អឺរ៉ា៖ បក្ស​ទាំង​ពីរ​លាក់លៀម​ព័ត៌មាន​ទាក់ទង​នឹង​ការ​រៀបចំ​ច្បាប់​បោះ​ឆ្នោត​ថ្មី

0:00 / 0:00

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ឬ​ហៅ​កាត់​ថា អឺរ៉ា (ERA) ដែល​បណ្ដុំ​ទៅ​ដោយ​អង្គការ និង​សមាគម​ប្រមាណ ២០​ស្ថាប័ន បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​គណបក្ស​នយោបាយ​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា បក្ស​នយោបាយ​ទាំង​ពីរ​នេះ មិន​បាន​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ។ លើស​ពី​នេះ​ទៀត ថែម​ទាំង​ព្យាយាម​លាក់លៀម​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​ទៀត​ផង។

មន្ត្រី​នៃ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ព្រមាន​ថា នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​កិច្ចការ និង​ឃ្លាំ​មើល​ដំណើរ​ការ​នៃ​ការ​ប្រព្រឹត្ត​ទៅ​ជាប់​ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត នឹង​ធ្វើ​យុទ្ធនាការ​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា បើក​ទូលាយ​ដោយ​តម្លាភាព និង​ផ្តល់​ព័ត៌មាន​ទាក់ទង​ការ​រៀបចំ​ការ​បោះ​ឆ្នោត ឲ្យ​សាធារណជន​ចូលរួម​មតិ។

ការ​ថ្លែង​ដូច​នេះ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​តុលា នៅ​ការិយាល័យ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel)។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ច្បាប់ និង​ព័ត៌មាន​របស់​អង្គការ​ខុមហ្វ្រែល និង​ជា​សមាជិក​នៃ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ឬ​ហៅ​កាត់​ថា អឺរ៉ា (ERA) លោក សួន យុធ្យា ព្រមាន​ថា នៅ​ចុង​ខែ​តុលា ខាង​មុខ​នេះ អឺរ៉ា នឹង​ធ្វើ​យុទ្ធនាការ​មួយ​ប្រឆាំង​ការ​លាក់​បំពួន​ព័ត៌មាន​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ។ លោក​បន្ត​ថា សកម្មភាព​នៅ​ពេល​នោះ អាច​ជា​យុទ្ធនាការ​មហាជន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង បន្ត​ដាក់​លិខិត​ណាត់​ជួប​ពិគ្រោះ​យោបល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ផង និង​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​តាម​មធ្យោបាយ​សភា​យុវជន​ចំនួន ១២៣​រូប តំណាង​ឲ្យ​សមាជិក​នៅ​ក្នុង​រដ្ឋសភា​ទាំង ១២៣​រូប​ដែរ។ លោក​ឲ្យ​ដឹង​ទៀត​ថា ការ​បន្ត​រង់ចាំ​ដោយ​ពុំ​មាន​សង្ឃឹម​បែប​នេះ វា​មិន​មែន​ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ទៀត​ឡើយ៖ «យើង​លែង​ចង់​ធ្វើ​ការ​តាម​របៀប​ទទួល​បាន​ព័ត៌មាន​ពី​ភាគី​តែ​មួយ​ហើយ ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​មិន​ដឹង​ថា​ជា​ព័ត៌មាន​ផ្លូវ​ការ​ក៏​មិន​ដឹង។ យើង​អស់​ភាព​អត់ធ្មត់​នឹង​ធ្វើ​ការ​របៀប​ហ្នឹង​ហើយ។ ដូច្នេះ យើង​ចង់​បាន​ការ​ធ្វើ​ការ​ជា​ផ្លូវ​ការ​ជាមួយ​ក្រុម​មន្ត្រី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត»

