បណ្ដាញ​ពហុ​វិស័យ​ស្នើ​ឲ្យ​អ្នក​នយោបាយ​គោរព​ស្ថាប័ន​ព្រះមហាក្សត្រ

បណ្ដាញ​ពហុ​វិស័យ​បាន​ស្នើ​អោយ​អ្នក​នយោបាយ​ខ្មែរ​គោរព​ស្ថាប័ន​ព្រះមហាក្សត្រ និង​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ។ ការ​អំពាវនាវ​របស់​បណ្ដាញ​សហគមន៍​ចម្រុះ​មួយ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ព្រះមហាក្សត្រ​កំពុង​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នយោបាយ​ជាតិ។

0:00 / 0:00

នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៣ ក្នុង​ក្រុង​ភ្នំពេញ បណ្ដាញ​ពហុ​វិស័យ​បាន​អំពាវនាវ​អោយ​មាន​ការ​គោរព​ស្ថាប័ន​ព្រះមហាក្សត្រ និង​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​ដែល​មាន​ចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

បណ្ដាញ​ពហុ​វិស័យ គឺ​ជា​ក្រុម​ចម្រុះ​ដែល​ចូល​រួម​ដោយ​បណ្ដាញ​សហគមន៍ និង​សមាគម​នានា រួម​មាន​សហគមន៍​សកម្មជន​ដីធ្លី សកម្មជន​ព្រៃ​ឈើ សកម្មជន​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ សកម្មជន​ការងារ កសិករ យុវជន ជនជាតិ​ដើម​ភាគ​តិច អ្នក​នេសាទ អ្នក​ប្រកប​របរ​ផ្លូវ​ភេទ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​សិល្បៈ​ជាដើម។

នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ប្រមាណ​ជា ៤០​នាក់ លោក ស៊ឹម សុបញ្ញា តំណាង​បណ្ដាញ​សហគមន៍​នេសាទ​បឹង​ទន្លេសាប និង​ជា​សមាជិក​បណ្ដាញ​ពហុ​វិស័យ​ផង​ដែរ​នោះ បាន​លើក​ឡើង​ថា ព្រះរាជ​តួនាទី និង​អំណាច​របស់​ព្រះមហាក្សត្រ​ត្រូវ​បាន​ចែង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា តែ​លោក​បាន​ចោទ​សួរ​ថា កន្លង​មក នៅ​ពេល​ដែល​មាន​បញ្ហា​សង្គម​ផ្សេងៗ ពិសេស​បញ្ហា​ដីធ្លី ដូច​ជា​នៅ​តំបន់​បឹងកក់ បុរីកីឡា និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត តើ​អំណាច​ព្រះមហាក្សត្រ​មាន​សម្ពាធ និង​ជួយ​ជំរុញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​អោយ​មាន​ប្រសិទ្ធភាព​បាន​ដែរ​ឬ​ទេ?

លោក​បន្ត​ថា បណ្ដាញ​ពហុ​វិស័យ​គាំទ្រ​អោយ​ព្រះមហាក្សត្រ​មាន​អំណាច​ពេញលេញ តាម​ផ្លូវ​ច្បាប់ ដើម្បី​អោយ​ព្រះមហាក្សត្រ​អាច​ជួយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ លោក​ថា ប្រជារាស្ត្រ​ខ្មែរ​នៅ​តែ​ជឿ​ជាក់​លើ​អង្គ​ព្រះមហាក្សត្រ៖ «យើង​ចង់​អោយ​អំណាច​ព្រះមហាក្សត្រ​ដែល​បាន​ចែង​ក្នុង​ច្បាប់​មាន​ពេញ​លេញ ដោយ​គោរព​ទៅ​តាម​ឆន្ទៈ​របស់​រាស្ត្រ ព្រោះ​ក្នុង​មាត្រា ៨ និង​មាត្រា ៩ បាន​ចែង​ច្បាស់​ថា លោក​មិន​ត្រឹម​តែ​គោរព និង​ធានា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទេ សូម្បី​តែ​សន្ធិសញ្ញា​អន្តរជាតិ ក៏​លោក​ត្រូវ​តែ​គោរព​ដែរ»

មាត្រា ៨ និង​មាត្រា ៩ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។ ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។ ព្រះមហាក្សត្រ​ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញា​កណ្ដាល ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​អោយ​មាន​ភាព​ទៀង​ទាត់។

ការ​អំពាវនាវ​របស់​បណ្ដាញ​ពហុ​វិស័យ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា កំពុង​ជាប់​គាំង​ផ្នែក​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​នីតិកាល​ទី៥ និង​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ កំពុង​សម្លឹង​ទៅ​រក​ព្រះមហាក្សត្រ​អំពី​ព្រះរាជ​អន្តរាគមន៍​របស់​ព្រះអង្គ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​នេះ។

ក្នុង​ព្រះរាជសារ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ចុះ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៣ ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​អញ្ជើញ លោក ហ៊ុន សែន និង លោក សម រង្ស៊ី ចូល​រួម​ប្រជុំ​ក្រោម​ព្រះ​រាជាធិបតី​ភាព​នៃ​ព្រះអង្គ នៅ​ថ្ងៃ​សៅរ៍ ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង ៩​ព្រឹក ក្នុង​ព្រះបរមរាជវាំង។ លោក ហ៊ុន សែន និង លោក សម រង្ស៊ី បាន​ឆ្លើយ​តប​ហើយ​ថា ពួក​គេ​នឹង​ចូល​រួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។