លិខិតជាភាសាអង់គ្លេសរបស់ក្រសួងការបរទេស បកប្រែក្រៅផ្លូវការ បានសរសេរថា ក្នុងនាមជាប្រទេសអធិបតេយ្យ និងឯករាជ្យ រាជរដ្ឋាភិបាលកម្ពុជា មិនអាចទទួលយកបានទេ ហើយសុំទាត់ចោលសេចក្ដីថ្លែងការណ៍របស់ប្រតិភូសភាពអឺរ៉ុប នោះ។
កាលពីថ្ងៃទី២៦ ខែមិថុនា គឺមួយថ្ងៃមុនយុទ្ធនាការឃោសនាបោះឆ្នោត ប្រតិភូនៃសហភាពអឺរ៉ុប នៅកម្ពុជា ចេញសេចក្ដីថ្លែងការណ៍មួយច្បាប់ជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ខាងមុខនេះ។
សេចក្ដីថ្លែងការណ៍បានសរសេរថា ប្រតិភូនៃសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សូមគូសបញ្ជាក់អំពីសារៈសំខាន់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ក្នុងការអនុវត្តអនុសាសន៍ដែលនៅសេសសល់របស់បេសកកម្មសង្កេតការណ៍បោះឆ្នោតរបស់សហភាពអឺរ៉ុប កាលពីឆ្នាំ២០០៨។ ក្នុងនោះមានដូចជា លទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយសមធម៌ និងការទប់ស្កាត់ការប្រើប្រាស់ធនធានរបស់រដ្ឋក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។
សហភាពអឺរ៉ុប ស្វាគមន៍ចំពោះការងារបច្ចេកទេស និងនីតិវិធីដែល គ.ជ.ប ធ្វើបានល្អប្រសើរកន្លងមក ហើយលើកទឹកចិត្តឱ្យមានវិធានការកែលំអបញ្ជីឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវថែមទៀត។
សហភាពអឺរ៉ុប ស្វាគមន៍រាល់ការប៉ុនប៉ងសម្រេចឱ្យបាននូវដំណើរការបោះឆ្នោតមួយប្រកបដោយសន្តិវិធី។ សហភាពអឺរ៉ុប សង្ឃឹមថាគណបក្សនយោបាយនឹងបញ្ឈប់ការប្រើវោហារសាស្ត្រដែលមានលក្ខណៈគំរាមកំហែង និងធ្វើឱ្យមានការចងកំហឹង ហើយនឹងចាប់ផ្ដើមការពិភាក្សាជាចំហលើចក្ខុវិស័យសម្រាប់អនាគតរបស់ប្រទេសចាប់ពីពេលនេះតទៅ។
ទាក់ទងនឹងសេចក្ដីថ្លែងការណ៍នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាមទារឱ្យប្រតិភូសភាពអឺរ៉ុប គោរពឱ្យបានពេញលេញចំពោះអនុសញ្ញាក្រុងវីយែន ឆ្នាំ១៩៦១ ស្ដីពីទំនាក់ទំនងការទូត។
ក្រសួងការបរទេសកម្ពុជា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្ដេជ្ញាចិត្តចំពោះការបោះឆ្នោតដោយសេរី យុត្តិធម៌ មានតម្លាភាព និងតាមបែបប្រជាធិបតេយ្យដូចដែលបានអនុវត្តន៍កន្លងទៅ និងដូចការថ្លែងជាបន្តបន្ទាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
