អង្គការ​ជន​ពិការ​កម្ពុជា​ស្នើ​គ.ជ.ប​បញ្ចូល​បញ្ហា​ពិការ​ភាព​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី

0:00 / 0:00

អង្គការ​ជន​ពិការ​កម្ពុជា ហៅ​កាត់​ថា (អពក) ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បញ្ចូល​គោល​នយោបាយ​បញ្ជ្រាប​បញ្ហា​ជន​ពិការ​ទៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​ជន​ពិការ​ចូលរួម​ក្នុង​ឆាក​នយោបាយ​ដោយ​ស្មើ​ភាព។ ជា​ការ​ឆ្លើយ​តប គ.ជ.ប នឹង​ពិនិត្យ​មើល​សេចក្តី​ព្រាង​គោល​នយោបាយ​មួយ​នេះ។

ការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ និង​ជីវភាព​សាធារណៈ​របស់​ជន​ពិការ​នៅ​កម្ពុជា នៅ​ពើប​ប្រទះ​បញ្ហា​ប្រឈម​ជាច្រើន។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា ថា ជន​ពិការ​មាន​បញ្ហា​ប្រឈម​ជាច្រើន​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ម្តងៗ។ ដូច្នេះ លោក​ទទូច​សុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី បញ្ចូល​សេចក្តី​ព្រាង​គោល​នយោបាយ​បញ្ជ្រាប​បញ្ហា​ពិការ​ភាព ក្នុង​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ៖ «សេចក្តី​ព្រាង​គោល​នយោបាយ​នេះ ជា​គោលការណ៍​មួយ​ដែល​តម្រូវ​ឲ្យ គ.ជ.ប គិតគូរ​ថា តើ​នៅ​ពេល​បង​ប្អូន​ជន​ពិការ​ចូលរួម​ការ​បោះ​ឆ្នោត? តើ​គាត់​គិតគូរ​យ៉ាង​ដូច​ម្តេច ដើម្បី​ធានា​ថា គ្រប់​ប្រជាជន​ទាំងអស់​បូក​បញ្ចូល​បង​ប្អូន​ជន​ពិការ ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ដែល​អាច​មាន​លទ្ធភាព​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​ដែល​ខ្លួន​ស្រឡាញ់? សំឡេង​ឆ្នោត​របស់​ជន​ពិការ​មួយ​សន្លឹក ស្មើ​នឹង​គុណ​តម្លៃ​អ្នក​មិន​ពិការ​មួយ​សន្លឹក​ដូច​គ្នា»

សេចក្តី​ព្រាង​គោល​នយោបាយ​របស់​អង្គការ​ជន​ពិការ​កម្ពុជា នេះ គឺ​ទាមទារ​ឲ្យ គ.ជ.ប មាន​បទប្បញ្ញត្តិ​លើក​ទឹក​ចិត្ត​ដល់​ជន​ពិការ ជា​អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត និង​ឈរ​ឈ្មោះ​ជ្រើស​តាំង​ជា​តំណាង​រាស្ត្រ។ ការិយាល័យ​បោះ​ឆ្នោត​នីមួយៗ ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជន​ពិការ​គ្រប់​ប្រភេទ។ រាល់​ការ​ផ្សព្វផ្សាយ​ដែល​ទាក់ទង​ការ​បោះ​ឆ្នោត​ទាំង​នៅ​មុន អំឡុង​ពេល និង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត ត្រូវ​ធានា​ថា ជន​ពិការ​គ្រប់​ប្រភេទ​អាច​ទទួល​យក​បាន​ទាំងអស់ ពោល​គឺ​ត្រូវ​ប្រើ​ភាសា​សញ្ញា និង​អក្សរ​ស្ទាប​សម្រាប់​ជន​ពិការ​គ​ថ្លង់ និង​ភ្នែក។

