ក្នុងចំណោមប្រទេសម្ចាស់ជំនួយទាំងអស់របស់កម្ពុជា សហភាពអឺរ៉ុប ជាម្ចាស់ជំនួយធំបំផុតដែលផ្ដោតលើដំណើរការបោះឆ្នោតនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨។ ប៉ុន្តែប្រមុខរដ្ឋាភិបាលនៅពេលថ្មីៗនេះអះអាងថា រដ្ឋាភិបាលមិនខ្លាចការគំរាមផ្ដាច់ជំនួយណាមួយពីបរទេសឡើយ។
ប្រសិនបើសហភាពអឺរ៉ុប សម្រេចបង្កកជំនួយដល់កម្ពុជា មែននោះ តើដំណើរការកែទម្រង់ការបោះឆ្នោត នឹងរងផលប៉ះពាល់ឬទេ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតសកលឆ្នាំ២០១៨ កំពុងខិតជិតចូលមកដល់នោះ?
ក្នុងកញ្ចប់ជំនួយរបស់សហភាពអឺរ៉ុប ដែលមានទឹកប្រាក់ ៤១០លានអឺរ៉ូ ស្មើនឹងជាង ៤៦០លានដុល្លារអាមេរិក ទឹកប្រាក់មួយផ្នែកធំ (២៩%) ផ្ដោតលើវិស័យអភិបាលកិច្ច និងរដ្ឋបាល ដែលគ្របដណ្ដប់លើការងារកែទម្រង់ការបោះឆ្នោត។
បច្ចុប្បន្ន សហភាពអឺរ៉ុប គឺជាម្ចាស់ជំនួយធំបំផុតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈជំនួយដល់រដ្ឋាភិបាលកម្ពុជា។ ក៏ប៉ុន្តែទោះបីជាសហភាពអឺរ៉ុប នាពេលថ្មីៗនេះ ព្រមានបង្កកជំនួយក្នុងទឹកប្រាក់រាប់រយលានអឺរ៉ូ ក្រោយពីវាយតម្លៃឃើញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែអាក្រក់ក៏ដោយ ក៏រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅតែបន្តភាពព្រងើយកន្តើយចំពោះការព្រមានរបស់ម្ចាស់ជំនួយធំបំផុតរបស់ខ្លួន។
ទន្ទឹមនឹងការសម្ដែងភាពព្រងើយកន្តើយបែបនេះ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ថែមទាំងចំអកទៅសហភាពអឺរ៉ុប វិញថា ការផ្ដាច់ជំនួយណាមួយ នឹងប៉ះពាល់ដល់ការងាររបស់អង្គការសង្គមស៊ីវិល មិនមែនរដ្ឋាភិបាលរបស់លោកឡើយ៖ « កាលពីឆ្នាំណានោះ ខ្ញុំគំរាមថា ម៉េចក៏មិនកាត់។ បើប្រកាសថាកាត់ហើយ កាត់ទៅ ! ក៏ប៉ុន្តែគាត់មិនកាត់ទេ។ អ្នកដែលងាប់មុនគេ គឺអង្គការក្រៅរដ្ឋាភិបាល។ អ្នកណាដែលធ្វើការឲ្យអង្គការក្រៅរដ្ឋាភិបាល ស៊ីប្រាក់ខែអង្គការក្រៅរដ្ឋាភិបាល អ្នកហ្នឹងងាប់មុនគេ ព្រោះគេមានដែលផ្ដល់មកឲ្យរដ្ឋាភិបាលពីអង្កាល់ ! គេផ្ដល់ឲ្យអង្គការក្រៅរដ្ឋាភិបាលទេតើ ! ដល់ពេលងាប់ អ្នកកំពុងមានការងារធ្វើ ស៊ីប្រាក់ខែរាប់រយ ស៊ីប្រាក់ខែដល់ពាន់។ ទៅ ! ទៅងាប់ ទៅ ! នែ ! កុំមកគំរាមលេងៗណា៎ »។
