បាតុកម្ម​ការពារ​ប្រជាធិបតេយ្យ​នៅ​ហុងកុង​មិន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កម្ពុជា

0:00 / 0:00

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រជាពលរដ្ឋ​ហុងកុង បាន​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ចិន ចាប់​តាំង​ពី​ប្រទេស​អង់គ្លេស បាន​ប្រគល់​ដែន​ដី​ទីក្រុង​ហុងកុង ទៅ​ឲ្យ​ចិន គ្រប់គ្រង​វិញ​កាល​ពី​ឆ្នាំ​១៩៩៧។

ការ​តវ៉ា​នោះ មិន​ប៉ះពាល់​ដល់​ទំហំ​សេដ្ឋកិច្ច និង​ប្រជាពលរដ្ឋ​ហុងកុង ខ្លាំង​នោះ​ទេ ដោយសារ​សេដ្ឋកិច្ច​ហុងកុង ពឹង​ខ្លាំង​លើ​ប្រទេស​ចិន។ និន្នាការ​នេះ ក៏​មិន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រទេស​ក្នុង​តំបន់ រួម​ទាំង​កម្ពុជា ផង​នោះ​ទេ ដោយ​ការ​វិនិយោគ និង​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ហុងកុង មាន​ចំនួន​តិចតួច។

មិន​មែន​ត្រឹម​តែ​ប្រទេស​ក្រីក្រ​នោះ​ទេ​ដែល​ពុំ​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ​នោះ សូម្បី​តែ​ប្រទេស​ជឿនលឿន​ដូចជា​ទីក្រុង​ហុងកុង ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជាង ៥០​ដង ក៏​ប្រជាពលរដ្ឋ​របស់​គេ​កំពុង​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ​ដែរ។

សារព័ត៌មាន​បរទេស​ជាច្រើន ផ្ដោត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​តវ៉ា​ទាមទារ​នៅ​ទីក្រុង​ហុងកុង ដែល​គេ​ចាត់​ទុក​ជា​ទីក្រុង​កូន​នាគ​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី។ ការ​តវ៉ា​នេះ អាច​ក្លាយ​ជា​របត់​ថ្មី​មួយ​សម្រាប់​ពិភពលោក ដែល​អ្នក​គ្រប់គ្រង​ប្រទេស​មួយ​មិន​ត្រឹម​តែ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ មាន​ប្រាក់​ចំណូល​ខ្ពស់ តែ​ក៏​ត្រូវ​ធានា​ឲ្យ​មាន​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស ឬ​ទាមទារ​ឲ្យ​មាន​អ្នក​គ្រប់គ្រង​មួយ​ដែល​ប្រជាពលរដ្ឋ​ដែល​ខ្លួន​គេ​ពេញ​ចិត្ត។

មូលហេតុ​ចំពោះ​ការ​មិន​ពេញ​ចិត្ត ដែល​ជំរុញ​ឲ្យ​និស្សិត​ហុងកុង ឈាន​ដល់​ការ​ប្រឆាំង​នេះ ដោយសារ​តែ​គណបក្ស​កុម្មុយនិស្ត​ចិន​ប៉េកាំង បាន​ប្រកាស​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤ ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ត​ទៅ នឹង​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​ទីក្រុង​ហុងកុង ប៉ុន្តែ​បេក្ខភាព​ឈរ​ឈ្មោះ គឺ​ទីក្រុង​ប៉េកាំង ជា​អ្នក​ជ្រើស​រើស។ នេះ​ជា​មូលហេតុ​សំខាន់​បំផុត​ដែល​និស្សិត និង​ប្រជាពលរដ្ឋ​ហុងកុង ចេញ​មុខ​តវ៉ា ថា​ការ​បោះ​ឆ្នោត​របៀប​នេះ គឺ​គ្មាន​ប្រយោជន៍។ ក្រុម​និស្សិត និង​សកម្មជន​ការពារ​លទ្ធិប្រជាធិបតេយ្យ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ជាច្រើន​ពាន់​នាក់ អង្គុយ​នៅ​តាម​ដង​ផ្លូវ​ពាណិជ្ជកម្ម​សំខាន់ៗ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​អំណាច​ចិន​ប៉េកាំង កែប្រែ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​សម្រេច​នេះ។