មន្ត្រី​នាំ​ពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា អះអាង​ថា គ.ជ.ប នឹង​ពិនិត្យ​មើល​ចំពោះ​សេចក្តី​ព្រាង​គោល​នយោបាយ​ស្ដីពី​បញ្ហា​ជន​ពិការ​នេះ។ លោក​បន្ត​ថា គ.ជ.ប បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បញ្ហា​ជន​ពិការ ក្នុង​ន័យ​គាំទ្រ​ឲ្យ​មាន​ការ​ចូលរួម​សកម្មភាព​នយោបាយ៖ «គ.ជ.ប នឹង​បង្កើត​គណៈកម្មាធិការ​ចំពោះ​កិច្ច ដើម្បី​ទទួល​បន្ទុក​បញ្ហា​ស្ត្រី ជនជាតិ​ដើម​ភាគ​តិច និង​ជន​ពិការ។ ដូច្នេះ គោល​នយោបាយ​ផ្សេងៗ​ទៀត គ.ជ.ប កំពុង​ពិនិត្យ​ពិចារណា​ដើម្បី​ដាក់​បញ្ចូល​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី ក្នុង​ន័យ​លើក​ស្ទួយ​បង​ប្អូន​ស្រី​ជនជាតិ​ដើម​ភាគ​តិច និង​ជន​ពិការ»

ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បង្ហាញ​ថា ទិន្នន័យ​ជន​ពិការ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន ១០ ទៅ ១៥​ភាគរយ​នៃ​ប្រជាជន​សរុប ប៉ុន្តែ​រដ្ឋាភិបាល​អះអាង​ថា តួលេខ​ជន​ពិការ​បច្ចុប្បន្ន​មាន ២,១​ភាគរយ ស្មើ​ប្រមាណ​ជាង ៣៣​ម៉ឺន​នាក់​នៃ​ប្រជាជន​សរុប។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ កន្លង​ទៅ ពុំ​មាន​ទិន្នន័យ​ណា​មួយ​បញ្ជាក់​បាន​ទេ​ថា តើ​មាន​ជន​ពិការ​ប៉ុន្មាន​នាក់​បាន​បោះ​ឆ្នោត? ប៉ុន្តែ​អង្គការ​ជន​ពិការ​កម្ពុជា អះអាង​ថា មាន​ជន​ពិការ​ជាង ២​ពាន់​នាក់​ដែល​បាន​ចូលរួម​បោះ​ឆ្នោត ហើយ​នៅ​អាណត្តិ​ទី​៦ ក្រោយ​នេះ អង្គការ​ជន​ពិការ​កម្ពុជា នឹង​ជំរុញ​ឲ្យ​ជន​ពិការ​ចូលរួម​បោះ​ឆ្នោត​ឲ្យ​បាន ៣​ម៉ឺន​នាក់។

ក្នុង​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ចែង​ថា ជន​ពិការ​ទាំងអស់​ត្រូវ​បាន​ធានា​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ ប៉ុន្តែ​ក្នុង​មាត្រា​ខ្លះ​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី មាន​ការ​រើសអើង​ចំពោះ​ជន​ពិការ ដូចជា​ប្រើ​ពាក្យ​ជន​វិកល​ចរិត មិន​អាច​បោះ​ឆ្នោត​បាន ដែល​មិន​បញ្ជាក់​ថា តើ​ជន​ពិការ​វិកល​ចរិត​នោះ​ស្ថិត​ក្នុង​កម្រិត​ណា? ដោយ​ឡែក​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជន​ពិការ​មាត្រា​ទី​២៩ បាន​ចែង​ថា ការ​ចូលរួម​របស់​ជន​ពិការ ត្រូវ​តែ​ធានា​ថា គ្មាន​ការ​រើសអើង។ ទោះ​បី​ជា​បែប​នេះ​ក្តី ជន​ពិការ​នៅ​កម្ពុជា នៅ​តែ​រង​ការ​រើសអើង​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។