ខណៈមានការព្រមានបង្កកជំនួយបែបនេះ សង្គមស៊ីវិលធ្វើការងារពាក់ព័ន្ធការបោះឆ្នោត និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ សម្ដែងក្ដីព្រួយបារម្ភថា ដំណើរការកែទម្រង់ការបោះឆ្នោត នឹងរងផលប៉ះពាល់ខ្លាំង ប្រសិនបើសហភាពអឺរ៉ុប កាត់ជំនួយដល់កម្ពុជា មែន។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថាអង្គការនិកហ្វិច (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា ការកាត់ជំនួយពីសហភាពអឺរ៉ុប នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរៀបចំការបោះឆ្នោត និងកំណែទម្រង់ការបោះឆ្នោត។ លោក សំ គន្ធាមី បញ្ជាក់ថា ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអង្គការសង្គមស៊ីវិលធ្វើការងារបោះឆ្នោត នឹងប្រឈមបញ្ហាធ្ងន់ធ្ងរ៖ « ជាពិសេសសង្គមស៊ីវិលយើង។ ឥឡូវនេះយើងកំពុងរង់ចាំការសម្រេចចិត្តរបស់ EU តទៅទៀតលើវិស័យបោះឆ្នោតហ្នឹង។ នឹងជួបការលំបាក បើសិនជារដ្ឋាភិបាលយើងមិនព្រមបន្ទន់ឥរិយាបថ ហើយអត់ឈានទៅរកវប្បធម៌សន្ទនាទេ ដើម្បីធានាបរិយាកាសស្រុកខ្មែរហ្នឹងឲ្យបានស្ងប់ស្ងាត់ មុននឹងដំណើរការបោះឆ្នោត »។
លោក សំ គន្ធាមី លើកឡើងថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ចំពោះការព្រមានកាត់ជំនួយរបស់សហភាពអឺរ៉ុប ដើម្បីបញ្ចៀសផលប៉ះពាល់លើកំណែទម្រង់ការបោះឆ្នោត៖ « រដ្ឋាភិបាលគួរតែទទួលយកអនុសាសន៍របស់ EU យកមកពិចារណាឡើងវិញ មិនគួរគិតខ្លីថា អត់មានជំនួយ EU ក៏អត់មានបញ្ហានោះ គឺមិនសមរម្យទេ។ វាប៉ះពាល់ដល់ដំណើរការបោះឆ្នោតប្រជាធិបតេយ្យនៅស្រុកខ្មែរ »។

បច្ចុប្បន្ន សហភាពអឺរ៉ុប គឺជាម្ចាស់ជំនួយធំបំផុតរបស់ គ.ជ.ប ដោយផ្ដល់ជំនួយជាថវិកា និងអ្នកជំនាញ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា។ លោកបញ្ជាក់ថា នៅឆ្នាំ២០១៦ នេះ សហភាពអឺរ៉ុប បានផ្ដល់ថវិកា ៦,៧លានអឺរ៉ូ (៧,៥លានដុល្លារអាមេរិក) សម្រាប់ទិញឧបករណ៍បម្រើឲ្យការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត ខណៈការងារចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះ ត្រូវចំណាយថវិកាសរុបរហូតដល់ ២៣លានដុល្លារអាមេរិក៖ « ឥឡូវនេះ ខាងសហគមន៍អឺរ៉ុប លោកបានជួយ ៦ , ៧លានអឺរ៉ូ ហើយខាងជប៉ុន លោកជួយ ១លាន ១សែន។ អ៊ីចឹងទើបតែបានជំនួយប៉ុណ្ណឹងទេ ប៉ុន្មានទៀតរាជរដ្ឋាភិបាលលោកនឹងជួយដោះស្រាយ ដើម្បីឲ្យការបោះឆ្នោតនេះមិនមានការរាំងស្ទះទេបាទ »។
ទោះបីជាសហភាពអឺរ៉ុប ឈរនៅលំដាប់ទី១ ក្នុងតួនាទីជាម្ចាស់ជំនួយដល់ គ.ជ.ប ក្ដី ក៏អ្នកនាំពាក្យរូបនេះអះអាងថា ការងាររបស់ គ.ជ.ប នឹងមិនរងផលប៉ះពាល់ពីការបង្កកជំនួយពីសហភាពអឺរ៉ុប ទេ៖ « មិនមានអីប៉ះពាល់ទេណា៎ ! ទីមួយ គឺគាត់បានផ្ដល់មកហើយ ហើយថវិកាហ្នឹងក៏បានធ្លាក់ទៅដល់ដៃអង្គការ UNOP ដែលជាអង្គការដេញថ្លៃ។ ឥឡូវហ្នឹងកំពុងតែដេញថ្លៃសម្ភារៈហើយ។ បញ្ហាផ្សេងទៀត គ . ជ . ប នឹងគិតគូរពីរឿងបច្ចេកទេស។ គ . ជ . ប អត់ទទួលឥទ្ធិពលនៃសភាពការណ៍នយោបាយពីខាងក្រៅមកទេបាទ »។
ចំណែកអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ការបង្កកជំនួយរបស់សហភាពអឺរ៉ុប មករដ្ឋាភិបាលកម្ពុជា អាចនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត ហើយនោះជាអ្វីដែលរដ្ឋាភិបាលចង់បាន ដើម្បីឈ្នះឆ្នោតនៅពេលខាងមុខ៖ « រដ្ឋាភិបាលគាត់មិនចង់ឲ្យល្អឯណា ឲ្យតែនៅស្ថានភាពដដែលហ្នឹង។ បើសិនបង្កក គាត់ធ្វើតាមលុយរដ្ឋ លុយអីអ៊ីចឹងធម្មតា។ អាហ្នឹងហើយដែលសំខាន់។ ទីពីរ បើសិនជាគាត់ខ្វះលុយ គាត់ទៅខ្ចីចិន »។
ទោះបីជាយ៉ាងណាក៏ដោយ លោក កែម ឡី យល់ថា រដ្ឋាភិបាលមិនមែនមិនព្រួយបារម្ភចំពោះការព្រមានរបស់សហភាពអឺរ៉ុប ទាំងស្រុងនោះទេ៖ « គាត់គ្រាន់តែឆ្លើយតបទៅ EU ដោយសេចក្ដីក្លាហាន ដើម្បីកុំឲ្យអាម៉ាស់មុខ កុំឲ្យបាក់មុខតែប៉ុណ្ណឹងទេ ប៉ុន្តែដល់ពេលក្រោយខ្នង គាត់បញ្ចេញសារសម្របសម្រួលនយោបាយតាមរយៈការប៉ះប៉ូវអីផ្សេងៗ។ អ៊ីចឹងអាហ្នឹងហើយជាការឆ្លើយតបនោះផ្ទាល់ថា អូ ! ដោយសារ EU ដាក់សម្ពាធ កាត់ជំនួយហើយ យើងត្រូវតែឈប់អ៊ីចឹងមែនទេ »។
ខាងសហភាពអឺរ៉ុប លើកឡើងថា ចំណែកធំបំផុតនៃជំនួយហិរញ្ញវត្ថុរបស់ខ្លួនដល់កម្ពុជា ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរដ្ឋាភិបាលកម្ពុជា ហើយកញ្ចប់ថវិកា ៤១០លានអឺរ៉ូ (ស្មើនឹងជាង ៤៦០លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ នោះ គឺជាជំនួយតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីនេះឯង ដែលនេះផ្ទុយពីការអះអាងរបស់លោក ហ៊ុន សែន ដែលថា សហភាពអឺរ៉ុប មិនផ្ដល់ជំនួយដល់រដ្ឋាភិបាលរបស់លោកទេ។ ការផ្ដល់ជំនួយដល់ក្រុមអង្គការសង្គមស៊ីវិល ធ្វើឡើងដាច់ដោយឡែកតាមរយៈការប្រកួតប្រជែងក្នុងចំណោមក្រុមអង្គការសង្គមស៊ីវិលទាំងនោះ។ បច្ចុប្បន្ន មានគម្រោងជាង ៧០ នៅទូទាំងប្រទេសកម្ពុជា ដែលប្រើប្រាស់ជំនួយពីសហភាពអឺរ៉ុប មានទឹកប្រាក់សរុបជាង ៦០លានអឺរ៉ូ (ប្រមាណ ៦៧លានដុល្លារអាមេរិក)។
អ្នកវិភាគយល់ថា បើទោះបីជាសហភាពអឺរ៉ុប សម្រេចបង្កកជំនួយនោះមែនក៏ដោយ ក៏សហភាពអឺរ៉ុប អាចនឹងមិនកាត់ជំនួយដល់ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារឃ្លាំមើលការបោះឆ្នោតឡើយ ដើម្បីឲ្យពួកគេអាចបន្តការងារលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
