លោក ញឹក ប៊ុនឆៃ ព្រមាន​ប្ដឹង​យក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​មើល​លិខិត​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ដែល​ទាមទារ​អោយ​មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​លោក ញឹក ប៊ុនឆៃ ដែល​យក​រូប​សញ្ញា​គណបក្ស​ចាស់​វស្សា​មួយ​នេះ ទៅ​ប្រើ​ប្រាស់​សម្រាប់​ផលប្រយោជន៍​គណបក្ស​ថ្មី។ យ៉ាងណាក្តី លោក ញឹក ប៊ុនឆៃ នៅ​តែ​ប្រកាន់​ជំហរ​ប្រើ​ស្លាក​គណបក្ស​ដែល​មាន​រូប​វិមាន​ឯករាជ្យ​ដដែល ហើយ​នឹង​ព្រមាន​ប្ដឹង​គ្រប់គ្រង​គណបក្ស​ហ្វ៊ុនស៊ុនប៉ិច វិញ​ទៀត​ផង ប្រសិនបើ​សម្ដេច​ក្រុមព្រះ​នៅ​តែ​ជំទាស់​នោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ បាន​ទទួល​លិខិត​ចំនួន ៣ នៅ​បន្ទាប់​ពី​អ្នក​នយោបាយ​ជើងចាស់​គឺ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ មាន​ទំនាស់​នយោបាយ រហូត​មិន​អាច​បន្ត​រួមរស់​ក្រោម​ដំបូល​គណបក្ស​ហ្វ៊ុនស៊ិចប៉ិច តែមួយ ត​ទៅ​ទៀត។

លោក ខៀវ សុភ័គ បញ្ជាក់​ថា មន្ត្រី​ជំនាញ​ក្រសួង​មហាផ្ទៃ កំពុង​ពិនិត្យ​មើល​លិខិត​ទាំង​នោះ ហើយ​ក្នុង​រយៈពេល​កន្លះ​ខែ ទើប​ជូន​ដំណឹង​តប​វិញ​បាន ថា​តើ​លោក ញឹក ប៊ុនឆៃ អតីត​អនុប្រធាន​ នៃ​គណបក្ស​ហ្វ៊ុនស៊ិចប៉ិច និង​មាន​តំណែង​ជាទី​ប្រឹក្សា​របស់​រដ្ឋាភិបាល ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី អាច​បើក​គណបក្ស​ថ្មី​ដែល​ប្រើ​រូប​សញ្ញា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចាស់​បាន ឬ​មិន​បាន៖ «មន្ត្រី​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ កំពុង​ពិនិត្យ​លើ​លិខិត​នោះ តាម​ផ្លូវ​ច្បាប់​រយៈពេល ១៥​ថ្ងៃ ក្រោយ​ទទួល​បាន​លិខិត​ស្នើ​សុំ​របស់​គណបក្ស​ឯកឧត្ដម ញឹក ប៊ុនឆៃ នេះ ថា​បើក​បាន ឬ​មិន​បាន​យ៉ាង​ណា​អាស្រ័យ​ទៅ​លើ​មន្ត្រី​ជំនាញ ស្នើ​សុំ​យោបល់​សម្រេច​ពី​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ»

​វិវាទ​រឿង​ស្លាក​គណបក្ស​នេះ កើត​ឡើ​ត​នៅ​បន្ទាប់​ពី​លោក ញឹក ប៊ុនឆៃ ដើរ​ចេញ​ពី​គណបក្ស​ហ៊្វុស៊ិនប៉ិច ហើយ​ស្នើ​សុំ​ក្រសួង​មហាផ្ទៃ បង្កើត​គណបក្ស​ថ្មី​ឈ្មោះ​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដែល​ប្រើ​ស្លាក​សញ្ញា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចាស់​មាន​រូប​វិមានឯករាជ្យ។ ភ្លាមៗ​នោះ សម្ដេច​ក្រុមព្រះ​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ដាក់​ពាក្យ​ជំទាស់ ហើយ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ មាន​វិធានការ​ផ្លូវ​ច្បាប់​ទៀត​ផង។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ លោក ញឹក ប៊ុនឆៃ នៅ​តែ​ប្រកាន់​ជំហរ​មិន​ផ្លាស់ប្ដូរ​រូប​សញ្ញា​គណបក្ស​របស់​លោក ព្រោះ​ស្លាក​សញ្ញា​នោះ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បោះ​បង់​ចោល​ទៅ​ហើយ។ លោក​ជឿ​ជាក់​ថា ក្រសួង​មហាផ្ទៃ នឹង​មិន​ជំទាស់​ចំពោះ​បញ្ហា​នេះ​ឡើយ៖ «ស្លាក​ឡូហ្គោ វិមានឯករាជ្យ​ដែល​ជា​ស្នាព្រះហស្ត​សម្ដេច​ឪ​សម្ដេច​តា ដែល​សម្ដេច​ក្រុមព្រះ​បាន​បោះ​បង់​ចោល​ទៅ​ហើយ​នោះ គឺ​ពួក​យើង​ខ្ញុំ​ដែល​ភាគ​ច្រើន​លើសលប់​ជា​អ្នក​ដង្ហែរ​តាម​សម្ដេច​ព្រះ នរោត្តម សីហនុ ក្នុង​ទស្សវត្ស​៨០ តស៊ូ​នោះ គឺ​ថា​ចង់​លើក​ជ្រោង​យក​រូប​វិមានឯករាជ្យ​ជា​ស្នាប្រហស្ថ​ឡើង​វិញ»

