ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើព្រះមហាក្សត្រ ដើម្បីតែងតាំងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជំនួសលោក ស៊ុត ឌីណា។
លិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្វាយព្រះមហាក្សត្រ ចុះថ្ងៃទី៨ មេសា បញ្ជាក់ថា ការស្នើតែងតាំងនេះ ដោយយោងតាមតម្រូវការងារចាំបាច់របស់រដ្ឋាភិបាល ហើយក៏ស្នើបញ្ចប់តួនាទីលោក ស៊ុត ឌីណា ពីតួនាទីជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េផងដែរ។
លោក ឡុង ឌីម៉ង់ ថា លោកមិនទាន់ឃើញលិខិតសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលស្នើទៅព្រះមហាក្សត្សដើម្បីតែងតាំងជាអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូង នៅឡើយទេនៅរាត្រីថ្ងៃទី៨ ខែមេសា។ ប៉ុន្តែទោះយ៉ាងណាក្តី លោក ឡុង ឌីម៉ង់ សម្ដែងក្ដីរីករាយនិងយល់ថា នេះជាមហាកិត្តិយសរបស់លោក ដែលលោកមានឱកាសទៅបំពេញការងារនេះ។ ទន្ទឹមគ្នានេះដែរលោកក៏បង្ហាញក្ដីបារម្ភដែរចំពោះការងារថ្មីនេះ។
លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន កាលពីថ្ងៃទី៤ ខែមេសា ហើយ ត្រូវបានតុលាការសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៧ ខែមេសា។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទកេងយកផលប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង ៥៩៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងបទរំលោភអំណាចមានប្រសិទ្ធភាពតាមមាត្រា ៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ ដែលអាចឲ្យលោកប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ បើតុលាការរកឃើញថា លោកមានកំហុសដូចការចោទប្រកាន់ក្នុងបទល្មើសទាំង២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