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​ពី​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ គឺ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ដោយ​កែ​ទម្រង់​ដាក់ គ.ជ.ប ក្នុង​ស្ថាប័ន​រដ្ឋធម្មនុញ្ញ។ ភ្លាមៗ​ក្រោយ​ពី​មាន​សេចក្ដី​សម្រេច​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ២០​ស្ថាប័ន បាន​រៀបចំ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​មាន ៧​ជំពូក និង ៤៨​មាត្រា។ ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ ដែល អឺរ៉ា អះអាង​ថា ខ្លួន​បរាជ័យ​ក្នុង​ការ​ព្យាយាម​ម្ដង​ជា​ពីរ​ដង តាម​រយៈ​លិខិត​ណាត់​ជួប​ផង និង​ស្នើសុំ​ចូលរួម​ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍​ផង នៅ​ក្នុង​កិច្ច​ប្រជុំ ឬ​ទទួល​បាន​ព័ត៌មាន​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នីមួយៗ​របស់​គណៈកម្មការ​ចម្រុះ នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ។

ឆ្លើយ​តប​រឿង​នេះ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា បក្ស​ជំទាស់​មិន​ដែល​បិទ​បាំង​ព័ត៌មាន​រឿង​កំណែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត​នេះ​ម្ដង​ណា​ទេ។ លោក​និយាយ​ថា មុន​នឹង​គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ​ដំណើរ​ការ គឺ​បាន​ផ្លាស់​ប្ដូរ​យោបល់​រួច​មក​ហើយ​ដែរ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល។ ប៉ុន្តែ​លោក​ថ្លែង​ថា មាន​កិច្ចការ​ខ្លះ ដើម្បី​សម្រេច​គោលដៅ​ធំ ត្រូវ​បង្ខំ​ចិត្ត​អនុវត្ត​ដូច​នេះ៖ «មុន​ការ​ចាប់​ផ្ដើម​ចរចា យើង​តែង​តែ​អញ្ជើញ​សង្គម​ស៊ីវិល​មក​ចូលរួម។ ក៏ប៉ុន្តែ វា​មាន​ចំណុច​ដែល​ចាំបាច់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ពិចារណា​ជ្រើស​រើស​យក​ផ្លូវ​កណ្ដាល​មួយ ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ពិត​ប្រាកដ ពីព្រោះ​ដំណោះស្រាយ ទាំងអស់​គ្នា​ដឹង​ហើយ​ថា ទាល់​តែ​ពីរ​គណបក្ស​បូក​បញ្ចូល​គ្នា សម្រេច​ទាំងអស់​គ្នា​បាន​ចេញ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ពី​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​តុលា។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា កន្លង​ទៅ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត បាន​បញ្ចប់​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​រួច​ហើយ ហើយ​បាន​បញ្ជូន​ឲ្យ​ភាគី​ពាក់ព័ន្ធ រួម​មាន គណបក្ស​នយោបាយ​ទាំង​ពីរ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ដែល​មិន​មាន​សំឡេង​នៅ​ក្នុង​សភា ពិនិត្យ និង​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់ ដើម្បី​ផល​ប្រយោជន៍​រួម។

ពាក់ព័ន្ធ​រឿង​នេះ អ្នក​អង្កេត​អង្គការ​ខុមហ្វ្រែល និង​ជា​សមាជិក​នៃ​អឺរ៉ា លោក ស៊ិន ទិត្យសីហា និយាយ​ថា មក​ដល់​ពេល​នេះ គេ​ពិត​ជា​មិន​ទាន់​យល់​ពី​របៀប​ធ្វើ​ការ​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​ឡើយ​ទេ។ លោក​ចាត់​ទុក​ថា បក្ស​នយោបាយ​ទាំង​ពីរ មិន​បាន​បើក​ចិត្ត​ឲ្យ​ទូលាយ​រឿង​កិច្ច​ពិភាក្សា​អំពី​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត។ ហេតុ​នេះ វា​គឺ​ជា​ឧបសគ្គ​សម្រាប់​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នេះ ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​មាន​បំណង​ថា​នឹង​កែ​ទម្រង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។