អង្គការ​អន្តរជាតិ​ជំរុញ​ឲ្យ​អាមេរិក​ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន ឲ្យ​គោរព​សិទ្ធិ​ជួប​ប្រជុំ

ដោយ សុជីវី
2016.02.10
ប្រ៊ែដ អាដាម ២០១៥ ៨៥៥ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
Photo: RFA

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក ដាក់​សម្ពាធ​លើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ឲ្យ​គោរព​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ។ យូមែន រ៉ៃត៍ វ៉ច្ឆ ចង់​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដាក់​សម្ពាធ​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ថ្ងៃ​ទី​១៥-១៦ កុម្ភៈ នៅ​សាន់នីឡេនដ៍ (Sunnylands) ទីក្រុង​រ៉េនចូមីរ៉េច (Rancho Mirage) រដ្ឋ​កាលីហ្វ័រញ៉ា (California)

មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា រដ្ឋាភិបាល​ពុំ​ចាំបាច់​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ទាមទារ​នេះ​ឡើយ ដ្បិត យូមែន រ៉ៃត៍ វ៉ច្ឆ គឺ​គ្រាន់​តែ​ជា​អង្គការ​មួយ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​ដោយ យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ថា សហរដ្ឋ​អាមេរិក គួរ​តែ​ទាមទារ​ជា​សាធារណៈ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ការ​គំរាម​ទៅ​លើ​អ្នក​នយោបាយ​ប្រឆាំង​ករណី​មាន​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​សហរដ្ឋ​អាមេរិក នៅ​សប្ដាហ៍​ក្រោយ។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា កង​កម្លាំង​របស់ លោក ហ៊ុន សែន ធ្លាប់​វាយ និង​បាញ់​សម្លាប់​អ្នក​តវ៉ា​នា​ពេល​កន្លង​ទៅ។ ហេតុ​នេះ ការ​គំរាម​អ្នក​ប្រឆាំង​ជា​រឿង​ដែល​អាច​ជឿ​ទុក​ចិត្ត និង​ព្រួយ​បារម្ភ។ សេចក្ដី​ថ្លែងការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ នោះ​បន្ត​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ក៏​គួរ​តែ​ដាក់​សម្ពាធ​ទៅ លោក ហ៊ុន សែន ឲ្យ​បញ្ចប់​រាល់​អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ចំពោះ​អ្នក​តវ៉ា​ដោយ​សន្តិវិធី និង​ដោះ​លែង​អ្នក​ទោស​នយោបាយ។

ប្រសាសន៍​របស់ លោក ប៊្រែដ អាដាម ត្រូវ​បាន​ប្រែ​សម្រួល​ដូច្នេះ៖ «មនុស្ស​ដែល​មាន​ចរិត​ហិង្សា​យ៉ាង​កំរោល​ដូច លោក ហ៊ុន សែន ពលរដ្ឋ​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក មិន​អាច​ទទួល​យក​បាន​ទេ ពីព្រោះ​អំពើ​អាក្រក់​ដែល​គាត់​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​របស់​គាត់ វា​អាក្រក់​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ការ​ដែល​គាត់​បញ្ចេញ​សារ​គំរាម​បំភិតបំភ័យ​ពលរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​មិន​ឲ្យ​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​អហិង្សា​ណា​មួយ បណ្ដាល​ឲ្យ​មាន​ការ​ភ័យ​បារម្ភ​អំពី​សុវត្ថិភាព​បង​ប្អូន​ញាតិ​មិត្ត​របស់​ខ្លួន​នៅ​កម្ពុជា ហើយ​មិន​ហ៊ាន​ចូលរួម​នោះ វា​គឺ​ជា​អំពើ​មួយ​អាក្រក់​ហួស​និស្ស័យ និង​មិន​អាច​ទទួល​យក​បាន»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​បាតុកម្ម​នានា តែ​លោក​ថា សហរដ្ឋ​អាមេរិក ក៏​មាន​តួនាទី​រក្សា​សុវត្ថិភាព និង​មុខ​មាត់​សម្រាប់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែរ៖ «រាជ​រដ្ឋាភិបាល​មាន​បុព្វសិទ្ធិ​ដែល​ជា​ភ្ញៀវ​ជា​ផ្លូវ​ការ​របស់​សហរដ្ឋ​អាមេរិក ក្នុង​កិច្ច​ការពារ​សុវត្ថិភាព​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ក៏ដូចជា​គណៈប្រតិភូ​ចូលរួម។ ដូច្នេះ ខ្ញុំ​មិន​គិត​ថា សេតវិមាន (White House) ជា​អ្នក​ប្រតិបត្តិ​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ។ អ្វី​ដែល​ស្ដែង​ចេញ​តាម​រយៈ​ឯកឧត្ដម ចន ឃែរី (Jonh Kerry) គាត់​បាន​មាន​ប្រសាសន៍​ថា ចង់​ទំនាក់ទំនង​ល្អ ធ្វើ​ការ​ល្អ​ជាមួយ​កម្ពុជា ហើយ​ចំណុច​ទី​២ អ្វី​ដែល​ជា​របៀបវារៈ (កិច្ច​ប្រជុំ) ជា​ផ្លូវ​ការ គឺ​អត់​មាន​ច្របូកច្របល់​នៅ​ក្នុង​រឿង​សិទ្ធិ​មនុស្ស ឬ​រឿង​ដទៃ​ទៀត​ទេ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា បាន​ព្រមាន​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ពេល​ឆ្លើយ​តប​នឹង​មតិ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ថា អ្វី​ដែល​សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​ចាំ​នោះ គឺ​ត្រូវ​ទទួល​ស្គាល់​សិទ្ធិ​ធ្វើ​បាតុកម្ម​នៃ​អ្នក​គាំទ្រ លោក ហ៊ុន សែន ប្រឆាំង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​វិញ។

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ម្នាក់​ដែល​ប្រើប្រាស់​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ Khan Chansophal បាន​សរសេរ​ថា គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ឲ្យ លោក កឹម សុខា លែង​ហ៊ាន​នៅ​ស្រុក​ដែរ ដោយ​ខ្លាច​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​បាតុកម្ម​ដុត​ផ្ទះ ឬ​ចាប់​អូស លោក កឹម សុខា ចេញ​ពី​ឡាន​វាយ​ដូច​តំណាង​រាស្ត្រ ២​នាក់​នោះ​ណាស់ ដែល​នេះ​សំដៅ​ទៅ​លើ លោក ញ៉យ ចំរើន និង​លោក គង់ សភា។

ចំណែក​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រឹងប្រែង​គ្រប់គ្រង​អ្នក​គាំទ្រ​ខ្លួន ប៉ុន្តែ​លោក​មិន​ធានា​ឡើយ។

បើ​ទោះ​ជា​យ៉ាង​ណា យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​បញ្ចប់​រាល់​ការ​គំរាម​ទាំង​នេះ ហើយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក អូបាម៉ា គួរ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា នឹង​មាន​ផល​ប៉ះពាល់ លើក​លែង​តែ​សិទ្ធិ​នៃ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ត្រូវ​បាន​គោរព​ពេញលេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។