សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ដែលហៅកាត់ថា អឺរ៉ា (ERA) នៅតែមានការព្រួយបារម្ភចំពោះដំណើរការជ្រើសរើសបេក្ខជនកាន់តំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយពីស្ថាប័ននេះបានប្រកាសថា ខ្លួននឹងបង្ហាញព័ត៌មានស្ដីពីបញ្ជីរាយនាមបេក្ខជនសម្រាប់មុខតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង និងនីតិវិធីនៃការជ្រើសរើសបេក្ខជនទាំងពីរតំណែងនេះ។
អឺរ៉ា ស្វាគមន៍ចំពោះការបើកចំហ ប៉ុន្តែក្រុមនេះក៏បានលើកទឹកចិត្តឲ្យ គ.ជ.ប ជ្រើសរើសយកបេក្ខភាពថ្មីមកធ្វើជាអគ្គលេខាធិការ ជៀសវាងការបាត់ជំនឿពីសាធារណជន។
អឺរ៉ា បន្តថា ការសម្រេចជ្រើសរើសយកមនុស្សថ្មីមកកាន់តំណែងអគ្គលេខាធិការនៃ គ.ជ.ប នេះ ពិតជាមានសារសំខាន់ណាស់ ព្រោះថា តួនាទីអគ្គលេខាធិការ គឺជាអ្នកដឹកនាំអគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប ហើយក៏ជាអ្នករៀបចំការបោះឆ្នោតប្រកបដោយតម្លាភាព និងការទុកចិត្តពីគ្រប់គណបក្សនយោបាយ។
កាលពីថ្ងៃទី៦ ខែមករា គ.ជ.ប ប្រកាសបេក្ខជនតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង ចំនួន ១៥នាក់ចុងក្រោយ សម្រាប់ប្រកួតប្រជែងផ្ដាច់ព្រាត់។ បេក្ខជនទាំង ១៥នាក់នោះ មានបេក្ខជន ៣នាក់ សម្រាប់ប្រកួតប្រជែងយកតំណែងអគ្គលេខាធិការ ១កន្លែង គឺមានលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងតំណែងបច្ចុប្បន្ន និងនាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ លោកបណ្ឌិត ហេង មណីចិន្តា ព្រមទាំងនាយកអង្គការខារ៉ាមកម្ពុជា (CARAM) លោក យ៉ា ណាវុធ។
ចំណែកបេក្ខជន ១២នាក់ទៀតសម្រាប់ប្រកួតយកតំណែងអគ្គលេខាធិការរង ៤រូប រួមមាន លោក សុកុលៈ ទីប៉ោ អគ្គលេខាធិការរងបច្ចុប្បន្ន លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក (ADHOC) លោក គឹម ឈន អ្នកសម្របសម្រួលកម្មវិធីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (COMFREL) និងលោកមេធាវី សំ សុគង់ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
