សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ជាភាសាអង់គ្លេសថា អ៊ឺរ៉ា (ERA) បានកោះហៅស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ហាញសេចក្ដីព្រាងនៃប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមបែបទំនើប និងបើកឲ្យមានការពិភាក្សាគ្នាលើប្រព័ន្ធចុះឈ្មោះថ្មីនេះ។
ការបង្ហាញនេះ គឺដើម្បីកៀរគររកសំឡេងគាំទ្រលើប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមបែបទំនើប ក្នុងគោលដៅកែទម្រង់ការបោះឆ្នោតនៅអាណត្តិក្រោយឲ្យមានភាពល្អប្រសើរ បញ្ចៀសនូវភាពមិនប្រក្រតីនានា។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានអះអាងថា ប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមបែបទំនើប នឹងផ្ដល់នូវការជឿទុកចិត្តដល់ម្ចាស់ឆ្នោតដល់ទៅ ៩៨% ថានឹងគ្មានភាពមិនប្រក្រតី។
តំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត លោក គល់ បញ្ញា ថ្លែងថា ប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមបែបទំនើបនេះ នឹងផ្ដល់ការជឿជាក់បំផុតទៅលើបញ្ហាគ្មានឈ្មោះស្ទួន និងគ្មានកំហុសនៃការបញ្ចូលទិន្នន័យរបស់អ្នកបោះឆ្នោតឡើយ។ លោកថា សម្រាប់ការរៀបចំតាមប្រព័ន្ធថ្មីនេះ នឹងមិនស៊ីពេលវេលាច្រើនប៉ុន្មានទេសម្រាប់មនុស្ស ១០លាននាក់ គឺអាចចំណាយពេលប្រមាណ ៩០ថ្ងៃប៉ុណ្ណោះ។ រីឯការចំណាយថវិកាប្រមាណ ១៧លានដុល្លារអាមេរិក អាចថាក្នុងម្នាក់ចំណាយអស់ប្រមាណ ១ដុល្លារ ៧កាក់ ឬប្រហែល ៧ពាន់រៀល។ ហើយនៅពេលធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គ.ជ.ប អាចចំណាយតែ ១លាន ៤សែនដុល្លារ គឺចំណាយតិចជាង គ.ជ.ប.ចាស់ ដែលធ្វើក្នុងមួយឆ្នាំៗអស់ប្រមាណ ១លាន ៧សែនដុល្លារ៖ «មែនទែនរឿងនេះត្រូវឲ្យ គ.ជ.ប.ថ្មី គេពិនិត្យទៅ ជាពិសេសទៅមុខនេះនៅពេលដែលគេធ្វើវិសោធនកម្មច្បាប់ជ្រើសតាំងអ្នកតំណាងរាស្ត្រនេះ គឺថាគេត្រូវធ្វើវិសោធនកម្ម ត្រូវរៀបចំធ្វើប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមគោលការណ៍នានាទៀតទៅ។ ហើយ គ.ជ.ប.ថ្មី ដែលគេបង្កើតបានមកនេះ គេយកប្រព័ន្ធទៅសិក្សាទៅដើម្បីយកទៅផ្លាស់ប្ដូរប្រព័ន្ធគេបច្ចុប្បន្ន អ៊ីចឹងរឿងនេះឲ្យទៅ គ.ជ.ប.ថ្មីទេ»។
លោក គល់ បញ្ញា បញ្ជាក់ទៀតថា ចំណុចពិសេសនៃប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមបែបទំនើបនេះ ក៏មានការចុះឈ្មោះតាមបែបប្រព័ន្ធកុំព្យូទ័រ ដោយប្រើប្រាស់កម្មវិធីគ្មានសេវាអ៊ីនធឺណិត និងកម្មវិធីប្រើជាមួយសេវាអ៊ីនធឺណិត ដោយមានបញ្ចូលស្នាមមេដៃ និងរូបថតរបស់អ្នកបោះឆ្នោត។ ក្រៅពីនោះ ក៏មានការផលិតប័ណ្ណបោះឆ្នោតជំនួសឲ្យការប្រើប្រាស់ឯកសារផ្សេងៗ ជាពិសេសលិខិតសម្គាល់សម្រាប់ការបោះឆ្នោត ដែលត្រូវយកមកប្រើដើម្បីចូលបោះឆ្នោត។
