មន្ត្រី​បក្ស​ប្រឆាំង​គ្រោង​កោះ​ហៅ​លោក ទៀ បាញ់ បំភ្លឺ​រឿង​ដំឡើង​ស័ក្តិ​អ្នក​វាយ​តំណាង​រាស្ត្រ

ដោយ រាជ វិញ្ញូ
2017-01-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev
លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev
RFA/Brach Chev

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ខ្លួន​នឹង​អាច​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​រដ្ឋសភា ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី ដល់​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់​ទៀត ដែល​ធ្លាប់​វាយ​តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង។

ជាមួយ​គ្នា​នោះ មន្ត្រី​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​មនុស្ស ក៏​លើក​ឡើង​ស្រដៀង​គ្នា​ថា ស្រប​ពេល​មាន​ការ​សង្ស័យ​ជុំវិញ​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​បុគ្គល​ធ្លាប់​វាយ​តំណាងរាស្ត្រ​នេះ សមាជិក​សភា​មាន​សិទ្ធិ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មក​ឆ្លើយ​បំភ្លឺ។

ប្រសិន​បើ​ពិនិត្យ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ផ្កាយ​មួយ​ដល់​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ចូលរួម​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រហូត​របួស​ធ្ងន់ ថា​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​ជាតិ សន្តិសុខ​ជាតិ និង​ផល​ប្រយោជន៍​ជន​រងគ្រោះ គឺ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ ទៅ​បកស្រាយ​បំភ្លឺ​ក្នុង​រដ្ឋសភា​នា​ពេល​ខាង​មុខ។

សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៦ មករា ថា ពេលវេលា​ជាក់លាក់​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ចូល​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ឋានៈ​ដល់​អង្គរក្ស​លោក ហ៊ុន សែន នឹង​ត្រូវ​ដឹង​ច្បាស់​នៅ​ក្រោយ​មាន​ការ​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​ជា​មុន​សិន៖ «បើ​ករណី​ឡើង​នោះ​វា​មិន​ប្រក្រតី ប៉ះពាល់​ផល​ប្រយោជន៍​ប្រទេស​ជាតិ សន្តិសុខ​ជាតិ តំណាងរាស្ត្រ​យើង​មាន​សិទ្ធិ​នឹង​សួរ និង​សុំ​ឲ្យ​រដ្ឋមន្ត្រី​បំភ្លឺ​លើ​រឿង​នោះ​បាន»

លោក​បន្ត​ថា សមាជិក​រដ្ឋសភា​បក្ស​ប្រឆាំង​ទាំង ៥៥​រូប គឺ​អាច​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មក​ឆ្លើយ​បំភ្លឺ​ក្នុង​រដ្ឋសភា​បាន ព្រោះ​តាម​ច្បាប់ គឺ​តម្រូវ​ឲ្យ​មាន​សមាជិក​រដ្ឋសភា​ចាប់​ពី ៣០​រូប។ គម្រោង​កោះ​ហៅ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ នេះ គឺ​បន្ទាប់​ពី​មាន​រាជក្រឹត្យ​មួយ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដែល​ព្រះមហាក្សត្រ​ព្រះ​បរមនាថ នរោត្តម សីហមុនី ត្រាស់​បង្គាប់​តែងតាំង​វរសេនីយ៍ឯក​ពីរ​រូប ឡើង​ជា​ឧត្តមសេនីយ៍ត្រី ហើយ​ឧត្តមសេនីយ៍ត្រី​ថ្មី​ទាំង​ពីរ​រូប​នេះ មាន​ម្នាក់​គឺ​ជា​អង្គរក្ស​លោក ហ៊ុន សែន ឈ្មោះ ចាយ សារិទ្ធ ដែល​ធ្លាប់​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ឲ្យ​របួស​ធ្ងន់ និង​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន។

ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មក​តុលាការ ៨៥៥ ២០១៦
(ពី​ឆ្វេង) លោក សុត វណ្ណនី លោក ចាយ សារិទ្ធ និង​លោក ម៉ៅ ហឿន ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Rann Samnang RFA/Rann Samnang

ការ​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​អង្គរក្ស​រូប​នេះ ស្រប​ពេល​រដ្ឋាភិបាល​កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ក្រោយ​ពី​អង្គរក្ស​លោក ហ៊ុន សែន ពីរ​រូប​ទៀត គឺ សុត វណ្ណនី និង ម៉ៅ ហឿន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ទើប​ទទួល​បាន​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរសេនីយ៍ទោ​ទៅ​ជា​វរសេនីយ៍ឯក។

លោក គង់ សភា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រងគ្រោះ​ពី​ការ​វាយ​ទាត់​ធាក់​ពី​អង្គរក្ស​លោក ហ៊ុន សែន ទាំង ៣​នាក់ បាន​ចាត់​ទុក​ការ​ដំឡើង​ឋានៈ​នោះ​ថា គឺ​បង្ហាញ​រឹត​តែ​ច្បាស់​ថា​គណបក្ស​កាន់​អំណាច ជា​អ្នក​រៀបចំ និង​ស្ថិត​នៅ​ខាង​ក្រោយ​ខ្នង​នៃ​ករណី​ប្រើ​ហិង្សា​វាយ​ដំ​លោក។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​នាំ​ឲ្យ​មាន​ការ​ដំឡើង​ឋានន្តរស័ក្ដិ គឺ​ដោយសារ​អង្គរក្ស​ទាំង​បី​មាន​ស្នាដៃ​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ៖ «ខ្ញុំ​យល់​ថា ប្រជាពលរដ្ឋ​នឹង​វិនិច្ឆ័យ​ចំពោះ​រឿង​នេះ ដើម្បី​ដាក់​ទោស»

អង្គរក្ស​របស់​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន ៤​ឆ្នាំ ពី​បទ​ប្រព្រឹត្ត​ហិង្សា​លើ​ក្រុម​តំណាងរាស្ត្រ​មាន​ស្ថាន​ទម្ងន់​ទោស ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដោយសារ​តុលាការ​បាន​សម្រេច​អនុវត្ត​ទោស​តែ ១​ឆ្នាំ ហើយ ៣​ឆ្នាំ​ទៀត ត្រូវ​បាន​តុលាការ​សម្រេច​ព្យួរ​ទោស។

ពាក់ព័ន្ធ​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​អង្គរក្ស​របស់​លោក ហ៊ុន សែន ដែល​កំពុង​ស្ថិត​ក្នុង​ការ​ព្យួរ​ទោស​បែន​នេះ ត្រូវ​បាន​អ្នក​ច្បាប់​ចាត់​ទុក​ថា ជា​ការ​ដើរ​ផ្ទុយ​ពី​ផ្លូវ​ច្បាប់​របស់​កម្ពុជា។ ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹមសួន ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ថ្វីត្បិតតែ​អង្គរក្ស​ទាំង​បី​ស្ថិត​នៅ​ក្រៅ​ឃុំ​ដោយសារ​ការ​ព្យួរ​ទោស​ក្ដី ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​ឈ្មោះ​ជា​ទណ្ឌិត នឹង​មិន​ត្រូវ​ដំឡើង​ឋានន្តរស័ក្ដិ​ឡើយ។ អ្នក​ច្បាប់​រូប​នេះ​បន្ត​ថា ផ្ទុយ​ទៅ​វិញ អ្នក​ទាំង ៣​នាក់ គួរ​តែ​បញ្ឈប់​ពី​តួនាទី​ជា​មន្ត្រី​រាជការ​ត្រឡប់​ជា​ពលរដ្ឋ​សាមញ្ញ ដើម្បី​ជា​ការ​ដាក់​ទោស​ទណ្ឌ​ឲ្យ​ស័ក្ដិសម​នឹង​ទង្វើ​របស់​ពួក​គេ ដែល​ប្រើប្រាស់​ហិង្សា​វាយ​លើ​តំណាងរាស្ត្រ៖ «ឈ្មោះ​ជា​ទណ្ឌិត ជា​គោលការណ៍​ច្បាប់ គឺ​មិន​អាច​ដំឡើង ឬ​ក៏​ឲ្យ​ឋានៈ​ដល់​អ្នក​កំពុង​មាន​ឈ្មោះ​ជា​ទណ្ឌិត​បាន​ទេ»