បច្ចុប្បន្ន ហុងកុង ជា​ដែន​ដី​មួយ​ដែល​មាន​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​អាច​គ្រប់គ្រង​ដោយ​ខ្លួន​ឯង ក្នុង​នោះ​រួម​មាន​ផ្នែក​រូបិយវត្ថុ ពន្ធដារ ច្បាប់ ថវិកា និង​មាន​រដ្ឋធម្មនុញ្ញ​ដាច់​ដោយ​ឡែក​ពី​ប្រទេស​ចិន ប៉ុន្តែ​ផ្នែក​កិច្ចការ​បរទេស និង​ការពារ​ជាតិ ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​ចិន។

ការ​សម្រេច​បែប​នេះ គឺ​មាន​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ដែល​អង់គ្លេស បាន​ប្រគល់​ទីក្រុង​ហុងកុង ឲ្យ​ចិន ជា​អ្នក​គ្រប់គ្រង​កាល​ពី​ឆ្នាំ​១៩៩៧ រហូត​ដល់​ឆ្នាំ​២០៤៧។ ចាប់​តាំង​ពី​ពេល​នោះ​មក ប្រជាពលរដ្ឋ​ហុងកុង ទាំងអស់​តែង​តែ​ធ្វើ​ការ​តវ៉ា ដើម្បី​ប្រែ​ក្លាយ​ទីក្រុង​ហុងកុង ក្លាយ​ជា​តំបន់​ស្វយ័ត​ដោយ​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ណា​មួយ​ឡើយ ប៉ុន្តែ​ការ​តវ៉ា​កន្លង​មក​មិន​ទទួល​ជោគជ័យ​ទេ។ ភាព​បរាជ័យ​នេះ ប្រជាពលរដ្ឋ​ហុងកុង មួយ​ចំនួន បាន​សម្រេច​ចាក​ចេញ​ពី​ប្រទេស​ទៅ​រស់នៅ​ប្រទេស​ផ្សេង ដោយ​មិន​ចង់​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​ក្នុង​របប​កុម្មុយនិស្ត​ចិន។ តាម​ការ​ប៉ាន់ស្មាន​ដោយ​លទ្ធផល​ស្ទង់​មតិ​របស់​សាកលវិទ្យាល័យ​ចិន នៅ​ហុងកុង បាន​បង្ហាញ​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ហុងកុង ប្រមាណ ២០% ក្នុង​ចំណោម​ប្រជាពលរដ្ឋ ៧​លាន​នាក់ មិន​ចង់​រស់នៅ​ទីក្រុង​ហុងកុង ទៀត​ឡើយ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ប្រមាណ ៨០% ផ្សេង​ទៀត នៅ​តែ​ក្រាញ​ននៀល​ប្រឹងប្រែង​តវ៉ា​ដោយ​សង្ឃឹម​ថា នឹង​បាន​ទទួល​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ​នៅ​ទីក្រុង​ហុងកុង នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​នានា​យល់​ឃើញ​ថា រដ្ឋ​អំណាច​ចិន​ប៉េកាំង បាន​ឃ្លាំ​មើល​យ៉ាង​ប្រុង​ប្រយ័ត្ន​រាល់​សកម្មភាព​ទាំង​ឡាយ​ដែល​ទាមទារ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង ដោយ​បារម្ភ​អំពី​ជំងឺ​ប្រជាធិបតេយ្យ​រាតត្បាត​ទៅ​តំបន់​ផ្សេង។

ប្រធាន​ក្រុមប្រឹក្សា​នៃ​សមាគម​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ទីក្រុង​ហុងកុង មាន​ប្រជាធិបតេយ្យ​ពេញ​លេញ មាន​ន័យ​ថា របប​កុម្មុយនិស្ត​របស់​ចិន នឹង​សាប​រលាប​ម្ដង​បន្តិចៗ។ ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងៗ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន និង​ប្រទេស​ដែល​មាន​របប​ដឹក​នាំ​ស្រដៀង​គ្នា​នឹង​ចិន នឹង​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​អ្នក​ដឹក​នាំ​ប្រទេស​របស់​ខ្លួន​ដែរ៖ «ចិន ឥឡូវ​នេះ​កំពុង​ព្យាយាម​គ្រប់គ្រង​ព័ត៌មាន​ទាក់ទង​នឹង​ការ​តវ៉ា​នៅ​ហុងកុង មិន​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ចិន ហ្នឹង​ទទួល​បាន​ទេ ព្រោះ​អី​ប្រសិន​ជា​ទទួល​បាន វា​អាច​បង្ក​ឲ្យ​មាន​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ទាមទារ​ការ​បើក​ចំហ​អឺ​រដ្ឋ ឬ​មួយ​ក៏​ទាមទារ​ឲ្យ​ប្រជាធិបតេយ្យ។ ហុងកុង ចាត់​ទុក​ជា​តំបន់​អាស៊ី ចឹង​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ រដ្ឋាភិបាល​ប្រទេស​ទាំង​ឡាយ​កំពុង​មើល​ព្រឹត្តិការណ៍​នៅ​ហុងកុង បើ​សិន​ជា​ហុងកុង ជំរុញ​ឲ្យ​មាន​ការ​បើក​ចំហ និង​មាន​ប្រជាធិបតេយ្យ​ក្នុង​ការ​រើស​មេ​ដឹក​នាំ​នៅ​ហុងកុង ហ្នឹង ប្រជាធិបតេយ្យ​ពិត​ប្រាកដ​អា​ហ្នឹង​គឺ​ចិន ប្រហែល​ជា​នឹង​បង្ហាញ​នូវ​ភាព​ទន់​ខ្សោយ​មួយ»

