សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​បើក​វេទិកា​សម្ដែង​មតិ​ជុំវិញ​ការ​ដាក់​សមាសភាព​គ.ជ.ប​ថ្មី

0:00 / 0:00

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា អ៊ីរ៉ា (ERA) បើក​វេទិកា​តុ​មូល​ផ្តល់​ឱកាស​ដល់​តំណាង​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​នានា លើក​ជា​អនុសាសន៍​ទាក់ទង​ការ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹក​នាំ គ.ជ.ប ថ្មី នា​ពេល​ខាង​មុខ។

គម្រោង​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹក​នាំ គ.ជ.ប ថ្មី គឺ​ជា​ការ​អនុវត្ត​នូវ​កិច្ច​ចរចា​នយោបាយ ដែល​មេ​ដឹក​នាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។

កិច្ច​ពិភាក្សា​នេះ រៀបចំ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា នា​សណ្ឋាគារ​អ៊ីមភើរៀល (Imperial Hotel) ក្រុង​ភ្នំពេញ ដោយ​មាន​តំណាង​សង្គម​ស៊ីវិល និង​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន​ចូលរួម ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បញ្ជូន​តំណាង​មក​ទេ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) និង​ជា​សមាជិក​អ៊ីរ៉ា។ លោក​ឲ្យ​ដឹង​ថា វេទិកា​តុ​មូល​នេះ គឺ​មាន​បំណង​ឲ្យ​អ្នក​ពាក់ព័ន្ធ ផ្តល់​មតិ​ស្ដីពី​ការ​ជ្រើស​រើស​សមាសភាព​ដឹក​នាំ គ.ជ.ប ថ្មី ដើម្បី​ដាក់​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ពិចារណា។

លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថ្លែង​រិះគន់ និង​មិន​គាំទ្រ​សមាសភាព គ.ជ.ប ថ្មី ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​ព្រមព្រៀង​គ្នា គឺ​ធ្វើ​ឡើង​មិន​ឯករាជ្យ និង​មិន​ស្រប​តាម​ឆន្ទៈ​រាស្ត្រ​ទេ។ លោក​បន្ត​ថា សមាសភាព គ.ជ.ប ថ្មី គួរ​ជា​មនុស្ស​មក​ពី​ស្ថាប័ន​ឯករាជ្យ​ណា​មួយ និង​មិន​ជាប់​ពាក់ព័ន្ធ​គណបក្ស​នយោបាយ៖ «យើង​ត្រូវ​កំណត់​ឲ្យ​ច្បាស់​អំពី​សមាសភាព គ.ជ.ប ហ្នឹង គឺ​អ្នក​ប្រព្រឹត្តិ​ផ្ទុយ​នឹង​ច្បាប់​បោះ​ឆ្នោត​នោះ។ តើ​យើង​ត្រូវ​ដាក់​ទោស​ទណ្ឌកម្ម​របៀប​ម៉េច? សម្រាប់​ខ្ញុំ ត្រូវ​ដាក់​ទោសទណ្ឌ​ឲ្យ​ធ្ងន់​តែ​ម្តង បាន​អ្នក​ទាំងអស់​នោះ​អាច​ខ្លាច ឬ​អាច​គោរព។ បើ​មិន​ដូច្នេះ​ទេ នៅ​ដូច​តែ​ពី​មុន​អ៊ីចឹង គឺ​អ្នក​ដែល​គោរព​ច្បាប់ នៅ​តែ​គោរព​ច្បាប់ ហើយ​នៅ​តែ​ចាញ់​ប្រៀប​ជា​រហូត។ ហើយ​អ្នក​ដែល​គេ​មិន​គោរព គឺ​នៅ​តែ​មិន​គោរព គឺ​ថា​គេ​យក​ប្រៀប​ត្រង់​ចំណុច​ត្រង់​ហ្នឹង​ដដែល»

ស្រដៀង​គ្នា​ដែរ តំណាង​គណបក្ស​ផ្សេង​ទៀត​ដែល​ចូលរួម​ក្នុង​វេទិកា​តុ​មូល ក៏​ថ្លែង​រិះគន់​កិច្ច​ព្រមព្រៀង ឬ​យន្តការ​រៀបចំ​សមាសភាព​ដឹក​នាំ គ.ជ.ប ថ្មី ពេល​នេះ​ដែរ។ តំណាង​គណបក្ស​ដែល​គ្មាន​អាសនៈ​សភា ថ្លែង​ថា សមាសភាព​ដឹក​នាំ គ.ជ.ប ថ្មី មិន​គួរ​ជ្រើស​ចេញ​តែ​ពី​គណបក្ស​ឈ្នះ​អាសនៈ​សភា​ទេ។