ជាមួយ​គ្នា​នោះ ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា នៅ​ពេល​មាន​ការ​សង្ស័យ​ជុំវិញ​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​មន្ត្រី​រាជការ​ណា​មួយ តំណាងរាស្ត្រ​មាន​សិទ្ធិ​កោះ​ហៅ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​នោះ មក​ឆ្លើយ​បំភ្លឺ​ក្នុង​រដ្ឋសភា​បាន៖ «តំណាងរាស្ត្រ​ជា​តំណាង​ពលរដ្ឋ​ទូទៅ រហូត​មាន​អភ័យ​ឯកសិទ្ធិ គឺ​ត្រូវ​គោរព និង​ការពារ​សិទ្ធិ​ចំពោះ​ពួក​គាត់ ប៉ុន្តែ​តំណាងរាស្ត្រ​ត្រូវ​បាន​គេ​វាយ ហើយ​អ្នក​វាយ​ត្រូវ​បាន​ផ្ដល់​ឋានៈ វា​គឺ​ជះ​ឥទ្ធិពល​មិន​ល្អ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​តំណាងរាស្ត្រ​ភ័យ​ខ្លាច»

អាស៊ីសេរី មិន​ទាន់​ទាក់ទង​សុំ​ការ​ឆ្លើយ​បំភ្លឺ​បន្ថែម​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧ នេះ។ ប៉ុន្តែ​កន្លង​មក មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ធ្លាប់​បញ្ជាក់​ថា ការ​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​អង្គរក្ស​ទាំងនោះ គឺ​បន្ទាប់​ពី​ពួក​គេ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​រួច ហើយ​ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ ទទួល​ឲ្យ​មក​បំពេញ​ការងារ​វិញ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​យល់​ថា ការ​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​បុគ្គល​ដែល​បាន​វាយ​តំណាងរាស្ត្រ​សភា គឺ​ជា​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ជាតិ រង​ការ​អាម៉ាស់។ លើស​ពី​នេះ រដ្ឋាភិបាល​ក៏​កំពុង​គាំទ្រ​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​រីក​ដុះដាល​នៅ​សង្គម​កម្ពុជា ផង​ដែរ។

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​រវាង​លោក តាំង សារ៉ាដា និង​លោក គង់ សភា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ជុំវិញ​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី khmer

We know CPP already for 30 years how they get a stars to give to people.

Jan 27, 2017 04:55 AM

ហានិភ័យ

ពី តាកែវ

សួរទាបាញ់ផង តើអង្គរក្្សហ៊ុនសែនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាការខ្ជះខ្ជាយចំណាយលុយរដ្នឥតប្រយោជន៍ ដល់អង្កាលទើបត្រូវរំលាយចោល បើនាយករដ្ឋមន្រ្តីល្អ ហេតុអីក៏ភ័យខ្លាចម៉្លេះ។

Jan 26, 2017 06:22 PM

Kone Khmer

It is not right for persons who committed crime and got promotion form the government.
These activities are revealed that the Khmer government was behind the scene.

Jan 26, 2017 12:35 PM

អ្នក​អាន​អនាមិក

Nothing to say about this HUN SEN just created more problem to divide Cambodia. Time now for him to go. Cambodian is belong to all of us.

Jan 26, 2017 10:02 AM

គេហទំព័រ​ទាំងមូល