​លោក ញឹក ប៊ុនឆៃ បញ្ជាក់​ដែរ​ថា ប្រសិនបើ​សម្ដេច​ក្រុមព្រះ​នៅ​តែ​ជំទាស់​មិន​អនុញ្ញាត​ឲ្យ​លោក​ប្រើ​ស្លាក​សញ្ញា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចាស់​ទេ​នោះ លោក​នឹង​ប្តឹង​បក​ដើម្បី​គ្រប់គ្រង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ ព្រោះ​សមាជ​លើក​ដំបូង​កាល​ពី​ថ្ងៃ​១៩ ខែ​មករា ឆ្នាំ​២០១៥ គឺ​ខុស​ច្បាប់​លក្ខន្តិកៈ​គណបក្ស។ លោក​រម្លឹក​រឿង​នេះ​ថា កាល​ណោះ សមាជិក​ចូលរួម​សមាជ​ភាគ​ច្រើន​លើសលប់​គឺ​មក​ពី​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ ដែល​លើក​ដៃ​អនុម័ត​ជ្រើសរើស​សម្ដេច​ក្រុមព្រះ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

ទាក់ទិន​បញ្ហា​នេះ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា លើក​ឡើង​ថា អ្នក​នយោបាយ​ដែល​ចេញ​ពី​សម្បុក​តែមួយ​នេះ នៅ​តែ​ស្រឡាញ់​ប្រវត្តិ និង​ស្លាក​សញ្ញា​គណបក្ស និង​ឧត្តមគតិ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នេះ​ដូច​គ្នា។

ទន្ទឹម​គ្នា​នេះ លោក គល់ បញ្ញា ស្នើ​ឲ្យ​អ្នក​នយោបាយ​ទាំង​ពីរ​នេះ គួរ​តែ​ជជែក​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង ជា​ជាង​យក​បញ្ហា​នេះ​ទៅ​រំខាន​ដល់​ស្ថាប័ន​រដ្ឋ៖ «ប្រព័ន្ធ​ការពារ​ឡូហ្គោ​នេះ គឺ​នៅ​ក្នុង​ច្បាប់​របស់​យើង ភាគ​ច្រើន​និយាយ​ថា កុំ​អោយ​មាន​ត្រួត​ដូច​គ្នា ប៉ុន្តែ​សួរ​ថា តើ​ការពារ​ឡូហ្គោ​ដែល​ជា​ប្រវត្តិ​គណបក្ស​នឹង​មួយ​ដែរ ឬ​អត់? ដូច្នេះ​វា​មិន​ដឹង​ដោះស្រាយ​របៀប​ម៉េច​ទេ ព្រោះ​ថា គ្មាន​នីតិវិធី​ច្បាស់លាស់ ព្រោះ​វា​ជា​រឿង​សីលធម៌ ការ​យល់យោគ​ មិន​មែន​ជា​រឿង​ច្បាប់​ទម្លាប់​ដែល​កាត់​សេចក្តី​រឿង​ហ្នឹង​ទេ»

លោក គល់ បញ្ញា បញ្ជាក់​ថា តាម​បទពិសោធន៍ គឺ​គណបក្ស​ដែល​មាន​និន្នាការ​រាជានិយម​នេះ នឹង​កាន់​តែ​ថយ​កម្លាំង​គាំទ្រ ក្រោយ​បែក​គ្នា​ជា​ពីរ​ក្រុម​នេះ​ទៅ។

យ៉ាងណា​ក៏ដោយ​ចុះ លោក ញឹក ប៊ុនឆៃ មាន​គម្រោង​រៀបចំ​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ខាង​មុខ​នេះ ប្រសិនបើ​ក្រសួង​មហាផ្ទៃ អនុញ្ញាត។ លោក​អះអាង​ថា អតីតមន្ត្រី ឬ​សកម្មជន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រួម​មាន​គណៈកម្មាធិការ​អចិន្ត្រយ៍ គណៈកម្មការ​នាយក ក្រុមប្រឹក្សា​ជាតិ​តំណាង​ឲ្យ​ភូមិ-​ឃុំ អគ្គលេខាធិការ​រង និង​គណៈកម្មការ​ប្រតិបត្តិ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ជា​ច្រើន​ទៀត ដែល​មាន​ទាំង​អស់​ជាង ២​សែន ៥​ម៉ឺន​នាក់ បាន​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ថ្មី​របស់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។