លោក អ៊ី ឈាន ត្រូវ​បាន​ផ្លាស់ប្ដូរ​តំណែង​ពី​អភិបាល​ខេត្ត​ប៉ៃលិន

ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក កើត សុធា ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ជំនួស​លោក អ៊ី ឈាន។

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​បាន​សរសេរ​ថា លោក អ៊ី ឈាន ត្រូវ​ឲ្យ​មក​បម្រើការ​នៅ​ក្រសួង​មហាផ្ទៃ វិញ។

លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ឧសភា បញ្ជាក់​ឲ្យ​ដឹង​អំពី​ការ​ផ្លាស់ប្ដូរ​តំណែង​នេះ ហើយ​លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា លោក អ៊ី ឈាន បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន កូតា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​៣១ ឧសភា លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ប៉ៃលិន ដើម្បី​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ចូល​កាន់​មុខ​តំណែង។

នៅ​កម្ពុជា ក្នុង​រចនាសម្ព័ន្ធ​ការងារ តំណែង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មិន​កាន់​អំណាច​បញ្ជា​ការងារ​ប្រចាំ​ថ្ងៃ​ដូច​គណៈ​អភិបាល​ខេត្ត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។