ប្រទេស​ចិន ធ្លាប់​បាន​បង្ក្រាប​ចលនា​និស្សិត​នៅ​ទីលាន​ធានអាន់មៀន នៅ​រយៈពេល ២៥​ឆ្នាំ​មុន នៅ​ទីក្រុង​ប៉េកាំង។ ប៉ុន្តែ​ការ​តវ៉ា​នៅ​ហុងកុង នៅ​ពេល​នេះ ចិន បាន​បិទ​ព័ត៌មាន​ទាំង​ឡាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេងៗ ដើម្បី​កាត់​បន្ថយ​ការ​ផ្សព្វផ្សាយ​បន្ត​ទៅ​កាន់​តំបន់​ដទៃ និង​ពិភពលោក។ អ្នក​វិភាគ​នានា​បាន​លើក​ឡើង​ថា រដ្ឋ​អំណាច​ទីក្រុង​ប៉េកាំង អាច​ប្រើ​វិធី​បង្ក្រាប​ដូច​មុន​ទៀត គឺ​អាស្រ័យ​លើ​សមត្ថភាព​នៃ​ចលនា​ប្រជាធិបតេយ្យ​របស់​និស្សិត និង​ប្រជាពលរដ្ឋ​ហុងកុង។

ប្រធាន​ក្រុមប្រឹក្សា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​តវ៉ា​នៅ​ហុងកុង គឺ​ជា​ការ​តវ៉ា​របស់​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ ដែល​ប្រឆាំង​នឹង​ការ​គាប​សង្កត់​របស់​រដ្ឋ​អំណាច ដែល​ចម្លង​បទពិសោធន៍​ពី​ប្រទេស​ជឿនលឿន ដូចជា​សហរដ្ឋ​អាមេរិក និង​អង់គ្លេស ជាដើម។ ហើយ​ការ​តវ៉ា​របៀប​នេះ មិន​មែន​ជា​ការ​តវ៉ា​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ ដោយ​គ្រាន់​តែ​ចង់​បាន​នូវ​ការ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​ដឹក​នាំ​ប្រទេស​តែ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ក្រៅ​ពី​នេះ ការ​តវ៉ា​នៅ​ទីក្រុង​ហុងកុង មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ផ្នែក​នយោបាយ​នៅ​ប្រទេស​កម្ពុជា ទេ។

អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ស្រី ចន្ធី យល់​ឃើញ​ថា ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ផ្ទាល់​របស់​ចិន​ហុងកុង នៅ​កម្ពុជា មាន​ទំហំ​តិចតួច​ដែល​មិន​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច​កម្ពុជា ឡើយ៖ «បើ​យើង​និយាយ​ថា​កម្ពុជា ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ហុងកុង អី ដូច​ជា​មិន​ធំ​ដុំ​អី ឬ​ក៏​ជា​ដុំ​កំភួន​ប៉ុន្មាន​ទេ​បើ​តាម​ខ្ញុំ​ដឹង​ណាស់។ អ្នក​វិនិយោគ​ពី​ចិន​ហុងកុង មក ក៏​មិន​មាន​ធំ​ដែរ ហើយ​យើង​ការ​នាំ​ចេញ​ទៅ​ហុងកុង អី ក៏​តិចតួច​ដែរ។ ចឹង​មាន​ជំនឿ​ថា​វា​មិន​ប៉ះពាល់​អី​ខ្លាំង​មក​ដល់​យើង​ទេ​បាទ ឥទ្ធិពល​តិចតួច​ណាស់»

