សាច់ញាតិ​លោក ហូ សុខ ថា​គ្មាន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌

0:00 / 0:00

១៨​ឆ្នាំ​មក​ហើយ​ដែល​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​នៅ​ទីក្រុង​ភ្នំពេញ​បាន​កន្លង​ផុត ប៉ុន្តែ​អ្វី​ដែល​នៅ​សេសសល់ គឺ​ទុក្ខសោក​របស់​ក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ។ ក្នុង​នោះ​រួម​មាន ការ​បាត់​បង់​សមាជិក​គ្រួសារ​ជា​ទី​ស្រឡាញ់ និង​ការ​ទន្ទឹង​រង់ចាំ​ពួក​គេ​ត្រឡប់​មក​វិញ។ ប្រការ​នេះ ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​នៅ​តែ​ចងចាំ​ព្រឹត្តិការណ៍​នោះ ដោយ​មិន​អាច​បំភ្លេច​បាន​ដដែល។

ពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្លាប់​ឆ្លង​កាត់ និង​បាន​បាត់​បង់​សមាជិក​គ្រួសារ​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​នៅ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នៅ​តែ​មាន​អារម្មណ៍​ភ័យ​តក់ស្លុត និង​ឈឺ​ចាប់​ដដែល បើ​ទោះ​បី​ជា​វា​បាន​កន្លង​ហួស ១៨​ឆ្នាំ​មក​ហើយ​ក្តី។ នោះ គឺ​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​គ្នា​រវាង​កម្លាំង​នយោបាយ​ពីរ ដែល​ម្ខាង​ដឹក​នាំ​ដោយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​ម្ខាង​ទៀត​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ថ្លែង​ក្នុង​ទឹក​មុខ​ស្រពាប់​ស្រពោន ស្ត្រី​វ័យ​ជាង ៥០​ឆ្នាំ​ម្នាក់ គឺ​អ្នកស្រី ហូ គីមសេង បាន​អះអាង​ថា អ្នកស្រី​បាន​បាត់​បង់​បង​ប្រុស​ម្នាក់ គឺ​លោក ហូ សុខ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ លោក ហូ សុខ កាល​នោះ​មាន​តួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ នៃ​រដ្ឋាភិបាល​ចម្រុះ​មួយ​ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ពីរ គឺ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ទី​២។ លោក ហូ សុខ មាន​ឈ្មោះ​ល្បីល្បាញ​ខាង​បង្ក្រាប​គ្រឿង​ញៀន ជាពិសេស​ករណី​ធំៗ​ពាក់ព័ន្ធ​នឹង​មន្ត្រី​មាន​អំណាច។

អ្នកស្រី ហូ គីមសេង ​រំឭក​ដល់​សម្ដី​ចុង​ក្រោយ​របស់ លោក ហូ សុខ៖«ខ្ញុំ ​ចាំ​បាន​តែ​ម៉ែ គាត់​និយាយ​ប្រាប់​ឲ្យ​គាត់​គេច គាត់​ក៏​ថា​ប្រទេស​គេ​មាន​ច្បាប់ អន្តរជាតិ​នៅ​ពេញ គ្មាន​នរណា​គេ​ហ៊ាន​ធ្វើ​អ្វី​ទេ គាត់​និយាយ​ជាមួយ​យាយ (ម៉ែ) តែ​ប៉ុណ្ណឹង គាត់​ក៏​ចេញ​ទៅ»។

និយាយ​បណ្ដើរ​ដៃ​វែក​រូបថត​បង្ហាញ​អ្នក​យក​ព័ត៌មាន​បណ្ដើរ អ្នកស្រី ហូ គីមសេង បាន​រំឭក​ដល់​សម្ដី​ចុង​ក្រោយ​របស់​បង​ប្រុស​មុន​នឹង​ចាកចេញ​នៅ​យប់​ថ្ងៃ​ទី​៥ កក្កដា៖ «ខ្ញុំ​ចាំ​បាន​តែ​ម៉ែ គាត់​និយាយ​ប្រាប់​ឲ្យ​គាត់​គេច គាត់​ក៏​ថា​ប្រទេស​គេ​មាន​ច្បាប់ អន្តរជាតិ​នៅ​ពេញ គ្មាន​នរណា​គេ​ហ៊ាន​ធ្វើ​អ្វី​ទេ គាត់​និយាយ​ជាមួយ​យាយ (ម៉ែ) តែ​ប៉ុណ្ណឹង គាត់​ក៏​ចេញ​ទៅ»

