ មនុស្ស​សំខាន់​រក្សា​មុខ​មាត់ ហើយ​ឲ្យ​គាត់​ពិចារណា»

​ចំណែក​លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​វិញ យល់​ថា នៅ​ក្នុង​រដ្ឋ​មួយ​កាល​ណា​ភ្នាក់ងារ​របស់​រដ្ឋាភិបាល ឬ​រដ្ឋាភិបាល​ខ្លួន​ឯង ព្យាយាម​បង្កើត​សេនាធិការ​គ្រប់​សារពើ​ដូចជា​សហជីព បង្កើត​សហជីព​ទប់​អង្គការ បង្កើត​អង្គការ​ទប់​នឹង​យន្តការ​ដទៃ​ទៀត នោះ​បង្ហាញ​ថា របប​នៃ​រដ្ឋ​នោះ កំពុង​អនុវត្ត​គោលនយោបាយ​ទៅ​រក​របប​បែប​កុម្មុយនិស្ត​ហើយ។

លោក​ពន្យល់​ថា ចំពោះ​តួនាទី​អង្គការ​ស៊ីវិល​វិញ ពុំ​ដូច្នោះ​ឡើយ ដោយ​ហេតុ​ថា ជា​ស្ថាប័ន​ដែល​ជួយ​ប្រឹក្សា​យោបល់ និង​ជា​កញ្ចក់​សម្រាប់​ឆ្លុះ​ចំណុច​ខ្វះ​ចន្លោះ​តែប៉ុណ្ណោះ។ លោក​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ប្រកាន់​គោលជំហរ​របៀប​នេះ​ទៀត លោក​ចាត់​ទុក​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ត្រូវ​បាត់បង់​ជំនឿ​ទុក​ចិត្ត​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​អាណត្តិ​ទី​ប្រាំ​នេះ​ទៅ​ទៀត។

លោក​បន្ត​ថា៖ «សង្គម​ស៊ីវិល​លោក​ធ្វើការ ឧទាហរណ៍​បើសិនជា​មើល​ឃើញ​ថា មាន​អំពើ​ជួញដូរ​មនុស្ស គឺ​យើង​និយាយ​ថា មាន​អំពើ​ជួញដូរ​មនុស្ស។ បើ​មាន​អំពើ​ពុករលួយ​គឺ​ថា វា​មាន​អំពើ​ពុករលួយ។ អ៊ីចឹង​កាលណា​និយាយ​ការពិត​ពី​សង្គម​ហ្នឹង ខាង​រដ្ឋាភិបាល​លោក​តែងតែ​ថា សង្គម​ស៊ីវិល​ហ្នឹង​ជា​គណបក្ស​ប្រឆាំង ជា​ក្រុម​ប្រឆាំង ហើយ​ការ​ដែល​ប្រកាន់​ជំហរ​ហ្នឹង ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​បាត់បង់​នូវ​កៅអី​ជាង ២០​ជាង​ហើយ កាល​ពី​បោះ​ឆ្នោត​ថ្មីៗ​នេះ។ អ៊ីចឹង​បើសិនជា​គណបក្ស​ប្រជាជន​នៅ​តែ​ប្រកាន់​ចរិត​បែប​ហ្នឹង​ត​ទៅ​ទៀត ខ្ញុំ​គិត​ថា បោះ​ឆ្នោត​អាណត្តិ​ក្រោយ ប្រហែល​ជា​ធ្លាក់​ច្រើន​ជាង​នេះ​ទៅ​ទៀត»

​ក្រៅ​ពី​ការ​រិះគន់​ដែល​លោក កែវ រ៉េមី ហៅ​ការ​ធ្វើ​បាតុកម្ម និង​សកម្មភាព​នៃ​ការ​តវ៉ា​នានា របស់​សហជីព អង្គការ​សមាគម​គណបក្ស​ប្រឆាំង និង​អ្នក​មាន​ជម្លោះ​ដីធ្លី ហើយ​ព្យាយាម​អនុវត្ត​លើស​ហួសហេតុ​នៅ​ទី​សាធារណៈ​ដូចជា​សកម្មភាព​ស្រែកយំ ឬ​ជួនកាល​រត់​អោប​សមត្ថកិច្ច​រហូត​ពេល​ខ្លះ​ដោះ​សំលៀក​បំពាក់​ថែម​ទៀត​ផង​នោះ លោក​ចាត់​ទុក​ថា នេះ​ជា​របៀប​ធ្វើ​អាជីវកម្ម ដើម្បី​បាន​លុយ​ជំនួយ​ពី​បរទេស​ប៉ុណ្ណោះ។

លោក កែវ រ៉េមី និយាយ​ថា យោង​ទិន្នន័យ​របស់​ក្រសួង​មហាផ្ទៃ ឆ្នាំ​២០១៣ ឃើញ​ថា សកម្មភាព​ធ្វើ​បាតុកម្ម និង​កុប្បកម្ម​របស់​ក្រុម​ប្រឆាំង​មាន​ចំនួន ៨៤២ លើក​មក​ហើយ។ លោក​ចាត់​ទុក​ថា ការ​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ទាំង​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​កំពុង​អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ​ដ៏​ពេញលេញ​នៅ​ក្នុង​ប្រទេស។

បើ​ទោះ​ជា​បែប​នេះ​ក៏​ដោយ​ចុះ តែ​សកម្មភាព​នៃ​ការ​ប្រមូល​ផ្តុំ​ត្រូវ​បាន​រឹតត្បិត ចំណែក​ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បន្ត​ហ៊ុមព័ទ្ធ​ដោយ​របង និង​បន្លា​លួស​ក្រោយ​ការ​បង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង និង​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។