សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អឺរ៉ា (ERA) ដែលជាសម្ព័ន្ធអង្គការសមាគមជាតិ និងអន្តរជាតិជាង ២០ស្ថាប័ន ប្រកាសជ្រើសរើសបេក្ខជនចំនួន ១៤៣រូប សម្រាប់ចូលរួមក្នុងកម្មវិធីរដ្ឋសភាយុវជនត្រាប់ ក្នុងនោះ ១២៣រូបធ្វើជាតំណាងរាស្ត្រ និង ២០រូបទៀត ចូលរួមជាអ្នកសង្កេតការណ៍។
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍តាមទូរស័ព្ទថា គោលបំណងសំខាន់នៃការជ្រើសរើសបេក្ខជនទាំងនោះ គឺដើម្បីបង្កើនសមត្ថភាពចំណេះដឹងរបស់ពួកគេ អំពីខ្លឹមសារ និងយន្តការនៃច្បាប់បោះឆ្នោត ក្នុងគោលដៅជំរុញឲ្យពួកគេចូលរួមក្នុងសកម្មភាពការបោះឆ្នោតនាពេលអនាគត៖ «អង្គការសង្គមស៊ីវិលយើងមានធ្វើសេចក្តីព្រាងស្នើច្បាប់មួយដែរ ដាក់ឲ្យគណៈកម្មការចម្រុះនៃគណបក្សទាំងពីរហ្នឹង។ ឥឡូវយើងចង់ឲ្យនិស្សិតដើរតួជាតំណាងរាស្ត្រ ជជែកគ្នាលើសេចក្តីស្នើច្បាប់របស់យើង គេយល់យ៉ាងម៉េច ហ្នឹងទី១។ ទី២ យើងចង់ឲ្យគេយល់ដឹងពីរដ្ឋសភា តើគេដេញដោល និងធ្វើការក្នុងសភា ហើយទី៣ យើងចង់ឲ្យពួកគេយល់ដឹងពីច្បាប់ទាក់ទិននឹង គ.ជ.ប និងច្បាប់បោះឆ្នោត។ ដល់ពេលគេដឹងគេចាប់អារម្មណ៍ចូលរួមការងារបោះឆ្នោត»។
លោក គល់ បញ្ញា បន្តថា យុវជនដែលចាប់អារម្មណ៍ចង់ចូលរួមក្នុងកម្មវិធីនេះ គឺជានិស្សិតអាយុពី ១៧ ទៅ ៣០ឆ្នាំ ដែលមានការតាំងចិត្តខ្ពស់ចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃទី១ ខែវិច្ឆិកា ខាងមុខ។ បន្ថែមពីនេះ យុវជនទាំងនោះនឹងបានរៀនសូត្រយល់ដឹងអំពីនីតិវិធីនៃកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា និងសេចក្តីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ដែលបានផ្តល់ជូនគណៈកម្មការចម្រុះរបស់គណបក្សឈ្នះឆ្នោតទាំងពីរ ឲ្យពិចារណាទទួលយកសេចក្តីស្នើច្បាប់បោះឆ្នោតនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
