HRW៖ ជន​ភៀស​ខ្លួន​ដែល​មក​កម្ពុជា​នឹង​ប្រឈម​ការ​រស់នៅ​លំបាក​ឬ​គ្រោះ​ថ្នាក់

0:00 / 0:00

អង្គការ​អន្តរជាតិ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) ដែល​ទើប​បញ្ចប់​ការ​ស្រាវជ្រាវ​របស់​ខ្លួន​ស្ដីពី​ស្ថានភាព​ជន​ភៀស​ខ្លួន​មក​កម្ពុជា រក​ឃើញ​ថា អ្នក​ភៀស​ខ្លួន​កំពុង​រស់នៅ​ដោយ​លំបាក ឬ​ប្រឈម​នឹង​គ្រោះថ្នាក់ ដោយ​ពួក​គេ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ធានា​សិទ្ធិ​សេរីភាព​អោយ​បាន​ពេញ​លេញ​ឡើយ។

អង្គការ​នេះ​ព្រមាន​ថា ជន​ភៀស​ខ្លួន​ដែល​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​កាន់​កម្ពុជា នឹង​ជួប​ប្រទះ​បញ្ហា​ទាំង​នោះ​ដែរ។ ករណី​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ស្នើ​អោយ​រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី ពិចារណា​ឡើង​វិញ​ពី​គម្រោង​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា។ ចំណែក​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​កែ​សម្រួល​ចំណុច​ខ្វះខាត​របស់​ខ្លួន​ជា​មុន​សិន មុន​នឹង​ទទួល​ជន​ភៀស​ខ្លួន​ទាំង​នោះ។

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ច្រាន​ចោល​ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ដោយ​ចាត់​ទុក​របាយការណ៍​នោះ ថា​ពុំ​ផ្អែក​លើ​មូលដ្ឋាន​ស្ថានភាព​ពិត​នៅ​កម្ពុជា ឡើយ។

ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ គឺ​បន្ទាប់​ពី​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​បង្ហាញ​របាយការណ៍​ថ្មី​របស់​ខ្លួន​ដោយ​លើក​ឡើង​ថា ជន​ភៀស​ខ្លួន​ដែល​មក​រស់​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​២០០៩ ដែល​អង្គការ​នេះ​បាន​ជួប​សម្ភាស បាន​អះអាង​ថា ពួក​គេ​ពុំ​បាន​រស់​នៅ​ដោយ​ស្មើ​មុខ​មាត់​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់​ឡើយ។ ក្នុង​នោះ ពួក​គេ​ត្រូវ​រើសអើង ពួក​គេ​ត្រូវ​អាជ្ញាធរ​បង្ខំ​ទារ​ប្រាក់ មិន​អាច​រក​ការងារ​បាន​ធ្វើ ដោយ​ខ្វះ​ឯកសារ​ផ្លូវ​ច្បាប់ ខ្វះ​ការ​ធានា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ខ្វះ​សេវា​សុខាភិបាល និង​អប់រំ ជាដើម។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ថា ក្នុង​អារម្មណ៍​របស់​ជន​ភៀស​ខ្លួន មិន​ថា​នៅ​ក្នុង​ប្រទេស​ក្រីក្រ ប្រទេស​កំពុង​អភិវឌ្ឍ ឬ​ប្រទេស​ជឿន​លឿន​ទេ គឺ​តែង​តែ​គិត​ថា មាន​ការ​រើស​អើង ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ឬ​ពុំ​មាន​សេរីភាព​ពេញ​លេញ ជាដើម។ លោក​បន្ត​ថា ការ​ពិត គឺ​ពុំ​ដូច​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សរសេរ​ក្នុង​រាយការណ៍​គេ​នោះ​ឡើយ៖ «ជាក់ស្តែង​វាមិនដូច​យូមែន រ៉ៃត៍ វ៉ច្ឆ គាត់​ថា​ទេ ជា​ពិសេស ​និយាយ​ដោយត្រង់​ គ្មាន​ខ្មែរ​ណាម្នាក់​ទៅ​នៅ​អាមេរិក​ហើយ​ថា​ខ្ញុំ​ជា​ម្ចាស់​ប្រទេស​ទេ គ្មាន​ទី​ ណា​ល្អ​ជាង​ទឹក​ដី ​យើង​ទេ។ ជាក់​ស្តែង​វាមិន​ចឹង​ទេ តាម​ដែល​យូមែន រ៉ៃត៍ វ៉ច្ឆ គាត់​រក​ឃើញ ​ហ្នឹង​វា​ជា​ កាតព្វកិច្ច​គាត់​ត្រូវ ​ថា​ចឹង បើ​មិន​ចឹង​ម៉េច​ហ្នឹង​គាត់​ បាន​លុយ ?!»។

