ក្រសួង​ការពារ​ជាតិ​ព្រមាន​ប្រើ​កងទ័ព​បង្ក្រាប​បាតុកម្ម​របស់​បក្ស​ប្រឆាំង

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ព្រមាន​ថា នឹង​ធ្វើ​ការ​បង្ក្រាប​នូវ​រាល់​ការ​ប្រមូល​ផ្តុំ ឬ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ បាន​ឲ្យ​ដឹង​ថា លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ បាន​ថ្លែង​បញ្ជាក់​ថា កងទ័ព​កម្ពុជា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ គំរាម​ធ្វើ​បាតុកម្ម​ដែល​ខុស​នឹង​ច្បាប់។

លោក ទៀ បាញ់ ដែល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ អស់​រយៈ​កាល​ជាង ២០​ឆ្នាំ​មក​ហើយ​នេះ បាន​បញ្ជាក់​ច្បាស់​ថា៖ «ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ទូទាំង​ប្រទេស ឬ​ការ​ធ្វើ​មហា​បាតុកម្ម ត្រូវ​រៀប​ចំ​ធ្វើ​ឡើង​តាម​ច្បាប់​កំណត់។ ខ្ញុំ​ពុំ​មែន​គំរាម​ទេ តែ​យើង​ត្រូវ​ពិនិត្យ​មើល ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​បំណង​បំផ្លាញ​រដ្ឋធម្មនុញ្ញ ឬ​យ៉ាង​ណា? ខ្ញុំ​និយាយ​នេះ​ដោយ​សុទ្ធចិត្ត គ្មាន​នរណា​ម្នាក់​អាច​បំផ្លាញ​រដ្ឋធម្មនុញ្ញ​បាន​ទេ កងទ័ព​បាន​ត្រៀម​ខ្លួន​រួច​ហើយ នៅ​ក្រុង​ភ្នំពេញ»

ការ​ប្រកាស​របស់ លោក ទៀ បាញ់ នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមាន​ថា នឹង​កៀងគរ​ប្រជាពលរដ្ឋ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ទូទាំង​ប្រទេស តវ៉ា​ប្រឆាំង​ដោយ​ចោទ​ប្រកាន់​ថា រដ្ឋសភា និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​ទើប​បង្កើត​ឡើង​នេះ មិន​ស្រប​ច្បាប់ ហើយ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។