មន្ត្រី​បក្ស​ហ៊្វុនស៊ិនប៉ិច៖ ពលរដ្ឋ​ច្រើន​នាក់​ខកខាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​បាត់ដំបង

ការ​ខកខាន​ពុំ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​បាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត បាន​កើត​មាន​ឡើង​ស្ទើរ​រាល់​អាណត្តិ​នៃ​ការ​បោះឆ្នោត ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ច្រើន​នាក់​ពុំ​បាន​បោះឆ្នោត។ ទន្ទឹម​គ្នា​នឹង​កំហុស​ឆ្គង​នេះ ក៏​មាន​ការ​រិះគន់​ពី​សំណាក់​គណបក្ស​នយោបាយ​ថែម​ទៀត។

0:00 / 0:00

ជាក់ស្ដែង នៅ​ខេត្ត​បាត់ដំបង មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​ខកខាន​ពុំ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត។

គណបក្ស​ហ៊្វុនស៊ិនប៉ិច ចោទ​ថា អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង មាន​ការ​រើសអើង​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ បណ្ដាល​ឲ្យ​អ្នក​ភូមិ​ជាច្រើន​នាក់ ពុំ​មាន​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣។

មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រចាំ​ឃុំ​ព្រៃចាស់ លោក អ៊ឹម កេង ថ្លែង​នៅ​ថ្ងៃ​ទី២១ ខែ​មិថុនា ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​បាន​នាំ​គ្នា​យក​ឯកសារ​ប្រគល់​ជូន​អាជ្ញាធរ​ភូមិ​កោះជីវាំង ឃុំ​ព្រៃចាស់ ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ​នោះ​ពុំ​បាន​ចុះ​ឈ្មោះ​ឲ្យ​ពួក​គាត់​នោះ​ឡើយ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ច្រើន​នាក់​ប្រឈម​នឹង​ការ​ខកខាន​ពុំ​បាន​បោះឆ្នោត៖ «ប្រជាពលរដ្ឋ​សុំ​ចុះ​ឈ្មោះ​បោះឆ្នោត​បី​នាក់ គេ​អត់​ចុះ​ឲ្យ​ផង ឈ្មោះ រ៉ើន វីរៈ កើត​នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​១៩៩៥ ឈ្មោះ ឈឿន នេតា ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​១៩៩៦ និង​ឈ្មោះ លី ឡុង កើត​ឆ្នាំ​១៩៨១ សុំ​ចុះ​ពី​ខែ​កញ្ញា ឆ្នាំ​២០១២ ហើយ​សួរ​ទៅ​ស្មៀន គេ​ថា​មេ​ភូមិ​រាយការណ៍​ប៉ុន​ណា គេ​ចុះ​ប៉ុណ្ណឹង។ ដូច្នេះ វា​នៅ​ក្នុង​ការ​ប្រកាន់​បក្ខពួក»

លោក​អះអាង​ថា នៅ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​នៅ​ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ពុំ​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត។

ទាក់ទិន​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច នេះ មេ​ភូមិ​កោះជីវាំង លោក សេក ស៊ិន បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​បី​នាក់​ដែល​ពុំ​ទាន់​បាន​ចុះ​ឈ្មោះ ដោយសារ​ពួក​គេ​ពុំ​ទាន់​គ្រប់​អាយុ ១៨​ឆ្នាំ។

ស្មៀន​ឃុំ​ព្រៃចាស់ លោក ឆាយ សុផាត ថ្លែង​ថា រាល់​ឆ្នាំ​អាជ្ញាធរ​ភូមិ​ឃុំ​បាន​ដើរ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ ១៨​ឆ្នាំ ដើម្បី​យក​ពួក​គាត់​ទៅ​ចុះ​ឈ្មោះ ប៉ុន្តែ​ករណី​ខាង​លើ​ដោយសារ​អ្នក​ភូមិ​ពីរ​នាក់​មិន​ទាន់​គ្រប់​អាយុ និង​ម្នាក់​ទៀត​ដែល​លើស​អាយុ​ហើយ​នោះ ពុំ​បាន​ទៅ​បង្ហាញ​ខ្លួន ហើយ​ពួក​គេ​បាន​ពឹង​ពាក់​ឲ្យ​សាច់​ញាតិ​យក​ឯកសារ​ទៅ​ចុះ​ឈ្មោះ​ជំនួស​នោះ មិន​អាច​ធ្វើ​ទៅ​បាន​ទេ៖ «ធម្មតា​ដូច​រៀង​រាល់​ឆ្នាំ​អ៊ីចឹង ឈ្មោះ​ណា​ដែល​មាន​អាយុ ១៨​ឆ្នាំ អ៊ីចឹង​គឺ​ខ្ញុំ​ឲ្យ​មេ​ភូមិ​ចុះ​បាន​ប៉ុន្មាន​ភូមិ។ អ៊ីចឹង​នៅ​ក្នុង​បញ្ជី ខ្ញុំ​អាច​ចុះ​ឲ្យ​អ្នក​ណា​ស្លាប់ ប៉ុន្តែ​អ្នក​មិន​ទាន់​គ្រប់​អាយុ មិន​អាច​ចុះ​បាន​ទេ អោយ​តែ​គ្រប់​ថ្ងៃ​ខែ​ឆ្នាំ​កំណើត គឺ​ចុះ​ហើយ​អត់​មាន»

លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ ១៨​ឆ្នាំ គឺ​អាច​ចុះ​ឈ្មោះ​បាន​ទាំងអស់ លើក​លែង​តែ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃចាស់ ដែល​មាន​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជាង ២​ពាន់​នាក់​។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង លោក វន ពន ពន្យល់​ថា តាម​ច្បាប់​បោះឆ្នោត ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ ១៨​ឆ្នាំ អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ប៉ុន្តែ​សាមី​ខ្លួន​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ជូន​ស្មៀន​ឃុំ​សង្កាត់​នៅ​ពេល​ចុះ​ឈ្មោះ៖ «តាម​មាត្រា ៥៤​ថ្មី ដើម្បី​ចុះ​ឈ្មោះ អត់​មាន​ស្នើ​អ៊ីចឹង​បាន​ទេ គឺ​ត្រូវ​តែ​បង្ហាញ​ខ្លួន​នៅ​មុខ​ស្មៀន​ឃុំ​សង្កាត់ ទើប​អាច​ចុះ​ឈ្មោះ​បាន ហើយ​ការ​ផ្ញើ​អ៊ីចឹង​អត់​បាន​ទេ។ សាមី​ខ្លួន​ត្រូវ​តែ​បង្ហាញ​មុខ ដើម្បី​ស្មៀន​គេ​សួរ​នាំ​ថា យើង​ធ្លាប់​ចុះ​ឈ្មោះ​ហើយ​ឬ​នៅ»

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា ចំនួន​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​បាត់ដំបង សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ឆ្នាំ​២០១៣ នេះ មាន​ចំនួន​ជាង ៧០​ម៉ឺន​នាក់។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ច្រើន​ជាង​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១២ កន្លង​ទៅ ដែល​មាន​ចំនួន​ត្រឹម​តែ​ជាង ៦៩​ម៉ឺន​នាក់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។