អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុកសេចក្ដីស្នើច្បាប់បោះឆ្នោតថ្មីដែលរៀបចំដោយគណបក្សនយោបាយមានអាសនៈក្នុងសភា គឺជាច្បាប់ដែលរំលោភលើមូលដ្ឋានសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ។
ការលើកឡើងរបស់អង្គការអន្តរជាតិនេះ គឺស្របពេលដែលរដ្ឋសភាគ្រោងនឹងបើកកិច្ចប្រជុំពិភាក្សាអនុម័តសេចក្ដីស្នើច្បាប់បោះឆ្នោតថ្មី នៅថ្ងៃព្រហស្បតិ៍ ទី១៩ មីនា សប្ដាហ៍នេះ។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវឲ្យគណបក្សនយោបាយទាំងពីរ ត្រូវកែប្រែចំណុចមួយចំនួននៃសេចក្ដីស្នើច្បាប់បោះឆ្នោតថ្មី ដើម្បីធានាថា ច្បាប់នេះមិនបានរំលោភសិទ្ធិមនុស្ស និងងាកចេញពីគោលការណ៍ប្រជាធិបតេយ្យមុនពេលបញ្ជូនទៅឲ្យរដ្ឋសភាពិភាក្សាអនុម័ត។
សេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃទី១៧ ខែមីនា របស់យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់ថា មានចំណុចដែលបញ្ជាក់ថាច្បាប់ថ្មីនេះរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ សមាគម និងការជួបប្រជុំនៅពេលឃោសនាបោះឆ្នោត ក្នុងនោះរួមមាន ការដាក់ទោសទណ្ឌសកម្មជន ឬរំលាយគណបក្សពីបទប្រមាថគណបក្សនយោបាយ ឬអ្នកឈរឈ្មោះ រារាំងអ្នកបោះឆ្នោត និងបង្កើតឲ្យមានការរើសអើង ការបង្រួញរយៈពេលឃោសនាបោះឆ្នោត ការអនុញ្ញាតឲ្យកងកម្លាំងរក្សាសន្តិសុខចូលរួមគណបក្សក្នុងរូបភាពបំភិតបំភ័យ រារាំងគណបក្សនយោបាយមិនឲ្យពហិការប្រឆាំងការបន្លំការបោះឆ្នោត និងភាពមិនប្រក្រតីដទៃទៀត និងបន្តឲ្យ គ.ជ.ប ឋិតក្រោមឥទ្ធិពលនយោបាយ។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែត អាដាម (Brad Adams) លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍នោះថា ស្របពេលមាត្រាដែលរឹតត្បិតសេរីភាពត្រូវគណបក្សប្រជាជនកម្ពុជា ស្នើឡើង គណបក្សសង្គ្រោះជាតិ បែរជាព្រមព្រៀងតាម៖ «ការរឹតបន្តឹងសេរីភាពបញ្ចេញមតិការជួបប្រជុំ និងសមាគម នឹងនាំឲ្យការបោះឆ្នោតលែងជាការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ ច្បាប់នេះផ្តល់លទ្ធភាពឲ្យគណបក្សប្រជាជនកម្ពុជា បន្តប្រវត្តិសាស្ត្រប្រើប្រាស់តុលាការប្រឆាំងអ្នករិះគន់ ហើយក៏ជាច្បាប់ដែលអាចប្រើប្រាស់ប្រឆាំងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការស្ទង់មតិដែលរកឃើញថា បក្សប្រឆាំងនាំមុខក្នុងការបោះឆ្នោត ឬរិះគន់បក្សនយោបាយតាមប្រព័ន្ធផ្សព្វផ្សាយ»។
សេចក្ដីថ្លែងការណ៍ដដែលបានស្នើឲ្យលុបចោលមាត្រា៨៤ ដែលនិយាយដល់ការដាក់ទោសអង្គការមិនមែនរដ្ឋាភិបាលក្នុងការរិះគន់ ធ្វើការស្ទង់មតិ ថ្លែងការណ៍ ឬផ្ដល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយដែលត្រូវចាត់ទុកថាលម្អៀងទៅរកគណបក្សនយោបាយណាមួយ។
ឆ្លើយតបនឹងការលើកឡើងនេះ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការលើកឡើងរបស់ យូមែន រ៉ៃត៍ វ៉ច្ឆ ពុំបានឈរលើមូលដ្ឋានត្រឹមត្រូវ។ លោក សុខ ឥសាន បន្តថា សេចក្ដីស្នើច្បាប់ថ្មីនេះ គឺជាការរៀនសូត្របទពិសោធន៍ក្នុងពេលបោះឆ្នោតអាណត្តិមុនៗ ហើយក៏ពុំមែនជាការបំបិទសិទ្ធិពលរដ្ឋឡើយ៖ «ដើម្បីធ្វើយ៉ាងណា វិធានការយ៉ាងណាទប់ស្កាត់បាតុភាពអសកម្មដែលរំលោភច្បាប់។ ហើយមាត្រាដែលដាក់ពិន័យអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលកម្រិតព្រំដែនសកម្មភាពរបស់គាត់ មិនមែនជារឿងបិទសិទ្ធិទេ»។
ចំណែកមន្ត្រីគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ដែរថា ពិតមែនថាមានចំណុចខ្វះខាត ប៉ុន្តែច្បាប់នេះបានបង្កើត គ.ជ.ប ថ្មី ដែលមានការទទួលខុសត្រូវច្រើនជាងមុន។ លោកថា អនុសាសន៍របស់អង្គការមិនមែនរដ្ឋាភិបាល នឹងត្រូវពិចារណានៅពេលមានកែប្រែណាមួយនៅពេលក្រោយ៖ «ជារួម គឺការផ្តល់សិទ្ធិអំណាចដល់ គ.ជ.ប ច្រើន ដែលគាត់ទទួលគណនេយ្យភាពចំពោះរដ្ឋសភា ហើយតួនាទីទទួលខុសត្រូវភារកិច្ចគាត់មានសិទ្ធិអំណាចច្រើនជាងមុនក្នុងការចាត់ចែងការងារដូចជាក្រុមចុះឈ្មោះ គឺត្រូវបានគាត់ជាអ្នកចាត់តាំង។ ដូច្នេះ កំណែទម្រង់ហ្នឹងយើងឃើញមានភាពវិជ្ជមានច្រើន ថ្វីត្បិតតែមានចំណុចខ្វះខាតខ្លះទៀតត្រូវពិនិត្យ»។
ទាក់ទិននឹងច្បាប់ថ្មីនេះ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហៅថា អឺរ៉ា (ERA) មានអនុសាសន៍សំខាន់ៗចំនួន៤ សុំឲ្យក្រុមការងារគណបក្សទាំងពីរលុបចោលមាត្រា៨៤ និយាយពីការដាក់ទោសអង្គការសង្គមស៊ីវិល សុំឲ្យដកចេញមាត្រា១៦០ ដែលចែងពីការផាកពិន័យអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សុំឲ្យពិនិត្យឡើងវិញមាត្រា៨៣ ដែលអនុញ្ញាតឲ្យមន្ត្រីតុលាការ យោធា មានសិទ្ធិចូលរួមឃោសនាបោះឆ្នោត និងមាត្រា១៦២ ចែងពីបទល្មើសបុគ្គលផ្សារភ្ជាប់ទៅគណបក្សនយោបាយ។
ចំណែកឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លើកឡើងថា ច្បាប់ថ្មីបានរឹតបន្តឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការជួបជុំរបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល។ លោកក៏ជំរុញឲ្យសភាពិចារណាឲ្យបានល្អិតល្អន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