ការ​រុះរើ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ គ.ជ.ប ថ្មី ពេល​នេះ គឺ​អនុវត្ត​ទៅ​តាម​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។ គណបក្ស​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ធ្វើ​កំណែ​ទម្រង់​ក្បាល​ម៉ាស៊ីន​ដឹក​នាំ គ.ជ.ប ដោយ​សម្រេច​ជ្រើស​រើស​សមាសភាព​ថ្មី​តាម​រូបមន្ត ៤-៤-១ ឬ​មាន​ន័យ​ថា សមាសភាព ៤​រូប ជ្រើស​រើស​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប ជ្រើស​រើស​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​១​រូប​ទៀត ជា​បុគ្គល​ឯករាជ្យ និង​ជ្រើស​ដោយ​គណបក្ស​ទាំង​ពីរ។

បញ្ហា​នេះ​ដែរ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ផ្តល់​អនុសាសន៍ ៤​ចំណុច ដល់​គណបក្ស​ទាំង​២ ក្នុង​ការ​ជ្រើស​រើស​សមាសភាព​ដឹក​នាំ គ.ជ.ប ថ្មី។ លោក​បន្ត​ថា អ្នក​ទាំង​នោះ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត មាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ មាន​បទពិសោធន៍​ការងារ​យ៉ាង​តិច ១០​ឆ្នាំ និង​មិន​មែន​ជា​សមាជិក​ធ្លាប់​បម្រើ​ការ​នៅ​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា ចៅក្រម ឬ​សមាជិក​រដ្ឋាភិបាល ឬ​ជា​បុគ្គល​មាន​មុខ​ងារ​សាធារណៈ​នៅ​ក្នុង​ស្ថាប័ន​កង​កម្លាំង​ប្រដាប់​អាវុធ​ណា​មួយ ជាពិសេស មិន​ជាប់​សាច់ញាតិ​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ ជាដើម។

ផ្ទុយ​ពី​តំណាង​គណបក្ស​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​ផ្តល់​អនុសាសន៍​ចង់​ឲ្យ​ការ​ជ្រើស​រើស​សមាសភាព​ដឹក​នាំ គ.ជ.ប ថ្មី បាន​ល្អ ឬ​មាន​ឯករាជ្យ និង​អព្យាក្រឹត្យ ជាដើម សម្រាប់ លោក ឃុន សាវ៉ាកខេត្រ តំណាង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បាន​និយាយ​ដៀមដាម និង​ចង់​ឲ្យ​ការ​ជ្រើស​រើស​សមាសភាព គ.ជ.ប ថ្មី ជួប​បរាជ័យ​ទៅ​វិញ៖ «គឺ​ខ្ញុំ​ចង់​ឲ្យ​គណបក្ស​ទាំង​ពីរ​ហ្នឹង​ខុស​ឲ្យ​ច្រើន ដើម្បី​ខ្ញុំ​បាន​ល្អ​ជាង​គេ ហើយ​រាស្ត្រ​បោះ​ឆ្នោត​ឲ្យ​ច្រើន​ជាង​គេ។ ដូច្នេះ ការ​សម្រេច​របស់​គណបក្ស​ទាំង​ពីរ ថ្វីត្បិត​មាន​លក្ខណៈ​កាត់​ក្បាល​តម្រឹម​មួក ខ្ញុំ​គាំទ្រ។ ឲ្យ​គាត់​ខុស​ឲ្យ​ច្រើន​ចុះ បាន​ខ្ញុំ​ចេញ​ឈ្មោះ​បាន។ បើ​គាត់​ត្រូវ គណបក្ស​ខ្ញុំ​មិន​បាច់​ប្រកួត​ជាមួយ​គាត់​ទេ គឺ​គាត់​ឈ្នះ​រហូត។ អ៊ីចឹង​ឲ្យ​គណបក្ស​ទាំង​ពីរ​ហ្នឹង​ខុស​ឲ្យ​ច្រើន​ទៅ ងាយ​បក្ស​ខ្ញុំ​ឈ្នះ​វិញ។ សម្រាប់​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង​ទេ»

យ៉ាង​ណា​ក៏ដោយ លោក គួយ ប៊ុនរឿន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា នឹង​ពិនិត្យ​សំណូមពរ ឬ​មតិ​របស់​ផ្នែក​ពាក់ព័ន្ធ​នានា ជុំវិញ​ការ​ជ្រើស​រើស​សមាសភាព​ដឹក​នាំ គ.ជ.ប ថ្មី នា​ពេល​ខាង​មុខ៖ «ការ​រៀបចំ​សមាសភាព គ.ជ.ប ថ្មី ក៏​ដូច​ជា​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ វា​មាន​លក្ខណៈ​សំខាន់​មួយ ជា​ស្ថាប័ន​បម្រើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ដែល​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​អាច​ទទួល​យក​បាន»

លោក គួយ ប៊ុនរឿន បាន​ឲ្យ​ដឹង​ថា សមាសភាព គ.ជ.ប បច្ចុប្បន្ន​មាន ៩​រូប ហើយ​សមាជិក​ទាំង​នេះ​មិន​បាន​គិត​ពី​កូតា​គណបក្ស​នយោបាយ​ណា​មួយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។