លោក ស្រី ចន្ធី បាន​បញ្ជាក់​ទៀត​ថា ការ​តវ៉ា​នៅ​ហុងកុង គឺ​ទាក់ទង​នឹង​រឿង​នយោបាយ​ច្រើន​ជាង​រឿង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

ព្រោះ​តែ​ចង់​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ និស្សិត​ហុងកុង ជាច្រើន​ពាន់​នាក់ ហ៊ាន​ប្រឈម​មុខ​នឹង​អាជ្ញាធរ ដែល​បាន​ធ្វើ​ឲ្យ​និស្សិត​មួយ​ចំនួន​បាន​រង​របួស និង​ចាប់​ខ្លួន។ ការ​តវ៉ា​ប្រឆាំង​នេះ បាន​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ទីក្រុង​ហុងកុង ត្រូវ​ផ្អាក ក្នុង​នោះ​មាន​ផ្លូវ​សំខាន់​នានា​ត្រូវ​បិទ​មិន​ឲ្យ​ធ្វើ​ចរាចរ សាលា​រៀន​ខ្លះ​ត្រូវ​បិទ​ទ្វារ និង​ធនាគារ​មួយ​ចំនួន ក៏​បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន​ដែរ។

បច្ចុប្បន្ន សារព័ត៌មាន​ឈ្មោះ​ថា ប្លូមប៊ើគ (Bloomberge) បាន​របាយការណ៍​ថា អ្នក​លក់​រាយ និង​ក្រុមហ៊ុន​វិស័យ​ទេសចរណ៍ កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​តវ៉ា​នៅ​ហុងកុង ប៉ុន្តែ​មិន​មាន​តួលេខ​បញ្ជាក់​ច្បាស់​លាស់​ឡើយ។ ក្រៅ​ពី​នេះ ទីផ្សារ​ភាគហ៊ុន​របស់​ហុងកុង បាន​ធ្លាក់​ថ្លៃ​ជា​លំដាប់ ចាប់​តាំង​ពី​មាន​ការ​តវ៉ា​ប្រឆាំង​នៅ​ហុងកុង។ រយៈពេល​បី​សប្ដាហ៍​ចុង​ក្រោយ​នេះ ទីផ្សារ​ហ៊ុន​របស់​ហុងកុង បាន​ធ្លាក់​ចុះ​ប្រមាណ ០,២% ទៅ ១,៦%។

ទោះ​បី​ជា​ហុងកុង កំពុង​តវ៉ា​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​ហុងកុង នៅ​តែ​ចាត់​ទុក​ថា ជា​កូន​នាគ​សេដ្ឋកិច្ច​នៅ​អាស៊ី ដែល​ពិភពលោក​មិន​អាច​កាត់​ផ្ដាច់​បាន។ របាយការណ៍​ធនាគារ​ពិភពលោក (World Bank) បាន​បង្ហាញ​ថា ហុងកុង នៅ​តែ​ជា​កន្លែង​ប្រកួត​ប្រជែង​ខ្លាំង​បំផុត​លើ​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម​នៅ​លើ​ពិភពលោក ក្នុង​នោះ ហុងកុង ជាប់​លំដាប់​ថ្នាក់​លេខ​៧ ចំពោះ​ប្រទេស​ចិន វិញ ស្ថិត​នៅ​លេខ​២៨។ ម្យ៉ាង​វិញ​ទៀត ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ចិន ប្រមាណ ៣០% គ្រប់គ្រង​ដោយ​រដ្ឋបាល​ហុងកុង។

របាយការណ៍​របស់​ធនាគារ​ពិភពលោក ដដែល​បាន​បញ្ជាក់​ទៀត​ថា នៅ​ឆ្នាំ​១៩៩៧ ប្រជាជន​ចិន មាន​ចំនួន​លើស​ប្រជាពលរដ្ឋ​ហុងកុង ចំនួន​ជាង ២០០​ដង តែ​ទំហំ​សេដ្ឋកិច្ច​ចិន វិញ លើស​ទំហំ​សេដ្ឋកិច្ច​ហុងកុង តែ ៦​ដង​ប៉ុណ្ណោះ។ តែ​នៅ​ក្នុង​ឆ្នាំ​២០១៣ ទំហំ​សេដ្ឋកិច្ច​ចិន បាន​កើន​លើស​សេដ្ឋកិច្ច​ហុងកុង រហូត​ដល់​ជាង ៣០​ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។