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា លោក ហូ សុខ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្រសួង​មហាផ្ទៃ អ្នកស្រី ហូ គីមសេង និង​ក្រុម​គ្រួសារ​ទាំងអស់ បាន​នាំ​គ្នា​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​នៅ​ភ្នំ​វល្លិ ឯ​ខេត្ត​កំពត រយៈពេល​ប្រហែល ៣​ឆ្នាំ ដោយ​បារម្ភ​ពី​សុវត្ថិភាព។ ហើយ​គេហដ្ឋាន​ដ៏​ធំ​របស់ លោក ហូ សុខ នៅ​ឯ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ក៏​ត្រូវ​បាន​ក្រុម​ទាហាន និង​ប៉ូលិស ដែល​មិន​ស្គាល់​អត្តសញ្ញាណ មក​រឹប​អូស​យក​វត្ថុ​មាន​តម្លៃ​ផ្សេងៗ សូម្បី​តែ​អំពូល​ភ្លើង និង​បង្កាន់ដៃ ជណ្ដើរ ក៏​ត្រូវ​បាន​កាត់​យក ហើយ​សព្វថ្ងៃ គេហដ្ឋាន​ដ៏​ធំ​មួយ​នេះ​នៅ​សល់​តែ​សម្បក និង​រូប​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ តែ​ប៉ុណ្ណោះ៖ «គេ​ធ្វើ​បាប មិន​ធ្វើ​បាប យើង​មិន​ដឹង​ទេ។ គ្រាន់​តែ​ថា​លក្ខណៈ​ដែល​យើង​ភ័យ​ខ្លាច យើង​ចេះ​តែ​គេច​ទៅ ព្រោះ​អី​ដូច​ថា​យើង​វា​អត់​អី​ជា​សំអាង​ត​ទៅ​ទៀត ហើយ​ដូច​ចេះ​តែ​មាន​ឮ​ពាក្យ​សម្ដី​ថា គេ​ជីក​ស្មៅ​ជីក​ទាំង​ឫស»

មិន​ខុស​គ្នា​នេះ​ដែរ អតីត​មន្ត្រី​ស្និទ្ធ​នឹង​សម្ដេច​ក្រុម​ព្រះ ក៏​កំពុង​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច និង​សោកស្ដាយ​ជីវិត​មិត្ត​រួម​អាជីព។

ទាហាន​រដ្ឋាភិបាល​ដើរ​ខាង​មុខ​រថក្រោះ​ឆេះ នៅ​លើ​ដង​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៧ កក្កដា ១៩៩៧។
ទាហាន​រដ្ឋាភិបាល​ដើរ​ខាង​មុខ​រថក្រោះ​ឆេះ នៅ​លើ​ដង​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៧ កក្កដា ១៩៩៧។ (AFP File Photo))

ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ អតីត​គ្រូ​បង្ហាត់​កង​អង្គរក្ស​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ បាន​អះអាង​ថា មាន​កង​កម្លាំង​ជាច្រើន​នាក់​របស់​លោក​បាន​បាត់​បង់​ជីវិត និង​បាត់​ដំណឹង​រហូត​មក​ទល់​នឹង​សព្វថ្ងៃ។ លោក​បាន​បង្ហាញ​អារម្មណ៍​របស់​លោក​នា​ពេល​នោះ​ថា៖ «វា​ធ្វើ​ឲ្យ​យើង​រន្ធត់​ក្នុង​ចិត្ត​របស់​យើង។ ធម្មតា​ការ​ផ្ទុះ​អាវុធ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​យើង វា​មិន​ដែល​មាន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ហ្នឹង ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​ភ័យ​ខ្លាច»