ក្នុង​របាយការណ៍​បញ្ជាក់​ថា យូមែន រ៉ៃត៍ វ៉ច្ឆ បាន​សាកសួរ​ជន​ភៀស​ខ្លួន​ចំនួន ១០​គ្រួសារ​ក្នុង​ចំណោម ៦៣​គ្រួសារ ដែល​បាន​បញ្ជូន​មក​កម្ពុជា កាល​ពី​ឆ្នាំ​២០០៩។ អ្នក​ទាំង​នោះ​បាន​ឆ្លើយ​ថា ពួក​គេ​ពុំ​អាច​រក​ការងារ​ដែល​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន ដោយសារ​ពុំ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ពុំ​សូវ​ចេះ​ភាសា​ខ្មែរ និង​រស់​នៅ​ឆ្ងាយ​ពី​ប្រជុំ​ជន។ ការ​ទិញ​ទំនិញ​គ្រប់​ប្រភេទ តែង​ជួប​បញ្ហា​ការ​ដំឡើង​ថ្លៃ​ខ្ពស់​ជាង​ពលរដ្ឋ​ម្ចាស់​ស្រុក។ នៅ​ពេល​ពួក​គេ​មាន​បញ្ហា​ទៅ​ប្ដឹង​អាជ្ញាធរ តែង​ជួប​ប្រទះ​ការ​បង្ខំ​ទារ​ប្រាក់ សូម្បី​តែ​រឿង​បាត់​កង់​មួយ​គ្រឿង។ ក្នុង​ការ​សិក្សា បើ​ទោះ​ជា​រដ្ឋ​អះអាង​ថា​ពុំ​បង់​ប្រាក់ ប៉ុន្តែ​ពេល​ខ្លះ​កូនៗ​ពួក​គេ​ត្រូវ​រើសអើង​មិន​អោយ​ចូល​រៀន ឬ​ត្រូវ​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​អោយ​គ្រូ ទើប​មាន​ការ​យក​ចិត្ត​ទុក​ដាក់។ ចំណែក​សេវា​សុខភាព​វិញ ពួក​គេ​ត្រូវ​ទទួល​បាន​សេវា​ដែល​ដូច​គ្នា​នឹង​ពលរដ្ឋ​ខ្មែរ​នៅ​តាម​សហគមន៍​ដែរ ប៉ុន្តែ​សេវា​នោះ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។ ពួក​គេ​ត្រូវ​ទៅ​រក​ការ​ព្យាបាល​នៅ​ទីប្រជុំជន​មាន​តម្លៃ​ថ្លៃ ដែល​តម្រូវ​អោយ​ពួក​គេ​ត្រូវ​សុំ​លុយ​ពី​សាច់ញាតិ​នៅ​ក្រៅ​ប្រទេស។

សេចក្ដី​ថ្លែងការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​អូស្ត្រាលី ត្រូវ​ផ្ទៀងផ្ទាត់​នូវ​លក្ខខណ្ឌ​នៃ​ការ​រស់នៅ​ដែល​ជន​ភៀស​ខ្លួន​អាច​ជួប​ប្រទះ និង​ត្រូវ​ធានា​ថា​ពុំ​មាន​បញ្ហា​នោះ​កើត​ឡើង​ចំពោះ​ពួក​គាត់ នៅ​ពេល​បញ្ជូន​មក​ដល់​កម្ពុជា ឡើយ។

ស្រប​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​ដោះស្រាយ​បញ្ហា​បំពេញ​ភាព​ខ្វះ​ចន្លោះ​ទាំង​ឡាយ ដោយ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ រួម​នឹង​អង្គការ​សហប្រជាជាតិ​ផង និង​ត្រូវ​ត្រៀម​អោយ​មាន​សេវា​ល្អ​នៅ​ពេល​ជន​ភៀស​ខ្លួន​ត្រូវ​បញ្ជូន​មក​កម្ពុជា។

អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ដែរ​ថា កម្ពុជា ត្រៀម​រៀបចំ​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុង​ការ​ទទួល​ជន​ភៀស​ខ្លួន៖ «ត្រៀម​ហើយ​បាទ ត្រៀម​ហើយ ប្រទេស​ណា ​គេ​ធ្វើ​បាន​កម្ពុជា​ក៏​ អាច​ធ្វើ​បាន ​ដូចគ្នា​ដែ »។

កម្ពុជា និង​អូស្ត្រាលី បាន​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ (Nauru) មក​កម្ពុជា ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។