ការលើកឡើងនេះ នៅក្នុងសិក្ខាសាលាស្ដីអំពីប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមបែបទំនើប នៅថ្ងៃទី២០ ខែវិច្ឆិកា រៀបចំដោយសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ជាភាសាអង់គ្លេសថា អ៊ឺរ៉ា។ សិក្ខាសាលានេះ ក៏ជាការឆ្លើយតបទៅនឹងដំណាក់កាលនីមួយៗនៃកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៧ ខែមីនា និងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ពាក់ព័ន្ធទៅនឹងកំណែទម្រង់ការចុះឈ្មោះបោះឆ្នោត និងធ្វើបញ្ជីឈ្មោះបោះឆ្នោតថ្មី។
ទាក់ទងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានចូលរួមក្នុងកិច្ចប្រជុំនេះដែរ គាំទ្រចំពោះការរៀបចំប្រព័ន្ធថ្មីនេះ។ លោកថា នេះជាការឆ្លើយតបនូវកិច្ចព្រមព្រៀងនៃគណបក្សទាំងពីរ ត្រង់ចំណុចភាពចម្រូងចម្រាសនៃបញ្ជីឈ្មោះបោះឆ្នោត ដែលទាមទារឲ្យរៀបចំបញ្ជីចុះឈ្មោះបោះឆ្នោតថ្មីដោយ គ.ជ.ប.ថ្មីនោះ៖ «យើងនឹងពិនិត្យបន្ថែមទៀតថា តើបើមានប្រព័ន្ធថ្មីហើយ តើយើងត្រូវមានយន្តការបែបណា? ហើយសមត្ថកិច្ចណាជាអ្នកទទួលខុសត្រូវឲ្យបានពេញលេញ? ព្រោះកន្លងមកនេះជាសមត្ថកិច្ចរបស់ គ.ជ.ប ក៏មែនពិត ប៉ុន្តែបានបើកផ្លូវផ្ដល់សិទ្ធិអំណាចទៅដល់ក្រុមប្រឹក្សាឃុំសង្កាត់ជាអ្នករៀបចំចុះឈ្មោះបញ្ជីបោះឆ្នោតហ្នឹង ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមិនបានបោះឆ្នោត នៅពេលថ្ងៃបោះឆ្នោត ប្រជាពលរដ្ឋមិនអាចរកឈ្មោះបោះឆ្នោតបាន ដូច្នេះយើងនឹងបំបាត់នូវមន្ទិលសង្ស័យទាំងអស់ហ្នឹងហើយ»។
ប៉ុន្តែ ប្រធាននាយកដ្ឋានប្រតិបត្តិការនៃ គ.ជ.ប លោក ហ៊ឺ រ៉ុង មានប្រសាសន៍ថា ប្រព័ន្ធថ្មីកំពុងធ្វើការសិក្សានេះ គ.ជ.ប មិនទាន់សន្មតថាល្អយ៉ាងណាទេ។ គ.ជ.ប នឹងពិភាក្សាគ្នាលើចំណុចមួយចំនួនដែលយល់ថាមិនទាន់ត្រឹមត្រូវនៅឡើយដែរ៖ «ខាងខ្ញុំមិនទាន់ប្រាកដថាយ៉ាងម៉េចទេ គ្រាន់តែថាយើងនឹងធ្វើការសិក្សា សំខាន់គណៈកម្មការចម្រុះគណបក្សទាំងពីរនោះ គាត់សម្រេចច្បាប់ត្រូវធ្វើយ៉ាងម៉េចឲ្យ គ.ជ.ប ធ្វើយ៉ាងម៉េចខាងបច្ចេកទេសហ្នឹងសិក្សាបន្ថែមទៀត»។
មន្ត្រី គ.ជ.ប ដដែលឲ្យដឹងថា ការចុះឈ្មោះប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៤ គ.ជ.ប មានអ្នកចុះឈ្មោះប្រមាណជិត ១៨ម៉ឺននាក់ លុបឈ្មោះប្រហែល ១០ម៉ឺននាក់ និងកែតម្រូវឈ្មោះជាង ៣ម៉ឺននាក់។
នៅចុងខែធ្នូ ឆ្នាំ២០១៤ ក្រុមការងារសម្ព័ន្ធអ៊ឺរ៉ានេះ គ្រោងធ្វើការសិក្សាសាកល្បងលើប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមបែបទំនើប នៅឃុំចំនួន២ នៃខេត្តកណ្ដាល ជាខេត្តប្រជុំជន និងខេត្តដាច់ស្រយាលអាចជាខេត្តរតនគិរី ឬខេត្តមណ្ឌលគិរី។ បញ្ហានេះ ទាមទារឲ្យក្រសួងមហាផ្ទៃ អាជ្ញាធរ និង គ.ជ.ប សហការចំពោះការសាកល្បងនេះជាជំហានដំបូង មុននឹងឈានដល់ការសាកល្បងថ្នាក់ជាតិដោយ គ.ជ.ប.ថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