បច្ចុប្បន្ន​នេះ លោក​នៅ​តែ​នឹក​ឃើញ​ព្រឹត្តិការណ៍​នោះ​ដដែល ហើយ​លោក​ត្រូវ​រស់នៅ​ដោយ​លាក់​បាំង​ប្រវត្តិ​រូប​នៅ​ឡើយ៖ «ពេល​ហ្នឹង​រហូត​មក​ទល់​ពេល​នេះ ទាក់ទង​នឹង​ព្រឹត្តិការណ៍​ដែល​កើត​ឡើង អារម្មណ៍​គឺ​ចេះ​តែ​នៅ​ជាប់។ វា​មិន​គួរ​តែ​មាន​បញ្ហា​ហ្នឹង​កើត​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ អារម្មណ៍​ចេះ​តែ​ជាប់ ឲ្យ​តែ​មាន​បញ្ហា​អី ចេះ​តែ​នឹក​ឃើញ​រឿង​ហ្នឹង​តែ​ម្តង»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា លោក​មិន​មែន​ជា​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​នោះ​ទេ តែ​ជា​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ដែល​ធ្វើ​រដ្ឋ​ប្រហារ តែ​បរាជ័យ៖ «រឿង​ផ្ទុះ​អាវុធ​នៅ​ថ្ងៃ​ទី​៥-៦ កក្កដា គេ​ចោទ​ថា​រដ្ឋ​ប្រហារ ឬ​ស្អី? ខ្ញុំ​មិន​ជំទាស់​នឹង​ពាក្យ​ដែល​គេ​ថា​រដ្ឋ​ប្រហារ​ទេ មិន​ជំទាស់ ព្រោះ​គេ​ប្រើ​ពាក្យ​រដ្ឋ​ប្រហារ​ក៏​ត្រឹមត្រូវ​ម្យ៉ាង។ ប៉ុន្តែ​សួរ​ថា អ្នក​ណា​ធ្វើ​រដ្ឋ​ប្រហារ? ការ​នាំ​កងទ័ព​ខ្មែរ​ក្រហម​ចូល​មក​ភ្នំពេញ ការ​ចល័ត​កងទ័ព​រាប់​រយ​នាក់​ពី​ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប ចូល​មក​ភ្នំពេញ ការ​នាំ​ចូល​អាវុធ​រាប់​តោន និង​អាវុធ​ខុស​ច្បាប់​ផ្សេង​ទៀត​ជាង ១​ម៉ឺន​ដើម។ តើ​អ្នក​ណា​ធ្វើ​រដ្ឋ​ប្រហារ? ហ៊ុន សែន ធ្វើ​រដ្ឋ​ប្រហារ ឬ រណឫទ្ធិ ធ្វើ​រដ្ឋ​ប្រហារ ប៉ុន្តែ​បរាជ័យ?»

រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែ​កក្កដា នេះ ត្រូវ​បាន​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ អះអាង​ថា មិន​ត្រឹម​តែ​ជា​ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ដើម​ចម​នៃ​ការ​ផ្តាច់​ឫស​គល់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ទៀត​ផង។ ហើយ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន មិន​ទាន់​មាន​ការ​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ជន​រងគ្រោះ​នៅ​ឡើយ។

អ្នកស្រី ហូ គីមសេង ដែល​ជា​ប្អូន​ស្រី លោក ហូ សុខ បាន​អះអាង​ថា អ្នកស្រី​គ្មាន​សមត្ថភាព​រក​យុត្តិធម៌​ជូន​បង​ប្រុស​ឡើយ ហើយ​អ្នកស្រី​ក៏​មិន​មាន​សង្ឃឹម​នឹង​ទទួល​បាន​យុត្តិធម៌​ដែរ៖ «វា​បាន​ត្រឹម​តែ​ឈឺ​ចាប់ ប៉ុន្តែ​មិន​អាច​ធ្វើ​អី​គេ​កើត។ បាន​ត្រឹម​តែ​ខឹង បាន​ត្រឹម​តែ​ឈឺ​ចាប់ តែ​យើង​ទៅ​ធ្វើ​ម៉េច? យើង​មាន​អី​ទៅ​តតាំង​ជាមួយ​គេ? ចឹង​បាន​ថា រឿង​នេះ​វា​ចប់​ហើយ ឲ្យ​វា​ចប់​ទៅ ខ្ជិល​រំឭក​ត​ទៅ​ទៀត។ ទៅ​ដោះស្រាយ​អី ក៏​អត់​មាន​អ្នក​ដោះស្រាយ​ឲ្យ​យើង។ បើ​គេ​ដោះស្រាយ​ឲ្យ​យើង​បាន គេ​ដោះស្រាយ​តាំង​ពី​ភ្លាមៗ​ហើយ។ គេ​មិន​មែន​ទុក​ដល់​ទៅ​ជិត ២០​ឆ្នាំ​អ៊ីចឹង​ទេ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។