គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ព្រមាន​ដក​ខ្លួន​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨

ដោយ តាំង សារ៉ាដា
2018.01.16
សាម អ៊ីន ៦២២ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​លោក​បណ្ឌិត សាម អ៊ីន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦។
Photo: RFA

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប្រកាស​ពិចារណា​ឡើង​វិញ​ក្នុង​ការ​ចូល​រួម​ការ​បោះឆ្នោត​ប្រកួតប្រជែង​ឆ្នាំ​២០១៨។ ការ​ប្រកាស​បែប​នេះ ក្រោយ​ពេល​ដែល​ស្លាក​គណបក្ស​នេះ​ជា​ច្រើន​កន្លែង​រង​ការ​កាប់​បំផ្លាញ និង​គ្មាន​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ។

អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អាច​ប្រកាស​មិន​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ បើ​បរិយាកាស​ប្រកួត​ប្រជែង​មិន​អំណោយផល។

លោក សាម អ៊ីន ពន្យល់​ថា បរិយាកាស​មិន​អំណោយ​ផល​នោះ រួម​មាន​ការ​ធ្វើ​សកម្មភាព​លើក​ស្លាក​គណបក្ស និង​ដំណើរ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​មិន​អាច​ជឿជាក់​បាន៖ «»។

​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា តំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ទៅ​សាលា​សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ ស្ដីពី​ការ​លើក​ស្លាក​គណបក្ស​នេះ​នៅ​ក្នុង​មូលដ្ឋាន​នៃ​សង្កាត់​គោកឃ្លាង។ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ក្រុម​ការងារ​គណបក្ស​បាន​ទៅ​លើក​ស្លាក​នៅ​លើ​ដី​សាធារណៈ​ដែល​មាន​ស្លាក​គណបក្ស​ប្រជាជន​នៅ​ក្បែរ​នោះ។ គណបក្ស​នេះ​អះអាង​ថា ពេល​នោះ​អាជ្ញាធរ​ខណ្ឌ​សែនសុខ អម​ដោយ​កម្លាំង​នគរបាល​ជាង ១០​នាក់ បាន​មក​ហាមឃាត់​មិន​ឲ្យ​លើក​ស្លាក ហើយ​បង្គាប់​ឲ្យ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​សាលា​ខណ្ឌ​សិន​ទើប​អាច​លើក​បាន។

ក្រោយ​មក​គណបក្ស​មូលដ្ឋាន​ដាក់​ពាក្យ​ស្នើ​ទៅ​សាលាក្រុង​ភ្នំពេញ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ពួកគេ​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​នៅ​ឡើយ​ទេ។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាស ម៉េតភក្ដី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ក៏​មិន​ទាន់​បាន​ដឹង​អំពី​រឿង​នេះ​ទេ ដោយ​រង់ចាំ​ការ​សួរ​នាំ​ទៅ​មន្ត្រី​ខណ្ឌ​សិន។

កាល​ពី​ថ្មីៗ​នេះ ស្លាក​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ដាក់​បញ្ឈរ​នៅ​តាម​ផ្លូវ ក្បែរ​ស្លាក​រំឭក​គុណ​ថ្ងៃ ៧ មករា ក៏​រង​ការ​កាប់​បំផ្លាញ​ដែរ។ ក្រៅ​ពី​ចង់​បាន​ការ​បំភ្លឺ​ករណី​ស្លាក​របស់​គណបក្ស​ដែល​រង​ការ​កាប់​បំផ្លាញ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចង់​ឃើញ​ដំណើរ​ការ​បោះឆ្នោត​ដែល​គ្មាន​ការ​រាំង​ស្ទះ ហើយ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ អាច​ចូលរួម​សង្កេតការណ៍​​បាន​ដោយ​ពេញលេញ ទើប​គណបក្ស​នេះ​អាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ បាន។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា ក្រោយ​ពី​បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ពលរដ្ឋ​ខ្លះ​ហាក់​មាន​ចំណាប់​អារម្មណ៍​ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ ប៉ុន្តែ​ប្រសិនបើ​គណបក្ស​នេះ ពហិការ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​អាណត្តិ​ទី​៦ នឹង​កាន់​តែ​សោះកក្រោះ ខណៈ​ដែល​ដៃគូ​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា បាន​ព្រមាន​ថា មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៨។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច​ទាំង​ឈ្នះ​ឆ្នោត និង​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​១៩៩៣ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៥ មករា ថា ដំណើរ​ការ​បោះឆ្នោត​ព្រឹទ្ធសភា និង​រដ្ឋសភា នៅ​ឆ្នាំ​២០១៨ គឺ​ជា​ការ​បោះ​ឆ្នោត​ដែល​យុត្តិធម៌ សុក្រឹត និង​ត្រឹមត្រូវ​អាច​ទទួល​បាន។

​លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល​ហ្នឹង នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក ដោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​នយោបាយ​មួយ​ចំនួន។ ប៉ុន្តែ​សហគមន៍​អន្តរជាតិ រួម​មាន​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ព្រមាន​រួច​ជា​ស្រេច​ទៅ​ហើយ​ថា ប្រសិនបើ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​គ្មាន​វត្តមាន​របស់​ក្រុម​បក្ស​ប្រឆាំង​ទេ ពួកគេ​នឹង​មិន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។